Apple ដាក់​ពាក្យ​ប្ដឹង​​ក្រុម​ហ៊ុន​តូច​មួយ​ដែល​ប្រើ​​ឡូហ្គូ​ជា​រាង​ផ្លែ​សារី​

Apple ដាក់​ពាក្យ​ប្ដឹង​​ក្រុម​ហ៊ុន​តូច​មួយ​ដែល​ប្រើ​​ឡូហ្គូ​ជា​រាង​ផ្លែ​សារី​

Apple កំពុង​បំពេញ​បែប​បទ​ផ្សេង​ៗ​បន្ថែម​ទៀត​ ទៅ​តាម​ច្បាប់​ដើម្បី​ប្ដឹង​អ្នក​អភិវឌ្ឍ​កម្ម​វិធី​ (App) មួយ​ដែល​មាន​ឈ្មោះ​ថា Prepear ព្រោះ​យល់​ថា ឡូហ្គូ​របស់​ក្រុម​ហ៊ុន​នេះ​ ដូច​ទៅ​នឹង​និមិត្ត​រូប​របស់​ Apple។

Prepear គឺ​ជា​កម្មវិធី​មួយ​ដែល​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​រូប​មន្ត​នៃការ​ចម្អិន​ម្ហូប​អាហារ​ថ្មី​ៗ​ និង​ធ្វើ​ផែន​ការ​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​ បង្កើត​បញ្ជី​មុខ​ទំនិញ​សម្រាប់​ការ​ដើរ​ផ្សារ​ ក៏ដូចជា​រៀប​ចំ​ការ​បញ្ជា​ទិញ​ដែល​ត្រៀម​នឹង​ប្រគល់ទៅ​ឱ្យ​អតិថិ​ជន​។ Prepear គឺ​ជា​ផលិត​ផល​តភ្ជាប់ទំនាក់​ទំនង​​របស់​គេហទំព័រ​ឯក​ទេស​ខាង​អាហារ​សម្រាប់​កុមារ​ Super Healthy Kids។

នៅ​លើ​អត្ថបទ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram កម្មវិធី​នេះ​ ​បាន​ឱ្យ​ដឹង​ថា “Apple បាន​បញ្ចេញ​សកម្ម​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​​ច្បាប់​ដើម្បី​ប្រឆាំង​ទៅនឹង​ Prepear ព្រោះ​យល់​ថា ឡូហ្គូ​ផ្លែ​សារី​ ដែល​ដូច​ទៅនឹង​ឡូហ្គូ​ផ្លែ​ប៉ោម​ បង្ក​ការ​ខូច​ខាត​ដល់​យីហោ​របស់​ Apple”។

ស្ថាបនិក​របស់​ Prepear បាន​បញ្ចេញ​យោបល់​ថា សកម្ម​ភាព​របស់​ Apple គឺ​ជា “ការ​ឈឺ​ចាប់​ចំពោះ​ Prepear” ប៉ុន្តែ ពួកគេ​នឹង​នៅ​តែ​បន្ត​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធ​ភាព​ដើម្បី​ការ​ពារ​ឡូហ្គូ​របស់​ខ្លួន​។ អត្ថបទ​ខាងលើ​ក៏​មិន​ភ្លេច​ “ផ្ញើ​សារ​” ទៅកាន់​​ក្រុម​ហ៊ុន​ “យក្ស” ផ្នែក​បច្ចេកវិទ្យា​នានា​ថា ការ​សម្លុត​ទៅ​លើ​​ក្រុម​ហ៊ុន​តូច​ៗ គង់​មាន​ថ្ងៃ​ជួប​លទ្ធ​ផល​អាក្រក់”​។

ឡូហ្គូ​របស់​ក្រុម​ហ៊ុន​ Prepear និង​ឡូហ្គូ​របស់​ក្រុម​ហ៊ុន​ Apple

Prepear ក៏​បាន​ដាក់​​ញត្តិ​មួយ​ច្បាប់​ទៅកាន់​ Change.org ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​ Apple ដក​ពាក្យ​បណ្ដឹង​។ ក្រុម​ហ៊ុន​នេះ​រំពឹង​ថា ញត្តិ​របស់​ខ្លួន​អាច “ជួយ​ទប់​ស្កាត់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ មិន​ឱ្យ​រំលោភ​អំណាច​របស់​ខ្លួន​ទៅ​លើក្រុម​ហ៊ុន​តូចៗ​ដែល​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​Covid-19។

