Nokia X20 ចេញលក់​លើ​ទីផ្សារ តែ​ឆ្នាំង​សាក​ក្នុង​ប្រអប់ មិនមាន​ដាក់ឱ្យ ដូច Apple ដែរ

កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន HMD Global បានប្រកាស​ចេញ​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន Nokia X20 ។ អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​ស្ថិត​នៅត្រង់ថា ឆ្នាំង​សាក​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​របស់ Nokia នេះ មិនមាន​នៅក្នុង​ប្រអប់​ទេ។

កាលពី​ឆ្នាំមុន Apple បានសម្រេច​ដក​ដុំ​សាក​ថ្ម​នេះ​មុន ដោយសារ​ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន។ ដោយសារតែ​ការផលិត​ពួកវា ត្រូវការ​បញ្ចេញ​ឧស្ម័ន​ពុល​ពី​រោងចក្រ។

ដូចនេះ​ក្រុមហ៊ុន HMD Global ដែលមាន​កម្មសិទ្ធិ​គ្រប់គ្រង​ម៉ាក Nokia ក្នុងពេល​បច្ចុប្បន្ននេះ ក៏បាន​ចាប់ផ្ដើម​ដើរ​តាម​វិធីសាស្ដ្រ​នេះ​ដូចគ្នា និង​បាន​សរសេរ​បញ្ជាក់ប្រាប់​ឱ្យដឹង​មុន នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​តែម្ដង។ បន្ត​បន្ទាប់មក គេ​ឃើញថា មាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ជាច្រើន បាន​ដើរ​តាម​វិធី​នេះ ដោយ​លើក​ហេតុផល​ថា អ្នកទិញមុនៗ សុទ្ធតែ​ធ្លាប់មាន​ឆ្នាំង​សាក​ថ្ម រួចហើយ។

សម្រាប់​ស្មា​ត​ហ្វូ​ន​តម្លៃ​ខ្ទង់ 400ដុល្លារ​ខាងលើ នឹងដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​មុនគេ។ សម្រាប់​អ្នក​ដែល​ចង់បាន​យកទៅ​ប្រើប្រាស់ ទាល់តែ​បញ្ជា​ទិញ​ឆ្នាំង​សាក ពី​វេ​ប​សាយ​ក្រៅ ក្នុងតម្លៃ​មាន​ច្រើន​ជម្រើស។ រីឯ​លក្ខណសម្បត្តិ​រប​ស់វា មិនជា​ខ្លាំង​ណាស់ណា​ទេ តែ​ក្រុមហ៊ុន​បាន​ផ្តោតលើ​តួនាទី​កាមេរ៉ា​ថតរូប​ឱ្យបាន​ល្អប្រសើរ​ជាង​មុន៕

Advertisement