តាក់ស៊ី​ហោះ​លើទឹក​ដំណើរ​ការ​ដោយ​អគ្គិសនី ចាប់ផ្ដើម​ដឹក​ភ្ញៀវជា​ផ្លូវការ​

តាក់ស៊ី​ហោះ​លើទឹក​ដែល​ដំណើរការ​ដោយ​អគ្គិសនី មាន​កៅអី​ចំនួន​ប្រាំ បំពាក់​ស្លាប​ក្រោម​ទឹក​របស់ SeaBubbles ចាប់ផ្ដើម​ដំណើរ​ការដឹក​ភ្ញៀវ​នៅឯ​បឹង Annecy ប្រទេស​បារាំង។

Bubble គឺជា​ទូក​បំពាក់​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​ដែល​ទទួលបាន​សិទ្ធិ​ដឹកជញ្ជូន​ភ្ញៀវ​នៅ​ប្រទេស​បារាំង។ Bubble បានបង្ហាញ​ខ្លួន​កាលពី​ឆ្នាំ 2017 ក្នុង​ទម្រង់​តាក់ស៊ី​ហោះ​មាន​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី ដែល​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​នៅ​ទីក្រុង​ប៉ារីស និង​ដឹក​ភ្ញៀវ​សាកល្បង​នៅ​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន​បានចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ក្នុង​ទម្រង់​ពាណិជ្ជកម្ម។ នេះ​បើតាម Design Boom។

តាក់ស៊ី​ហោះ​លើទឹក​អគ្គិសនី​នេះ ​ទទួលភ្ញៀវ​ដំបូង​នៅឯ​កំពង់ផែ​ក្នុង​តំបន់ Veyrier-du-Lac និង​ធ្វើដំណើរ​ទៅកាន់ Annecy les Marquisats ចាប់ពី​ដើមខែ​កក្កដា 2023។ ចាប់ពី​ថ្ងៃទី 01 កក្កដា ដល់ 31 សីហា 2023 សមាគម Grand Annecy និង SeaBubbles Mobility Solutions ​សហការគ្នា​ដំណើរការ​ទូក​អគ្គិសនី​នេះ​ដូច​ទៅនឹង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នៅក្នុង​ទីក្រុង។

ទូក​ហោះ​លើទឹក​ Bubbles ​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនបាន 100 តោន នៅលើ​បឹង Annecy ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវ​ក្បែរ​មាត់បឹង​នេះ​​ផងដែរ។

SeaBubbles មិនបាន​បង្ហើប​ឱ្យដឹង​ច្រើន​អំពី​ទូក​ហោះ​នេះ ប៉ុន្តែ​គេ​ដឹងថា វា​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 22 គីឡូម៉ែត្រ/ម៉ោង។ ដោយសារតែ​ប្រើប្រាស់​ស្លាប​ក្រោម​ទឹក ទូក​អគ្គិសនី​នេះ​ដែលមាន​ទំហំ 5 x 2.5 ម៉ែត្រ​នេះ កាត់បន្ថយ​កម្លាំង​កកិត​នឹង​ផ្ទៃ​ទឹកបាន​យ៉ាងច្រើន និង​មាន​ល្បើ​ន​លឿន​ ព្រម​ទាំង​មាន​សំឡេង​ស្ងាត់​​ផងដែរ​។

បន្ទាប់ពី​បានបង្ហាញ Bubbles ក្រុមហ៊ុន SeaBubbles កំពុងតែ​អភិវឌ្ឍ SmartBubbles ដែលជា​កំណែ​ធំ​ជាង​មុន អាចដាក់​មនុស្ស​បាន​ពី 8 ទៅ 12 នាក់។ កំណែ​ទី​ពីរ​ដែល​អាច​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ​ចំណាយពេល​តែ 4 នាទីនេះ​ ក៏​កំពុង​ត្រូវបាន​ធ្វើតេស្ត និង​វាយតម្លៃ​នៅលើ​បឹង Annecy៕

Advertisement