អាម៉េរិក​​សាកល្បង​យន្តហោះ​ដែលមាន​ស្លាប​វែង​ជាង​ទីលាន​បាល់ទាត់

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ធំជាងគេ​លើ​ពិភពលោក Roc របស់​ក្រុមហ៊ុន Stratolaunch បំបែក​កំណត់ត្រា​ថ្មី​ក្នុង​ជើងហោះហើរ​សាកល្បង​លើក​ទី​ពីរ​ដោយ​នាំយក​យាន​ល្បឿន​លឿន​ជាង​សំឡេងទៅ​ជា​មួយ​។

Roc បាន​ហោះ​ឡើង​ពី​ព្រលាន​អវកាស​ចរណ៍ Mofave នៅ California ខាងកើត និង​ចុះចត​នៅ​កន្លែង​ដដែល​បន្ទាប់ពី​ហោះហើរ​បាន 6 ម៉ោង កាលពី​ថ្ងៃទី 14 មករា ម៉ោង​នៅ​កម្ពុជា។ តំណាង​ក្រុមហ៊ុន Stratolaunch ឱ្យដឹងថា យន្តហោះ​នេះ​បាន​ហោះ​ឡើងដល់​កម្ពស់ 6,860 ម៉ែត្រ។

ក្រៅពី​ការ​ក្លាយជា​ជើងហោះហើរ​យូរ​ជាងគេ​បំផុត​របស់ Roc ការសាកល្បង​ហោះហើរ​នេះ​ក៏​ជា​លើកដំបូង​ដែល​យន្តហោះ​នេះ​ផ្សងគ្រោះថ្នាក់​ហោះ​ចេញទៅ​ខាងក្រៅ​សមុទ្រ​ខ្សាច់ Mojave ផងដែរ នេះ​បើតាម Stratolaunch។

មកដល់​បច្ចុប្បន្ន Roc ​ហោះហើរ​បាន 9 ជើង​រួចហើយ ប៉ុន្តែ​នេះ​ទើបតែ​ជា​លើក​ទី​ពីរ​ដែល​យន្តហោះ​នេះ​បាន​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 5 ដង Talon-A។ ជើងហោះហើរ​សាកល្បង​ដំបូង​របស់ Roc ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ 2021 ដែល​កាលណោះ​វា​ហោះ​ក្នុង​រយៈពេល 5 ម៉ោង និង​កម្ពស់ 7,000 ម៉ែត្រ។

ការសាកល្បង​របស់ Talon-A កំពុង​ក្លាយជា​គ្រឹះ​សម្រាប់​ការបាញ់​បង្ហោះ​យាន​ល្បឿន​លឿន​ជាង​សំឡេង​ពីលើ​អាកាស​របស់ Stratolaunch ដែល​គ្រោង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​នេះ។

Stratolaunch ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2011 ដោយ​សហ​ស្ថាបនិក​របស់ Microsoft លោក Paul Allen ដើម្បី​បាញ់​បង្ហោះ​យាន​ពី​អាកាស​ទៅកាន់​អវកាស។ ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​យាន Talon គំរូ​ជាច្រើន​ដើម្បី​សាកល្បង​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​រហូតដល់​កម្រិត Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។

Talon-A មាន​បណ្ដោយ 8.5 ម៉ែត្រ និង​ទម្ងន់ 2,700 គីឡូក្រាម អាច​ហោះ​ឡើង​ពី​ព្រលានយន្តហោះ ឬ​បាញ់​បង្ហោះ​ពី​អាកាស​តាមរយៈ​យន្តហោះ​ដឹកជញ្ជូន Roc។ Roc គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដោយមាន​ស្លាប​ប្រវែង​ឡើងដល់ 117 ម៉ែត្រ វែង​ជាង​ទីលាន​បាល់ទាត់​ទៅទៀត៕

រូបរាង​របស់ Talon-A
Advertisement