រថយន្ត​អាច​រត់​បណ្ដើរ បញ្ចូល​ថាមពល​អគ្គិសនី​បណ្ដើរ លើផ្លូវ​ល្បឿន​លឿន​នៅ អាល្លឺម៉ង់

រថយន្តអាចរត់បណ្ដើរ បញ្ចូលថាមពលអគ្គិសនីបណ្ដើរ លើផ្លូវល្បឿនលឿន

នៅពេល​មនុស្ស​កំពុង​ឆ្ពោះទៅរក​អនាគត​ដែល​ទីផ្សារ​ត្រូវបាន​គ្រប់គ្រង​ដោយ​រថយន្ត​អគ្គិសនី ការប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ និង​បង្ហាញ​ប្រព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ​នៅលើ​ដងផ្លូវ ក៏​កំពុងតែ​កើនឡើង។

ពេលនេះ បណ្ដាញ​ផ្លូវ​ល្បឿន​លឿន Autobahn ដ៏​ល្បីឈ្មោះ​នៅ ប្រទេស​អាល្លឺម៉ង់ នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បញ្ចូល​ថាមពល​អគ្គិសនី​គ្មាន​ខ្សែ ដែល​ដំណាក់កាល​ដំបូង​នឹង​ផ្ដោតទៅលើ​រថយន្តក្រុង​សាធារណៈ ដែល​ដឹក​អ្នកដំណើរ​ទៅកាន់​ទីក្រុង Balingen។

បច្ចេកវិទ្យា​នេះ​នឹង​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Electreon របស់ អ៊ីស្រាអែល ដែល​កំពុង​សហការ​ជាមួយ EnBW របស់ អាល្លឺម៉ង់។ Electreon នឹងដាក់​ពង្រាយ​បណ្ដាញ​ផ្លូវ​អគ្គិសនី (ERS) ប្រវែង 1 គីឡូម៉ែត្រ អម​តាមផ្លូវ​មួយ​កំណាត់​របស់​ផ្លូវ​ល្បឿន​លឿន Autobahn ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​នៅពេល​រថយន្តក្រុង​កំពុងធ្វើដំណើរ។ ផ្លូវ Autobahn ក៏​នឹងមាន​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី 2 កន្លែង​ផងដែរ។

គម្រោង​ខាងលើនេះ​ត្រូវ​បានកំណត់​បន្ទាប់ពី​គម្រោង​សាកល្បង​មួយ​របស់​ក្រុមហ៊ុន​ទាំងពីរ នៅ Karlsruhe របស់ អាល្លឺម៉ង់ ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន​អ៊ីស្រាអែល ក៏បាន​ដំណើរការ​គម្រោង​បញ្ចូល​ថាមពល​អគ្គិសនី​គ្មាន​ខ្សែ​នៅ អ៊ីតាលី និង ស៊ុយអែត ផងដែរ៕

Advertisement