មួកសុវត្ថិភាព​បំពាក់​បច្ចេកវិទ្យា​ជួយ​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​មើល​ធ្លុះ​ផ្សែង​

(ស្កុតឡេន)-មួកសុវត្ថិភាព​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យា​ល័យ​ Edinburgh បំពាក់​កាំមេរ៉ា រ៉ាដា អង្គញាណ ដែល​ជួយ​ឱ្យ​បុគ្គលិក​ពន្លត់​អគ្គិភ័យ​​រក​ឃើញ​ជនរង​គ្រោះ​ និង​ស្គាល់​បុគ្គលិក​រួម​ក្រុម​បាន​ដោយ​ងាយ​។

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ទាំង​នេះ​កំពុង​មួក​សុវត្ថិភាព​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)។

មួកសុវត្ថិភាព​ដែល​អភិវឌ្ឍ​ឡើង​ដោយ​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅសាកលវិទ្យា​ល័យ​ Edinburgh នេះ​ ជួយ​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​មើល​ធ្លុះ​ផ្សែង​​។ ឧបករណ៍​កាមេរ៉ា រ៉ាដា និង​អង្គញាណ​ដែល​បំពាក់​លើ​មួក​នេះ​ មាន​តួនាទី​ប្រមូល​ទិន្នន័យ​។

«អ្នក​មើល​ឃើញ​ហើយនេះ មាន​អង្គញាណ​សំខាន់​ចំនួន ២ នៅ​ទីនេះ​» Chris Xiaoxuan Lu សាស្ត្រាចារ្យ​រង​នៅសាកល​វិទ្យា​ល័យ Edinburgh បង្ហាញ​មួក​ពិសេស​។ «មួយ​គឺ​កាមេរ៉ា​ស្កែន​កម្ដៅ ជា​អង្គញាណ​ពិសេស​អាច​មើល​ធ្លុះ​ផ្សែង​ ហើយ​ពួក​វា​​ធ្វើ​ការក្នុង​ប្រវែង​រលក (wavelength) ខុសៗ​គ្នា​។ AI បកស្រាយបង្ហាញ​អំពី​ទិន្នន័យ​ដល់​អ្នក​ប្រើប្រាស់​មួក​ភ្លាម​ៗ​។

ប្រការ​ខាងលើ​នេះ​ជួយ​ឱ្យ​បុគ្គលិក​ពន្លត់​អគ្គិភ័យ​​រក​ឃើញ​ជនរង​គ្រោះ​ ​ស្គាល់​បុគ្គលិក​រួម​ក្រុម​ និង​កំណត់​ទីតាំង​របស់​ខ្លួននៅ​កន្លែង​កើត​ហេតុ​​បាន​ដោយ​ងាយ​។

មួក​នេះ​មិន​ត្រឹម​តែ​ផ្ដល់​លទ្ធផល​ព្យាករ​ដល់​បុគ្គលិក​ពន្លត់​អគ្គិភ័យ «ជួរមុខ» នោះ​ទេ តែ​ក៏​បញ្ជូន​ទិន្នន័យ​នេះ​ទៅ​កាន់​ក្រុម​មេបញ្ជាការ​នៅ​ខាង​ក្រៅ​ផងដែរ​។ ក្រោយ​មក មេបញ្ជាការ​អាច​ប្រើប្រាស់​ទិន្នន័យ​ទាំង​នេះ​ដើម្បី​ណែនាំ​សហការ​ប្រកប​ដោយ​ប្រសិទ្ធភាព​សម្រាប់​បុគ្គលិក​ពន្លត់អគ្គិភ័យ​នៅ​ខាងក្នុង​។

ការ​​​ពិសោធនេះ​មាន​ការ​ចូលរួម​ពី​ក្រុមពន្លត់​អគ្គិភ័យ​មក​ពីនាយកដ្ឋាន​សង្គ្រោះ​ និង​ពន្លត់​អគ្គិភ័យ​ស្កុតឡេន​។ Glynn Macaffer មេបញ្ជាការ​ម្នាក់​មក​ពី នាយកដ្ឋាន​សង្គ្រោះ​ និង​ពន្លត់​អគ្គិភ័យ​ស្កុតឡេន និយាយ​ថា «វា​មិន​ប៉ះពាល់​ដល់​សកម្មភាព​។ ឧបករណ៍​នៅ​លើ​មួក​សុវត្ថិភាព​នេះ​ស្រាល​ខ្លាំង​ណាស់​បើ​ធៀប​នឹង​ប្រភេទ​មួក​ដែល​យើងកំពុង​ប្រើប្រាស់​»៕

Advertisement