នាវាមុជទឹក​អគ្គិសនី​ដែល​អាចធ្វើ​ដំណើរ​បាន​ជិត​មួយ​ពាន់​គីឡូម៉ែត្រ

(អេ​មី​រ៉ា​ត​អារ៉ាប់​រួម) – នាវាមុជទឹក​ខ្នាតតូច​ដែលមាន​រូបរាង​ដូច​ទៅនឹង​យន្តហោះ​អវកាស ឬ​យានអវកាស​ក្នុង​ភាពយន្ត មាន​ល្បឿន​លឿន​ជាង​ឆ្ងាយ​ធៀប​នឹង​នាវា​ផ្លាស់​ទី​ក្រោម​ទឹក​នាបច្ចុប្បន្ន។

នាវាមុជទឹក​គំរូ ឈ្មោះ Kronos ធ្លាប់​ត្រូវ​បានដាក់​បង្ហាញ​នៅ​កំពង់​នាវា​ទេសចរណ៍​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ពិព័រណ៍ Abu Dhabi របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) នេះ​បើតាម Popular Science ចុះផ្សាយ​កាលពី​ថ្ងៃទី 06 មីនា។ ដោយមាន​ស្លាប​នៅក្រោម​ផ្ទៃ​ទឹក និង​កាប៊ីន​សម្រាប់​អ្នកបើកបរ​មាន​រាង​ដូច​ដំបូល​មូល Kronos ស្រដៀង​ទៅនឹង​យាន​ហោះ​អវកាស។

Kronos ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Desert Power Design និង Highland System នៅ UAE។ នាវាមុជទឹក​នេះ​សមស្រប​សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​សម្ងាត់​ផ្នែក​យោធា សង្គ្រោះ និង​បច្ចេកទេស​ក្រោម​ទឹក។ យោងតាម​ក្រុមហ៊ុន នាវាមុជទឹក​គំរូ​នេះ​មាន​បណ្ដោយ 9.1 ម៉ែត្រ និង​ទទឹង 7.4 ម៉ែត្រ អាច​បំពាក់​មី​ស៊ី​ល​ក្រោម​ទឹក Black Scorpion ផលិត​ដោយ​អ៊ីតាលី ចំនួន 6 គ្រាប់។ Kronos ត្រូវការ​អ្នកបើកបរ​ម្នាក់ និង​អាច​ដឹក​មនុ​ស្សបាន 10 នាក់។

ដោយមាន​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង​ពេល​បរ​ក្រោម​ទឹក និង 80 គីឡូម៉ែត្រ/ម៉ោង​ពេល​បរ​លើទឹក Kronos អាច​ប្រៀបផ្ទឹម​បាន​ទៅនឹង​នាវាមុជទឹក​នុយ​ក្លេ​អែរ​សម្រាប់​ប្រើប្រាស់​ក្នុងការ​វាយប្រហារ និង​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​នាវា​ដឹកជញ្ជូន​ក្រោម​ទឹក​សម្រាប់​កងកម្លាំង​ពិសេស​នាបច្ចុប្បន្ន។

Kronos ដំណើរការ​ដោយ​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​បរបាន 18 ម៉ោង។ នាវា​នេះ​ក៏មាន​បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដូច្នេះ​អាច​ដំណើរការ​ដោយ​ប្រភព​អគ្គិសនី​ពី​ម៉ា​ស៊ូ​ត និង​អគ្គិសនី​ពី​ថ្ម​ក្នុង​រយៈពេល​ជាង 50 ម៉ោង៕

Advertisement