អ៊ី​ន​ធើ​ណិ​ត​ផ្កាយរណប​របស់ Elon Musk ពង្រីក​សេវា​ទូទាំង​សកលលោក

ឧបករណ៍​ទទួល​រលក​សញ្ញា​អ៊ីនធើណិត​ Starlink Kit របស់ SpaceX

សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ថ្មី​ Starlink អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​ភ្ជាប់​ជាមួយនឹង​ផ្កាយរណប​នៅ​ស្ទើរតែ​គ្រប់​តំបន់​លើ​ពិភពលោក ដោយ​លក់​ក្នុងតម្លៃ 200 ដុល្លារ​អាម៉េរិក/ខែ។

កាលពី​ថ្ងៃទី 20 កុម្ភៈ ក្រុមហ៊ុន SpaceX បានឱ្យដឹងថា ខ្លួន​បានចាប់ផ្ដើម​ផ្គត់ផ្គង់​សាកល្បង​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ក្នុង​បណ្ដា​តំបន់​ដែល Starlink មិនទាន់​ទៅដល់។ ក្រៅពី​កញ្ចប់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​តម្លៃ 200 ដុល្លារ/ខែ អ្នកប្រើប្រាស់​ក៏ត្រូវ​ទិញ​ឧបករណ៍​ទទួល​សញ្ញា​អ៊ី​ន​ធើ​ណិ​ត Starlink Kit ដែលមាន​តម្លៃ 599 ដុល្លារ​អាម៉េរិក។

យោងតាម PCMag ក្រុមហ៊ុន SpaceX បានចាប់ផ្ដើម​ផ្ញើ​អ៊ីម៉េល​ទៅកាន់​អតិថិជន​គោលដៅ​ដើម្បី​អញ្ជើញ​ឱ្យ ប្រើ​ប្រាស់​សាកល្បង​សេវា​អ៊ី​ន​ធើ​ណិ​ត​ថ្មី​របស់​ពួកគេ។ ប៉ុន្តែ​បើ​យោងតាម The Verge ក្រុមហ៊ុន​របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk មិនទាន់​អធិប្បាយ​លំអិត​អំពី​អ្វីដែល​ពួកគេ​នឹងធ្វើ​នៅពេល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​នៅ​ទូទាំង​ពិភពលោក​​នៅឡើយ។ ចំណែក​ផ្កាយរណប​ជាច្រើន​គ្រឿង​របស់ SpaceX ក៏​កំពុង​រង់ចាំ​ទទួល​លិខិតអនុញ្ញាត​ដើម្បី​ផ្គត់ផ្គង់​សេវាកម្ម​នេះ​នៅក្នុង​ទីផ្សារផ្សេងៗ មានដូចជា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម។

SpaceX ក៏បាន​ឱ្យដឹងថា អ្នកប្រើប្រាស់​អាច​នឹងត្រូវ​បង់ពន្ធ ថ្លៃ​នាំចូល​ឧបករណ៍ Starlink Kit បន្ថែម​ពីលើ​ថ្លៃ​សេវា​អ៊ី​ន​ធើ​ណិ​ត និង​ថ្លៃ​ឧបករណ៍ Starlink Kit នេះ​ផងដែរ។

SpaceX កំពុង​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត​ជម្រើស​ប្ដូរ​តំបន់​ជាមួយនឹង​តម្លៃ​ទាប​ជាង នោះ​គឺ Starlink RV ក្នុងនោះ​អ្នកប្រើប្រាស់​ត្រូវ​ចំណាយ​បន្ថែម 25 ដុល្លារ ក្រៅពី​កញ្ចប់​ថេរ 110 ដុល្លារ/ខែ។ ក៏ប៉ុន្តែ កញ្ចប់​តម្លៃ​ទាប​នេះ​អនុញ្ញាតឱ្យ​ប្រើប្រាស់​តែ​នៅក្នុង​ប្រទេស​ដែល​អតិថិជន​កំពុង​រស់នៅ​ប៉ុណ្ណោះ។ ចំណែក​កញ្ចប់​ប្ដូរ​តំបន់​ទូទាំង​ពិភពលោក​គឺ​សម្រាប់​អ្នក​ដែល​ផ្លាស់​ទី​​ឆ្លង​ប្រទេស​ជា​ញឹកញាប់​ក្នុង​រយៈពេល​យូរ។

https://www.youtube.com/watch?v=qs2QcycggWU&t=341s

ដំណើរ​ការ​របស់​ប្រព័ន្ធ​អ៊ីនធើណិត Starlink របស់ SpaceX

សម្រាប់​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មានដូចជា ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ម៉ាឡេស៊ី និង​ព្រុយ​ណេ ជាដើម SpaceX គ្រោង​នឹង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ចាប់ពី​ឆ្នាំ 2023 នេះ។

យោងតាម​គោលការណ៍​ប្រទេស​មួយចំនួន បើសិន SpaceX ចង់​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​ណាមួយ ពួកគេ​នឹង​ត្រូវមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ផ្ដល់​សេវា​ទូរគមនាគមន៍​ក្នុងប្រទេស​នោះ​ជា​មុន រួម​នឹង​គោលការណ៍​មួយចំនួន​ផ្សេងទៀត។

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ 2022 SpaceX មាន​ផ្កាយរណប Starlink ប្រហែល 3,500 គ្រឿង​កំពុងដំណើរការ​នៅលើ​គន្លង​គោចរផែនដី និង​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តដល់​អ្នកប្រើប្រាស់​ប្រហែល 500,000 នាក់​នៅក្នុង 37 ប្រទេស​លើ​ពិភពលោក៕

Advertisement