ឧបករណ៍​ថត និង​ចាក់​បង្ហាញ​​សុបិន​ក្នុង​ទម្រង់​វីដេអូ

សូម​ស្រមៃ​មើលថា តើ​វា​អស្ចារ្យ​កម្រិត​ណា នៅពេល​អ្នក​អាច​ទស្សនា​ទិដ្ឋភាព​ក្នុង​សុបិន​របស់​អ្នក​ដូច​ទៅនឹង​ការ​ទស្សនា​ខ្សែភាពយន្ត​នៅ​ខាងក្រៅ។

ឧបករណ៍​ថត​សុបិន​ដែល​អភិវឌ្ឍ​ដោយ​អ្នកជំនាញ​ជប៉ុន បើក​ផ្លូវ​ឱ្យមាន​ការស្វែងយល់​លំអិត​​អំពី​អាថ៌កំបាំង​នៃ​សុបិន។ យោងទៅតាម​ការរីកចម្រើន​នៃ​វិស័យ​រូបភាព​សរសៃប្រសាទ និង​បញ្ញា​សិប្បនិម្មិត ឧបករណ៍​នេះ​ផ្ដិត​យក​សកម្មភាព​របស់​សរសៃប្រសាទ​ អម​នឹង​ស្ថានភាព​រវើរវាយនៅ​មុន​ពេល​ដេក​លក់ ហើយ​បំប្លែង​វា​ទៅជា​រូបភាព។

តាមរយៈ​ការបំពាក់​បច្ចេកទេស​​​ផ្ដិត​យក​រូបភាពនៃ​ប្រព័ន្ធ​ប្រសាទ​ក្នុង​​ខួរក្បាល ជាមួយនឹង​បណ្ដា​បច្ចេកទេស​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប ក្រុម​អ្នកវិទ្យាសាស្ត្រ​សម្រេចបាន​ជំហាន​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការបកស្រាយ​ខ្លឹមសារ​នៃ​រូបភាព​ក្នុង​​សុបិន នាំឱ្យមាន​ការបង្កើតបាន​ឧបករណ៍​ដែល​អាច​ប្រែក្លាយ​សុបិន​ឱ្យទៅជា​រូបភាព​វីដេអូ។

យោងតាម​ទំព័រ Hoaxorface ឧបករណ៍​ផ្ដិត​យក​រូបភាព​​សុបិន ប្រើប្រាស់​រូបភាព​ពី​ការ​ស្កែ​ន​ដំណើរការ​នៃ​លំហូរ​​ឈាម​ក្នុង​សរសៃឈាម​ខួរក្បាល (fMRI) ដើម្បី​វាស់​ស្ទង់​សកម្មភាព​របស់​ខួរក្បាល និងការ​​កំណត់យក​​​គំរូ​នានា​ដែល​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សុបិន​ជាក់លាក់។

ក្រោយមក បច្ចេកទេស​កុំព្យូទ័រ​នឹង​បំប្លែង​បណ្ដា​គំរូ​ខាងលើ​ឱ្យទៅជា​រូបភាព​ដែល​អាច​មើល​យល់ អនុញ្ញាតឱ្យ​បង្កើតបានជា​វីដេអូ​ដែល​បង្ហាញ​ឡើងវិញ​នូវ​អ្វីដែល​កំពុង​កើតឡើង​ក្នុង​សុបិន។

បើទោះជា​ឧបករណ៍​ថត​សុបិន​បានបង្ហាញ​អំពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៅក្នុង​ការបកស្រាយ​សុបិន ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុង​​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដំបូង​នៅឡើយ ហើយ​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ត។

នៅពេល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ វា​នឹង​អាច​ក្លាយជា​បដិវត្តន៍​ដែល​ទាក់ទង​នឹង​ការយល់ដឹង​របស់​មនុស្ស​ចំពោះ​អត្ថន័យ​ពិត​របស់​សុបិន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​របស់​អារ​ម្មណ៍​នៃ​មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បញ្ហា​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះ​ក៏​អាច​កើតឡើង​ដំណាល​គ្នា​ផងដែរ ក្នុងនោះ មានដូចជា​ បញ្ហា​សីលធម៌​ជាដើម៕

Advertisement