2024 BX1 ដែលទើបតែបានធ្លាក់មកបុកនឹងផែនដីកាលពីថ្ងៃទី 21 មករា គឺជាអាចម៍ផ្កាយដែលធ្វើដំណើរក្នុងល្បឿនលឿនជាងវត្ថុអវកាសទាំងឡាយដែលស្ថិតនៅក្បែរផែនដី។
អាចម៍ផ្កាយ 2024 BX1 ប្រែក្លាយជាដុំភ្លើង និងផ្ទុះនៅលើអាកាសនៃទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី 21 មករា 2024។ បើទោះជាអាចម៍ផ្កាយតូចៗដែលធ្លាក់មកបុកនឹងផែនដី តែងតែត្រូវបានឃើញនៅពេលពួកវាហោះចូលមកដល់បរិយាកាសផែនដី ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញអាចម៍ផ្កាយ 2024 BX1 ប្រហែលបីម៉ោង មុនពេលវាបុកនឹងផ្ទៃផែនដី។
ទំព័រ Live Science ចុះផ្សាយកាលពីថ្ងៃទី 2ឧសភា ឱ្យដឹងថា ខាងលើនេះមិនមែនជាចំនុចពិសេសដែលនាំឱ្យ អាចម៍ផ្កាយ 2024 BX1 ប្រែជាពិសេសជាងគេនោះទេ។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីមួយដែលទើបតរូវបានចុះផ្សាយលើទស្សនាវដ្ដីទិន្នន័យ arXiv អាចម៍ផ្កាយនេះផ្លាស់ទីក្នុងល្បឿន 5ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ហើយរៀងរាល់ជាង 2វិនាទីកន្លះ វាវិលមួយជុំខ្លួនវា។ នេះគឺជាល្បឿនរង្វិលខ្ញាល់ដែលលឿនបំផុតមិនធ្លាប់ត្រូវបានដឹងនៅលើអាចម៍ផ្កាយក្បែរផែនដី។
មុននោះ កំណត់ត្រាបែបនេះគឺបានទៅលើ 2020 HS7 ដោយសារតែរង្វិលខ្ញាល់មួយជុំរបស់វា ស៊ីពេលតែ 2.99 វិនាទី។ អាចម៍ផ្កាយនេះមានអង្កត់ផ្ចិតប្រវែងពី 4 ទៅ 8ម៉ែត្រ ធំជាងបន្តិចបើធៀបនឹងអាចម៍ផ្កាយ 2024 BX1។
មានមូលហេតុជាច្រើនដែលនាំឱ្យអាចម៍ផ្កាយវិលខ្ញាល់ ឧទាហរណ៍ វាត្រូវបានរុញត្រលប់ទៅកាន់អវកាសបន្ទាប់ពីបានប៉ះទង្គិចនឹងអាចម៍ផ្កាយដទៃ។ ព្រោះតែតូចជាង ទើបអាចម៍ផ្កាយតូចៗតែងតែមានរង្វិលខ្ញាល់លឿនជាងអាចម៍ផ្កាយធំៗ។
អ្នកវិទ្យាសាស្ត្របានអភិវឌ្ឍបច្ចេកទេសថ្មីដែលអាចជួយសង្កេតដឹងអំពីល្បឿននៃរង្វិលខ្ញាល់របស់បណ្ដាអាចម៍ផ្កាយ ដោយយោងទៅលើរូបភាព។ ការប្រែប្រួលកម្រិតពន្លឺក្នុងពេលគោចរ គឺជាបង្ហាញអំពីចំនួនជុំនៃរង្វិលខ្ញាល់របស់អាចម៍ផ្កាយ។
ក្រុមស្រាវជ្រាវបានវាស់ប្រវែងនៃគម្លាតរវាងចំនុចភ្លឺខ្លាំង រួចធ្វើការសន្និដ្ឋានថា ថេរវេលាវិលមួយជុំខ្លួនឯងរបស់អាចម៍ផ្កាយ 2024 BX1 គឺ 2.588 វិនាទី ពោលគឺប្រហាក់ប្រហែលនឹង 33ពាន់ជុំក្នុងមួយថ្ងៃ។
ការក្ដាប់បាននូវល្បឿនល្បឿននៃរង្វិលខ្ញាល់របស់បណ្ដាអាចម៍ផ្កាយដែលស្ថិតនៅក្បែរផែនដី នឹងជួយកាត់បន្ថយហានិភ័យដែលពួកវាអាចបង្កឡើងមកលើមនុស្ស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅលើផែនដី៕