Samsung ចេញមុខ​ប្រកាសថា ខ្លួន​មិនបាន​ធ្វើ​ដូច Apple ឡើយ ដូច្នេះ​អ្នក​ប្រើ​ទាំងអស់​កុំ​បា​ម្ភ

សេ​អ៊ូ​ល៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង Samsung បាន​ចេញមុខ​ប្រកាស​ក្ដែងៗថា ខ្លួន​មិនបាន​កាត់បន្ថយ​ល្បឿន​ដំណើរការ​របស់​ទូរស័ព្ទ​ម៉ូ​ដែលចាស់ៗ ដូច​ទៅនឹង​ក្រុមហ៊ុន Apple ធ្វើ​នៅលើ iPhone ឡើយ ផ្ទុយទៅវិញ​ខ្លួន​ក៏​គ្មាន​គម្រោង​ធ្វើបែបនេះ​ទៅ​ថ្ងៃ​អនាគត​ផងដែរ។

សារព័ត៌មាន GSM Arena បានចេញ​ផ្សាយ​ថា មិនមែន​មានតែ​ក្រុមហ៊ុន Samsung តែមួយ​ប៉ុណ្ណោះ​ទេ ដែល​ចេញមុខ​អះអាង​បែបនេះ គឺ​នៅមាន​ក្រុមហ៊ុន LG, HTC និង Motorola ក៏បាន​ចេញមុខ​អះអាង​ប្រាប់​អតិថិជន​របស់ខ្លួន​កុំ​ឲ្យ​ខ្វល់ខ្វាយ ឬ​មាន​ចម្ងល់​ទៅលើ​បញ្ហា​នេះ ព្រោះថា ក្រុមហ៊ុន​របស់​ពួកគេ​មិន​ធ្វើ​ដូច Apple ឡើយ។

ការលើកឡើង​របស់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ទាំងនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន Apple បាន​សារភាពថា ខ្លួន​ពិតជា​បាន​កាត់​បន្ថយល្បឿន​ដំណើរ​ការបស់ iPhone ម៉ូ​ដែលចាស់ៗទៅតាម​អាយុកាល​នៃ​ថ្ម​ពិតមែន ហើយ​ជាការ​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ Apple បានស្នើ​ដល់​អ្នក​ប្រើ ទៅធ្វើ​ការប្ដូរ​ថ្ម​ថ្មី ក្នុងតម្លៃ​ទាប ជាពិសេស​គឺ​នៅ​ដើមឆ្នាំ 2018 នេះ Apple នឹង​ចេញ Software ថ្មី ដើម្បី​ឲ្យ​អ្នក​ប្រើ​អាច​តាមដាន​អាយុកាល​របស់​ថ្ម​បាន៕

Advertisement