កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញចំណី​សត្វ​​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ វៀតណាម

យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយវៀតណាម ការ​នាំ​ចេញ​ចំណី​សត្វនៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ​របស់​ប្រទេស​នេះ​ សម្រេច​បាន​ជាង 1.11 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ កម្ពុជា​ គឺជា​ទីផ្សារ​នាំ​ចេញធំលំដាប់​ទីពីរ​របស់​ វៀតណាម​។

ក្នុងខែ​វិច្ឆិកា 2023 ការ​នាំចេញ​ចំណី​សត្វរបស់​វៀតណាម ទៅ​កាន់​ប្រទេស​​ចិន ដែល​ជា​ទីផ្សារ​នាំ​ចេញ​ចំណី​សត្វ​ធំជាង​គេ​បង្អស់របស់​ វៀតណាម បាន​ថយ​ចុះ 28% ធៀប​នឹង​ខែ​តុលា ឆ្នាំ 2023​ ប៉ុន្តែ​កើន 12% បើ​ធៀប​នឹង​ខែ​វិច្ឆិកា 2022​ ដោយ​សម្រេច​បាន​ជាង 43.47 លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ការ​នាំ​ចេញ​​ចំណីសត្វ​​របស់​ វៀតណាម ទៅ​កាន់​ទីផ្សារ​មួយ​នេះ​​​​​​​​​​​ សម្រេច​បាន 539.75 លាន​ដុល្លារ​ កើន​ជាង 32% បើធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ និង​រួម​ចំណែកជាង 48% នៅ​ក្នុង​ការ​នាំចេញ​ចំណី​សត្វ​សរុប​របស់​ វៀតណាម​។

ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំនេះ ​ការ​នាំ​ចេញ​ទំនិញ​នេះ​មក​កាន់​ ​កម្ពុជា ដែល​ជា​ទីផ្សារ​នាំចេញ​ចំណី​សត្វ​ធំជាង​គេ​លំដាប់​ទីពីរ​របស់ វៀតណាម ​សម្រេច​បាន​ជាង 155 លាន​ដុល្លារ​ ដោយ​កើន 0.9% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង និង​រួម​ចំណែក 14% ក្នុង​ការ​នាំ​ចេញ​ចំណី​សត្វ​សរុប​របស់​ វៀតណាម​។

ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​លំដាប់​ទីបីរបស់ វៀតណាម សម្រាប់​មុខ​ទំនិញ​នេះ​គឺ ម៉ាឡេស៊ី​ ដោយ​សម្រេច​បាន​ជាង 108 លាន​ដុល្លារ​អាម៉េរិក ​កើន​ជាង 30% បើធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​៕

Advertisement