ទូរស័ព្ទ Nokia 3 និង Nokia 5 ប្រើប្រព័ន្ធ Android ចេញលក់ព្រឹកនេះហើយ

បន្ទាប់ចេញលក់ទូរស័ព្ទ Nokia 3310 កាលពីចុងខែមុន ជាមួយនឹងការគាំទ្រយ៉ាងច្រើនសន្ទឹករួចមក ទូរស័ព្ទ Nokia ប្រើប្រាស់ប្រព័ន្ធ Android ចំនួន 2 ស៊េរីទៀតត្រូវបានក្រុមហ៊ុនដាក់លក់ហើយក្នុងទីផ្សារកម្ពុជា នៅព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ2017 នេះ។

តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជាបានឱ្យដឹងថា ទូរស័ព្ទ Nokia 3 និង Nokia 5 បានចេញលក់ហើយនៅព្រឹកថ្ងៃនេះ។ ទូរស័ព្ទ Nokia 5 មានទំហំអេក្រង់ 5.2 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត HD ឬ 720p។ បំពាក់មកជាមួយនូវឈីប CPU របស់ Qualcomm លេខ Snapdragon 430 SoC អមមកជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 MP ដំណើរការដោយ Android ជំនាន់ចុងក្រោយគេ Nougat និងមានតម្លៃ 193 ដុល្លារ។

ដោយឡែកទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ីញ ប្រភេទ HD ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានកាមេរ៉ាមុខ-ក្រោយ ទំហំ 8MP ដាក់លក់ក្នុងតម្លៃ 143 ដុល្លារ។ អតិថិជនទាំងអស់គ្នាអាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ៕

Advertisement