ក្រុមហ៊ុនថ្មីមួយចង់ធ្វើឱ្យឥណ្ឌាទៅជាកន្លែងផលិតរថយន្តអគ្គិសនីធំជាងគេលើលោក

ក្រុមហ៊ុន​មួយ​ដែលមាន​ដើមកំណើត​ពី​ភ្នាក់ងារ​ហៅ​រថយន្ត​តាក់ស៊ី​កំពុង​រៀប​ផែនការ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​ម៉ូតូ​អគ្គិសនី​ ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ឥណ្ឌា។

យោងតាម Bloomberg ក្រុមហ៊ុន Ola Electric Mobility មាន​គម្រោង​សាងសង់ «មជ្ឈមណ្ឌល​រថយន្ត​អគ្គិសនី​ធំ​បំផុត​លើ​លោក» ដោយមាន​ទុនវិនិយោគ 76.1 ពាន់​លាន​រូពី (ប្រហែល 918.3 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

ក្នុង​ប្រកាសកាល​ពី​ពេល​ថ្មីៗ​នេះ Ola ឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​នឹងមាន​ទំហំ​ប្រហែល 809 ហិកតា នៅក្នុង​រដ្ឋ Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។ នេះ​នឹង​ក្លាយជា​កន្លែង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី និង​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​យាន​យន្ត​​អគ្គិសនី។ ក្រៅពីនេះ មជ្ឈមណ្ឌល​ខាងលើ​ក៏​នឹងមាន​ឧទ្យាន និង​ផ្ទះ​សម្រាប់​កម្មករ​ស្នាក់នៅ​ផងដែរ។ ក្រុមហ៊ុន​ឥណ្ឌា​នេះ​គ្រោង​នឹង​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ចាប់ពី​ចុងឆ្នាំ​នេះ។

ក្រៅពី​ Ola នៅ​មាន​ក្រុមហ៊ុន Reliance Industries របស់​មហាសេដ្ឋី Mukesh Ambani និង​ក្រុមហ៊ុន Rajesh Exports ជា​ដើម​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​ទៅតាម​កម្មវិធី​ដែលមាន​តម្លៃ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌា ដើម្បី​អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​ទំនើប។

កាលពី​ឆ្នាំមុន Ola បានឱ្យដឹងថា ថ្ម​ប្រភេទ​លី​ចូ​ម (Lithium-ion) ដំបូង​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​មជ្ឈមណ្ឌល​ផលិត​ថ្ម​របស់ខ្លួន​នៅ Bengaluru ជាទី​ដែល​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ 500 លាន​ដុល្លារ។

លោក Bhavish Aggarwal ដែលជា​ស្ថាបនិក​ក្រុមហ៊ុន Ola បាន​បង្ហើប​ឱ្យដឹងពី​គម្រោង​ចូលរួម​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​កាលពីដើម​សប្ដាហ៍​នេះ ដើម្បី​ប្រកួតប្រជែង​ជាមួយ Tata Group និង Hyundai Motor ឬ Tesla ជាដើម។

អ្នកជំនួញ​វ័យ 36 ឆ្នាំ​ខាងលើ​ថ្លែងថា Ola កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី​ដំបូង​នៅ​រដូវក្ដៅ​ឆ្នាំក្រោយ និង​មានតម្លៃ​ក្រោម 50,000 ដុល្លារ​អាម៉េរិក/គ្រឿង៕

Advertisement