ក្រុម​ហ៊ុន Google អភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​កែសម្រួល​មុខងារ​បកប្រែ

ក្រុមហ៊ុន Google នឹង​អភិវឌ្ឍ​កម្មវិធី AI ដែល​បំពាក់​ភាសា​ប្រមាណ 1,000 ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើនជាងគេ​ក្នុង​ពិភពលោក ក្នុង​គ្រា​ដែល​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​កំពុង​ប្រជែង​គ្នា​គ្រប់គ្រង​ទីផ្សារ​អ៊ី​ន​ធើ​ណិ​ត។

Google កាលពី​ថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​រៀប​ផែនការ​អភិវឌ្ឍ​កម្មវិធី​បញ្ញា​សិប្បនិម្មិត ដោយ​បំពាក់​ភាសា​ចំនួន 1,000 ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅលើ​ពិភពលោក ក្នុង​បំណង​កែសម្រួល​មុខងារ​បកប្រែ ដោយសារ​ថា ទិន្នន័យ​គឺជា​កត្តា​សំខាន់​ដើម្បី​ឆ្ពោះទៅរក​ការរីកចម្រើន​នៃ​វិស័យ AI និង​ជួយ​ឱ្យ​ផលិតផល​របស់​ពួកគេ​ដំណើរការ​បានល្អ​ជាង​មុន និង​មាន​ប្រយោជន៍​កាន់តែច្រើន​សម្រាប់​មនុស្ស​ភាគច្រើន។

លោក Johan Schalkwyk អ្នកស្រាវជ្រាវ​នៅ Google បានឱ្យដឹងថា បច្ចុប្បន្ន ពិភពលោក​មាន​ភាសា​ជាង 7,000 ឯណោះ ប៉ុន្តែ Google មកដល់ពេលនេះ​បានផ្ដល់​ការបកប្រែ​សម្រាប់​ភាសា​តែ​ជាង 130 ប៉ុណ្ណោះ។ ដូច្នេះ ក្រុមហ៊ុន​នេះ​កំពុង​ឆ្ពោះទៅរក​ការពង្រីក​មុខងារ​បក​ប្រែ និង​ចង់​ទាញយក​ទិន្នន័យ​នៅលើ​ភាសា​ថ្មី​ដែល​មិន​ត្រឹមតែ​យោងទៅលើ​អត្ថបទ​ដែលមាន​នៅលើ​អ៊ី​ន​ធើ​ណិ​ត​នោះទេ តែ​ក៏​នឹង​ទាញយក​ពី​វីដេអូ រូបភាព និង​សំឡេង​ផងដែរ។

Google គ្រោង​នឹង​បំពាក់​សមិទ្ធផល​ដែល​កើតចេញពី​ការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត​ខាងលើ​ទៅក្នុង​បណ្ដា​ផលិត ផល​របស់ខ្លួន ក្នុងនោះ​ក៏​រួមមាន​ទាំង Youtube និង Google Translate ផងដែរ។

Google មិនមែនជា​ក្រុមហ៊ុន​តែមួយ​ដែលមាន​មហិច្ឆតា​ដូចខាងលើ​ឡើយ។ កាលពីដើម​ឆ្នាំនេះ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook ក៏បាន​ប្រកាស​គម្រោង​មួយ​ដែលមាន​ឈ្មោះថា «No Language Left Behind» (មិនមាន​ភាសា​ណាមួយ​ត្រូវ​ទុកចោល)។ គម្រោង​របស់ Meta នេះ បានកំណត់​គោលដៅ​បង្កើត​ប្រព័ន្ធ​ដែល​អាច​បកប្រែ​រាប់រយ​ភាសា​នៅក្នុង​ពិភពលោក៕

Advertisement