Facebook លក់​សញ្ញា​ធិ​ក​ពណ៌​ខៀវ តម្លៃ​ចាប់ពី 12 ដុល្លារ​ឡើងទៅ

សេវាកម្ម Meta Verified អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់ Facebook ទិញ​សញ្ញា​ធិ​ក​ពណ៌​ខៀវ​ដើម្បី​បញ្ជាក់​អំពី​គណនី​ជា​កម្មសិទ្ធិ​ពិតប្រាកដ ដូច​ទៅនឹង Twitter Blue របស់ Elon Musk។

កាលពី​ថ្ងៃទី 19 កុម្ភៈ Mark Zuckerberg ដែលជា CEO របស់ Meta (ក្រុម​ហ៊ុន​មេ​របស់ Facebook) បានប្រកាសថា ក្រុមហ៊ុន​នឹង​លក់​សញ្ញា​ធិ​ក​ពណ៌​ខៀវ​នៅលើ Facebook និង Instagram។ សេវាកម្ម​ថ្មី​នេះ​នឹងមាន​ឈ្មោះថា Meta Verified និង​មានតម្លៃ 11.99 ដុល្លារ​អាម៉េរិក/ខែ បើសិន​ចុះឈ្មោះ​លើ​គេហទំព័រ។ ប៉ុន្តែ បើ​ចុះឈ្មោះ​តាមរយៈ​កម្មវិធី Facebook ឬ Instagram លើ​ឧបករណ៍ iOS អ្នកប្រើប្រាស់​នឹងត្រូវ​ចំ​ណាយ 14.99 ដុល្លារ/ខែ។

Meta Verified នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ដំបូង​គេ​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ក្នុង​សប្ដាហ៍​នេះ ហើយ​ក្រោយមក​នឹង​បន្ត​លក់​នៅក្នុង​ប្រទេស​ដទៃ។ ដើម្បី​បញ្ជាក់ថា គណនី​ណាមួយ​ជា​របស់ខ្លួន អ្នកប្រើប្រាស់​ត្រូវ​បង្ហាញ​លិខិត​មួយចំនួន​មានដូចជា លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬ​បណ្ណ​បើកបរ​ជាដើម។

Advertisement