គំរូ​នាវា​ទេសចរណ៍​ប្រណិត​ខ្នាត​យក្ស បំពាក់​ផ្ទាំង​សូ​ឡា​ពេញ​ខ្លួន

ក្រុម​អ្នក​រចនា​បាន​បង្ហើប​ឱ្យដឹង​អំពី​គំនិត​ស្ដីពី នាវា​ទេ​ចរណ៍​មួយគ្រឿង​មានឈ្មោះ​ថា Solar Express ដែល​ត្រូវបាន​បំពាក់​ផ្ទាំង​សូ​ឡា​ពេញ​ខ្លួន។

យោងតាម​ការប្រកាសរ​បស់​អ្នក​រចនា Anthony Glasson នៅឯ studio M៥១ ក្នុង ទីក្រុង​ហុងកុង គំនិត​ស្ដីពី Solar Express ត្រូវបាន​លើក​បង្ហាញ​ទៅតាម​អារម្មណ៍​ដែល​កើតចេញពី​បណ្ដា​នាវា​ដំណើរការ​ដោយ​ចំហាយ​ទឹក បង្ហាញខ្លួន​នៅក្នុង​ខ្សែភាពយន្ត The Polar Express ឆ្នាំ ២០០៤។ បន្ថែម​ពីលើ​នោះ ផ្នែក​ខាងមុខ​នាវា​ត្រូវបាន​បន្ថែម​ច្រមុះ​យ៉ាង​ស្រួច​ដែល​ដូច​ទៅនឹង​ប្រភេទ​សត្វ​ស្នែង​មួយ។

នាវា​អនាគត​នេះ​នឹងមាន​ប្រវែង ១៣០ ម៉ែត្រ មាន​អាង​ហែល​ទឹក​បណ្ដោយ ១០ ម៉ែត្រ, ទីតាំង​ហូបចុក​លើដំបូល និង​បន្ទប់​នានា​ដែល​មើលឃើញ​មហាសមុទ្រ។

ប្រការ​ដែល​ធ្វើឱ្យ Solar Express មាន​លក្ខណៈពិសេស​ជាងគេ នោះ​គឺ​ដងខ្លួន​របស់​វា​ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្ទាំង​សូ​ឡា​ជាច្រើន​ដែលមាន​ផ្ទៃក្រឡា​ជាង ១៦,០០០ ម៉ែត្រ។

Solar Express គឺជា​ការខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅកាន់​អនាគត​បៃតង​ជាង​បច្ចុប្បន្ន សម្រាប់​នាវា​ទេសចរណ៍​ខ្នាត​យក្ស នេះ​បើតាម Glasson។ Solar Express មិនមែន​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី​ដែល​បានមកពី​ផ្ទាំង​សូ​ឡា​នោះទេ ប៉ុន្តែ វា​ក៏​នឹង​ត្រូវបាន​បំពាក់​ម៉ាស៊ីន hybrid, ម៉ាស៊ីនភ្លើង។ល។

នាវា​ទេសចរណ៍​នេះ​នឹងមាន​ទម្ងន់​យ៉ាង​ស្រាល ដោយសារ​ធ្វើ​អំពី​អា​លុយ​មី​ញូ​ម​ប្រភេទ​ស្រាល អនុញ្ញាតឱ្យ​វា​សំច័យ​ថាមពល​បាន​ច្រើន បើ​ទោះ M៥១ មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​តួលេខ​ដែល​ទាក់ទង​នឹង​ល្បឿន ឬ​រង្វង់​ប្រតិបត្តិការ៕

Advertisement