ក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋីអាមេរិក លក់ដេញថ្លៃសំបុត្រ សម្រាប់ដំណើរទេសចរណ៍ទៅកាន់មេឃា

អតិថិជន​ដំបូង​ដែល​ឡើងទៅ​ទេសចរណ៍​នៅ​ទី​អវកាស ដោយ​ធ្វើដំណើរ​លើ​យាន​របស់​ក្រុមហ៊ុន Blue Origin នឹងត្រូវ​ចំណាយ​ប្រាក់​មិន​ទាប​ជាង 2.6លាន​ដុល្លារ​អាមេរិក ដែល​នេះ​គឺជា​លទ្ធផល​នៃ​ការលក់​ដេញថ្លៃ​សំបុត្រ​ថ្មី​បំផុត។

ក្រុមហ៊ុន​អវកាស​ឯកជន Blue Origin របស់​កំពូល​មហាសេដ្ឋី Jeff Bezos កំពុង​លក់​ដេញថ្លៃ​សំបុត្រ​ទេសចរណ៍​អវកាស​មួយ​សន្លឹក ក្នុងចំណោម​សំបុត្រ​ចំនួន 6សន្លឹក សម្រាប់​ដំណើរ​ទេសចរណ៍​ដំបូង​ទៅកាន់​ទី​អវកាស ដោយ​ប្រើ​ប្រព័ន្ធ​យាន New Shepard ដែល​គ្រោង​នឹង​ហោះហើរ​នៅ​ថ្ងៃទី20 ខែកក្កដា ឆ្នាំ2021។ ការលក់​ដេញថ្លៃ​សម្ងាត់ ក្រោមរូបភាព​អន​ឡាញ បានចាប់ផ្ដើម​ពីថ្ងៃ​ទី5 ខែឧសភា ហើយ​ទើបតែ​បាន​ងាក​មក​ដេញថ្លៃ​ជា​សាធារណៈ កាលពី​ថ្ងៃទី19 ខែឧសភា​កន្លងទៅ។

យោងតាម​ព័ត៌មាន​នៅលើ​ទំព័រ​របស់ Blue Origin អតិថិជន​ម្នាក់ ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ 2.6លាន​ដុល្លារ​អាមេរិក សម្រាប់​ទិញ​សំបុត្រ​មួយ​សន្លឹក។ តម្លៃ​នេះ​អាច​កើនឡើង​ខ្ពស់ជាង​នេះ នៅពេល​ដំណាក់កាល​នៃ​ការដេញថ្លៃ​ជា​សាធារណៈ នឹងត្រូវ​អូស​បន្លាយពេល​រហូតដល់​ថ្ងៃទី10 ខែមិថុនា។ ព្រឹត្តិការណ៍​នេះ នឹងត្រូវ​បញ្ចប់​ដោយ​ការដេញថ្លៃ​ផ្ទាល់មាត់ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី12 ខែមិថុនា ឆ្នាំ2021។

កំពូល​មហាសេដ្ឋី​អាមេរិក Jeff Bezos បានឱ្យដឹងថា ប្រាក់​ទាំងអស់​ដែល​បានមកពី​ការលក់​ដេញថ្លៃ​នេះ នឹងត្រូវ​បរិច្ចាគ​ទៅឱ្យ​មូលនិធិ «ក្លឹប​ដើម្បី​អនាគត» របស់​ក្រុមហ៊ុន Blue Origin ដើម្បី​បំផុសគំនិត​ដល់​មនុស្ស​ជំនាន់​ក្រោយ ឱ្យ​ដេញតាម​អាជីព​នៅក្នុង​វិស័យ STEM (វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, បច្ចេកទេស និង​គណិតសាស្ត្រ)។

ប្រព័ន្ធ New Shepard រួមមាន រ៉ុក្កែត​មួយ​ដើម និង​យានអវកាស​មួយគ្រឿង ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ទាំងស្រុង។ រ៉ុក្កែត ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ចុះចត​លើ​ផ្ទៃផែនដី​ដោយ​ប្រើ​ម៉ាស៊ីន ខណៈដែល​យានអវកាស​នឹង​ចុះចត​យ៉ាងយឺតៗដោយ​ប្រើប្រាស់​ឆត្រយោង។ មកដល់​បច្ចុប្បន្ន New Shepard បាន​ហោះហើរ​ក្រោម​គន្លង​តារាវិថី​ដោយ​គ្មាន​មនុស្ស​បើក ប្រកបដោយ​ជោគជ័យ​ចំនួន 15លើក​មកហើយ ក្នុងនោះ លើកចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី14 ខែមេសា ឆ្នាំ2021។

ក្រុមហ៊ុន Blue Origin មិនទាន់​ប្រកាស​ឱ្យដឹងពី​តម្លៃ​សំបុត្រ​ធម្មតា សម្រាប់​ដំណើរ​ទេសចរណ៍​ទៅកាន់​ទី​អវកាស​របស់​ពួកគេ​នៅឡើយ ប៉ុន្តែ ប្រាកដ​ណាស់ វា​នឹងមាន​តម្លៃ​ទាប​ជាង​ច្រើន បើ​ធៀប​នឹង​តម្លៃ​ដែល​ត្រូវ​ដាក់លក់​ដេញថ្លៃ។

គូប្រជែង​សំខាន់​របស់ Blue Origin គឺ​ក្រុមហ៊ុន Virgin Galactic ថ្មីៗនេះ​ក៏បាន​ប្រកាស​ឱ្យដឹង​អំពី​តម្លៃ​សំបុត្រ​យាន សម្រាប់​ហោះ​ទៅ​ទេសចរណ៍​នៅ​ទី​អវកាស​ផងដែរ។ Virgin Galactic នឹង​ប្រើប្រាស់​យានអវកាស SpaceShipTwo ហើយ​តម្លៃ​សម្រាប់​សំបុត្រ​មួយ​សន្លឹក គឺ​ស្មើនឹង 250,000ដុល្លារ​អាមេរិក៕

ប្រភព៖ Space
ប្រែ​សម្រួល៖ បុត្រា

Advertisement