Prepear បាន​ឧទ្ទេសនាម​ខ្លួន​ឯង​ថា ជា​ក្រុម​ហ៊ុន​តូច​មួយ​ដែល​មាន​បុគ្គលិកតែ​​​5​នាក់​ប៉ុណ្ណោះ​។ ខ្ទង់​ចំណាយ​ទៅ​លើ​ការ​ប្ដឹង​ផ្ដល់​ខាង​លើ​ បាន​នាំ​ឱ្យ​ក្រុម​ហ៊ុន​តូច​មួយ​នេះ​ ខាត​បង់​ប្រាក់​រាប់​ពាន់​ដុល្លារ​ និង​ត្រូវ​បង្ខំ​បញ្ឈប់​បុគ្គលិក​ម្នាក់​របស់​ខ្លួន​។

លិខិត​តវ៉ា​របស់​ Prepear នៅ​លើ​ Change.org បាន​សរសេរ​ថា៖ “Apple ជំទាស់​ទៅ​នឹង​លិខិត​ចុះ​ឈ្មោះ​និមិត្ត​រូប​របស់​យើង​ខ្ញុំ​។ ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​យើង​ប្ដូរ​ឡូហ្គូ​ផ្លែ​សេរី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ជា​​ទូទៅ​នៅក្នុង​ខ្លឺមសារ​នានា​របស់​កម្មវិធី​នេះរួច​ហើយ​។ ក្រុម​ហ៊ុន​តូច​ៗ​ស្ទើរ​តែ​ទាំង​អស់​ មិនមាន​លទ្ធភាព​គ្រប់​គ្រាន់​ផ្នែក​ហិរញ្ញ​វត្ថុ​ ​ដើម្បី​ទប់​ទល់​នឹង​ Apple នោះ​ទេ​។ នេះ​ពិតជា​បទ​ពិសោធន៍​ដ៏​រន្ធត់​សម្រាប់​យើង​ខ្ញុំ​ ​ពេល​ដែល​ត្រូវ​បាន​ប្ដឹង​ដោយ​ក្រុម​ហ៊ុន​ធំបំផុត​មួយ​ក្នុង​ពិផពលោក​ បើ​ទោះ​ជា​ជាក់​ស្ដែង​ យើង​មិន​បាន​ធ្វើ​ខុស​ក៏ដោយ។ ក្រុម​ហ៊ុន​ផ្សេង​ៗដែល​​ត្រូវ​បោះ​បង់​​ និង​ប្ដូរ​ឡូហ្គូ​របស់​ខ្លួ​ន​ដោយ​សារ Apple ពួកគេ​នឹង​ងាយ​យល់​អំពី​ប្រការ​នេះ​”។

ក្រុម​ហ៊ុន​ Apple យល់​ថា ឡូហ្គូ​ផ្លែ​សារី​ ដែល​ដូច​ទៅនឹង​ឡូហ្គូ​ផ្លែ​ប៉ោម​ បង្ក​ការ​ខូច​ខាត​ដល់​យីហោ​របស់​ Apple

បច្ចុប្បន្ន ញត្តិ​របស់​ Prepear ទទួល​បាន​ហត្ថលេខា​​ជិត​9,000​នាក់​។ សមាជិក​នៃ​ក្រុម​របស់​ Prepear សង្ឃឹមថា អាច​រក​បាន​ហត្ថលេខា​គាំទ្រ​ចំនួន​10,000​នាក់​ នៅលើ​ថ្នាល់​ Change.org។

ក្រុម​ហ៊ុន​ Apple ត្រូវ​បាន​គេ​ដឹង​ថា បាន​ “ជំទាស់​ទៅ​នឹង​​ក្រុម​ហ៊ុន​តូច​ៗ​ជា​ច្រើន​ដែល​ប្រើប្រាស់​ឡូហ្គូ​ដែល​មាន​​រូប​រាង​ជា​ផ្លែ​ឈើ​” បើ​ទោះជា​ឡូហ្គូ​របស់ក្រុម​ហ៊ុន​តូច​ៗ​ទាំង​នោះ​ ខុស​គ្នា​ឆ្ងាយ​បើ​ធៀប​នឹង​ឡូហ្គូ​របស់​ Apple។ ឡូហ្គូផ្លែ​ប៉ោម​ ធ្លាប់​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ Apple ធ្វើ​សកម្ម​ភាព​ផ្នែក​ច្បាប់​​ជា​ច្រើន​កាល​ពី​អតីតកាល​ ក្នុង​នោះ​ក៏​មាន​ករណី​ប្ដឹង​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​របស់​ប្រទេស​ន័រវែស​ និង​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់​មួយ​ខ្សែ​នៅ​ប្រទេស​អាល្លឺម៉ង់​ផងដែរ​៕

ប្រភព៖ MacRumors

Advertisement