មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស សរសេរថា «សត្វ​មាន​សេរីភាព​ហើយ» (“the bird is freed”)

ភ្លាមៗបន្ទាប់ពី​ការចូល​គ្រប់គ្រង Twitter លោក អ៊ី​ឡុ​ន ម៉ាស នា​ព្រឹក​នេះ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​នេះ​យ៉ាងខ្លី​ថា “the bird is freed” ដែល​មានន័យថា «សត្វ​មាន​សេរីភាព​ហើយ»។

ក្រុមអ្នកវិភាគ​យល់ថា សារ​ថ្មី​នេះ​របស់លោក ម៉ាស មិន​ត្រឹមតែ​ចង់​អះអាងថា បណ្ដាញ​សង្គម​នេះ​បាន​មកលើ​ដៃ​គាត់​នោះទេ ប៉ុន្តែ​ថែមទាំង​សង្កត់ធ្ងន់ថា គោលដៅ​ជំរុញ​សេរីភាព​បញ្ចេញមតិ​នៅលើ Twitter ត្រូវបាន «បើក​សោ​រួចហើយ។ មុន​នោះ នៅក្នុង​ផែនការ​ទិញ Twitter មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង អ៊ី​ឡុ​ន​ម៉ាស ធ្លាប់បាន​សន្យាថា នឹង​កែទម្រង់​បណ្ដាញ​សង្គម​នេះ​តាមរយៈ​ការបន្ធូរបន្ថយ​ការចាប់​ពិរុទ្ធ​ខ្លឹមសារ ក៏ដូចជា​ធ្វើឱ្យ​ប្រព័ន្ធ​នេះ​មាន​តម្លាភាព​ជាង​មុន។

CNBC បាន​ឱ្យដឹងថា CEO របស់ Tesla ក៏​ប្រញាប់​ចម្រាញ់​បណ្ដាញ​សង្គម​នេះ នៅពេល​គាត់​បញ្ឈប់​ការងារ​របស់​មេដឹកនាំ​សំខាន់​មួយចំនួន មានដូចជា CEO Parag Agrawal, ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ Ned Segal, ប្រធាន​រដ្ឋបាល និង​ផ្នែក​ច្បាប់ Vijaya Gadde និង​ទីប្រឹក្សា Sean Edgett ជាដើម ដោយ​យល់ថា ពួកគេ​មិនមាន​តម្លាភាព​ទាក់ទង​នឹង​តួលេខ​នៃ​គណនី​ក្លែងក្លាយ​នៅលើ Twitter។

លោក ម៉ាស ឱ្យដឹងថា លោក​មានបំណង​លុបបំបាត់​គណនី​សំរាម និង bot នៅលើ​បណ្ដាញ​សង្គម Twitter កែសម្រួល​របៀប​តម្រៀប​ខ្លឹមសារ និង​ទប់ស្កាត់​បណ្ដាញ​សង្គម​នេះ​មិនឱ្យ​ក្លាយជា​កន្លែង​ផ្ទុក​ព័ត៌មាន​អាក្រក់ សូម្បីតែ​នៅពេល​ការចាប់​ពិរុទ្ធ​ខ្លឹមសារ​ត្រូវបាន​បន្ធូរបន្ថយ។

ម្ចាស់​ថ្មី​របស់ Twitter ក៏បាន​រំងាប់​អារម្មណ៍​របស់​បុគ្គលិក នៅពេល​អះអាងថា នឹងមិន​មានការ​កាត់បន្ថយ​បុគ្គលិក 75% នៅពេល​លោក​ចូលកាន់​តំណែង​ជា CEO ​​ដូច​ពាក្យ​ច​ចាម​អា​រ៉ា​ម​ឡើយ​។ លោក ម៉ាស ក៏​និយាយ​សំដៅលើ​ក្រុម​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ថា ការរិះគន់​របស់លោក​នាពេល​កន្លង នឹងមិន​ប៉ះពាល់​ដល់​បណ្ដាញ​សង្គម​មួយ​នេះ។

លោក អ៊ីឡុន ម៉ាស កាលពី​ខែមេសា 2022 ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជា​ប្រកាស​ដកខ្លួន ដោយ​ចោទថា បណ្ដាញ​សង្គម​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។ ខែកញ្ញា​កន្លងទៅ លោក ម៉ាស ក៏បាន​ប្ដូរ​ចិត្ត ដោយ​ថា លោក​នឹង​នៅតែ​ទិញ Twitter ក្នុងតម្លៃ​ 44 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដូច​​មុន៕

Advertisement