AI បំប្លែង​សំណេរ​ទៅជា​វីដេអូ​ដោយ​ប្រើពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ

Runway បានបង្ហាញ​ឧបករណ៍ AI មួយ​ដែលមាន​សមត្ថភាព​កែប្រែ​សំណេរ​អត្ថបទ​ឱ្យទៅជា​វីដេអូ​ ដោយ​ស៊ីពេល​យ៉ាងខ្លី​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ។

កាលពី​ថ្ងៃទី 20 មីនា Runway ដែលជា​ក្រុមហ៊ុន AI (បញ្ញា​សិប្បនិម្មិត) មួយ​នៅ​សហរដ្ឋ​អាម៉េរិក បានបង្ហាញ​ឧបករណ៍ Gen-2 អនុញ្ញាតឱ្យ​បង្កើត​វីដេអូ​ពី​រូបថត​ធម្មតា ឬ​ពី​អត្ថបទ​ជា​សំណេរ។ ឧទាហរណ៍ នៅពេល​អ្នកបញ្ចូល​ឃ្លា «ឆ្មា​មួយ​ក្បាល​ដើរ​ក្រោម​ភ្លៀង» AI នឹង​បង្កើត​វីដេអូ​មួយ​មាន​រយៈពេល​បី​វិនាទី​ទាក់ទង​​នឹង​អត្ថន័យ​ក្នុង​​សំណេរ​នេះ។

Runway ចាប់កំណើត​តាំងពី​ឆ្នាំ 2018 គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីឈ្មោះ​មួយ​ស្ដីពី​បញ្ញា​សិប្បនិម្មិត មិន​ចាញ់ OpenAI ប៉ុន្មាន​ឡើយ និង​មាន​បុគ្គលិក​ធ្វើការ​ជាង 40 នាក់។ ក្រុមហ៊ុន​នេះ​កំពុងផ្ដល់​សេវាកម្ម​វ៉ែ​ប​សៃ ដែល​ជួយ​ឱ្យ​អ្នកប្រើប្រាស់​កែលំអ​វីដេអូ​រហ័ស ដូចជា​ការបន្ថែម​បាតុភូត និង​លុប​រូបភាព​ខាងក្រោយ​ជាដើម។

 

កាលពី​ឆ្នាំ 2019 Runway បានបង្ហាញ​កម្មវិធី​កែ​វីដេអូ​ដែលមាន​ឈ្មោះថា Gen-1។ ឧបករណ៍​នេះ​ផ្ដោតទៅលើ​ការកែប្រែ​វីដេអូ ការបញ្ចូល​ទិដ្ឋភាព 3D ជាដើម​ដោយប្រើ​ប្រាស់ AI។ Gen-2 នៅតែ​យោងទៅលើ Gen-1 ប៉ុន្តែ​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើត​វីដេអូ​ពី​អត្ថបទ​សំណេរ រូបថត ឬ​សំណេរ​បូក​រូបថត។ ក៏​ប៉ុន្តែ​ភាពច្បាស់​របស់​វីដេអូ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ AI ទាំងនេះ​មិនទាន់​ល្អ​នៅឡើយ ហើយ​វា​ក៏​មិនទាន់មាន​សំឡេង​ផងដែរ។

អនាគត ឧបករណ៍​នេះ​នឹង​ត្រូវបាន​កែសម្រួល​ដើម្បី​ជួយ​ដល់​ស្ថាបត្យករ វិចិត្រករ និង​ផលិតករ​ភាពយន្ត​ប្រែក្លាយ​គំនិត​ឱ្យទៅជា​វីដេអូ​បាន​លឿន និង​ការចំណាយ​ទាប។

ទោះជា​យ៉ាងណាក៏ដោយ មនុស្ស​មួយចំនួន​មានការ​ព្រួយបារម្ភ​អំពី​ផលវិបាក​ដែល​បង្កើតឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​នេះ ក្នុងនោះ​មានមតិ​ជាច្រើន​យល់ថា Gen-2 អាច​ត្រូវបាន​ក្រុមមនុស្ស​ទុច្ចរិត​ប្រើប្រាស់​ដូច​ទៅនឹង Deepfake ដោយ​ពួកគេ​អាចបង្កើត​វីដេអូ​ក្លែងក្លាយ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​បំណងឆ​បោក​។ល។

បច្ចុប្បន្ន Gen-2 មានការ​កំណត់​សិទ្ធិ​ចូល​ប្រើប្រាស់ ដោយ​តម្រូវឱ្យ​ចុះឈ្មោះ និង​រង់ចាំ។ យោងតាម​ក្រុមហ៊ុន Runway សិទ្ធិ​ចូល​ប្រើប្រាស់​នឹងត្រូវ​បាន​ពង្រីក​​បន្ថែម​នា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ៕

Advertisement