ប្រទេស​ចិន​បង្ហាញ​ «រថយន្ត​អគ្គិសនី​ឆ្លាត​វៃដឹកទំនិញ​​​ធុន​ធ្ងន់​» ជា​លើកដំបូង

ប្រទេស​ចិន​មាន​ផែនការ​ធ្វើឱ្យ​ផ្លូវគោក​លែងមាន​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ដោយ​ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី។

រថយន្ត​ឆ្លាតវៃដឹកទំនិញ​ធុន​ធ្ងន់​​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​រថភ្លើង CRRC ត្រូវបាន​បើកបរ​ចេញពី​រោងចក្រ​នៅ​ទីក្រុង Datong ខេត្ត Shanxi។ នេះ​បើតាម​សារព័ត៌មាន​ចិន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី 16 មីនា 2023។

រថយន្ត​ដឹកទំនិញ​ឆ្លាត​វៃ​នេះ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ពី​ថ្ម ឬ​ដោយ​ការភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​តាមរយៈ​ខ្សែភ្លើង​នៅ​ពីលើ។ គុណសម្បត្តិ​ធំ​បំផុត​របស់​រថយន្ត​នេះ​គឺអាច​បញ្ចូល​ថាមពល​អគ្គិសនី​ក្នុងពេល​ធ្វើដំណើរ។ ជាង​នេះ វា​ក៏​អាច​ផលិត​ថាមពល​អគ្គិសនី​តាមរយៈ​ការចាប់​ហ្វ្រាំង​ក្នុងពេល​បើកបរ​ផងដែ​រ។

CRRC បានឱ្យដឹងថា រថយន្ត​អគ្គិសនី​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លាត​វៃ​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ហើយ​ក្នុង​អនាគត វា​ក៏​អាច​នឹងមាន​មុខងារ​បើ​កបរ​ស្វ័យប្រវត្ត​ទៀតផង។

វីដេអូ​បង្ហាញ​អំពី «រថយន្ត​អគ្គិសនី​ឆ្លាត​វៃដឹកទំនិញ​​​ធុន​ធ្ងន់​» របស់​ចិន​

ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន ដែលជា​ឧស្ម័ន​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ ប្រទេច​ចិន​កំពុង​ផ្ដោតលើ​ការរក​ដំណោះស្រាយ​ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​គោក។

អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) ឱ្យដឹងថា ការដឹកជញ្ជូន​បំ​ភាយ​ឧស្ម័ន 26% នៅ​ទូទាំង​សកលលោក និង​ពន្យា​ករ​ថា អគ្គិសនី​ភាវូបនីយកម្ម​នឹង​ក្លាយជា​និន្នាការ​អភិវឌ្ឍ​ក្នុងពេល​អនាគត ហើយ​ថា ដល់​ឆ្នាំ 2050 រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ប្រមាណ 36% នឹង​ដំណើរការ​ដោយ​អគ្គិសនី។

យោងតាម​ការពិសោធ រថយន្ត​ដឹកទំនិញ​ដើរ​ដោយ​អគ្គិសនី សន្សំសំចៃ​ថាមពល​បាន​ច្រើនជាង​ពីរដង​ធៀប​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត៕

Advertisement