(វីដេអូ)-គម្រោង​នានា​របស់​ស្ថានីយ​អវកាស​នៃ​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០២២

ម៉ូឌុល ចំនួន ២ គឺ Wentian និង Mengtian នឹងត្រូវ​បាន​បាញ់​បង្ហោះ​ទៅកាន់​គន្លង​គោចរ​ជា​បន្តបន្ទាប់ ហើយ​ភ្ជាប់​ខ្លួន​ទៅនឹង ម៉ូឌុល​ស្នូល Tianhe ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ បង្ហើយ​ការងារ​សាងសង់​ស្ថានីយ​អវកាស​ចិន។

ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ជោគជ័យ​នៃ​បេសកកម្ម​សាងសង់​ស្ថានីយ​អវកាស​របស់​ប្រទេស ចិន។ ម៉ូឌុល​ស្នូល Tianhe ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​គន្លង​គោចរ ហើយ​អ្នក​អវកាស ២ ក្រុម បានរស់នៅ និង​ធ្វើការ​យូរថ្ងៃ​លើ​ស្ថានីយ​នេះ។ ឆ្នាំ ២០២២ ក៏​ជា​ឆ្នាំ​ដែល​គួរ​ជាទី​រំពឹង​បំផុត។ នេះ​គឺជា​ឆ្នាំ​ដែល​ដំណាក់កាល​សាងសង់​ស្ថានីយ​អវកាស នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ​ទៅតាម​ផែនការ។

តើ​ប្រទេស ចិន មាន​គម្រោង​ធ្វើ​អ្វីខ្លះ​នៅក្នុង​ឆ្នាំ ២០២២ សម្រាប់​ស្ថានីយ​អវកាស? សូម​មក​ស្វែងយល់​ក្នុង​កម្មវិធី «Tech Breakdown»។

ដើម្បី​អាច​សាងសង់​រួចរាល់​នៅ​ចុងឆ្នាំ ២០២២ ប្រទេស ចិន នឹង​បាញ់​បង្ហោះ​យានអវកាស​ដឹកទំនិញ Tianzhou 4 ហើយ​បន្ទាប់មក បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស Shenzhou 14។ យាន Tianzhou 4 នឹង​ផ្គត់ផ្គង់​សម្ភារៈ​ដល់​ក្រុម​អ្នក​អវកាស​របស់ Shenzhou 14។

នៅក្នុង​អំឡុង​អ្នកវិទ្យាសាស្ត្រ​ស្ថិតនៅលើ​ស្ថានីយ​អវកាស ម៉ូឌុល​ជា​បន្ទប់ពិសោធន៍​ចំនួន ២ គឺ Wentian និង Mengtian

នឹងត្រូវ​បាន​បាញ់​បង្ហោះ​ជា​បន្តបន្ទាប់​ទៅកាន់​ទី​អវកាស ហើយនឹង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​បន្ទប់​ស្នូល Tienhe ដោយ​ប្រើប្រាស់​ដៃ​រ៉ូ​បូត​របស់​ស្ថានីយ បង្កើតបានជា​ប្រព័ន្ធ​ដែលមាន​រាង​ដូច​អក្សរ T។ នៅពេលនោះ គេ​អាច​និយាយបានថា បេសកកម្ម​សាងសង់​ស្ថានីយ​អវកាស បានបញ្ចប់​ជា​ស្ថាពរ។

យានអវកាស​ដឹកទំនិញ Tianzhou 5 និង​យាន​ដឹក​មនុស្ស Shenzhou 15 នឹងត្រូវ​បាន​បាញ់​បង្ហោះ​ដើម្បី​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​អ្នក​អវកាស​នៅលើ​ស្ថានីយ។ ក្រៅពីនេះ បន្ទប់​មួយ​ដែលមាន​ផ្ទុក​កែវយឹត​អវកាស ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ឱ្យទៅ​ធ្វើដំណើរ​ស្របគ្នា​ជាមួយនឹង​ស្ថានីយ​អវកាស។

ស្ថានីយ​អវកាស​របស់ ចិន នឹង​ផ្ដល់​ទិន្នន័យ​នៃ​ការសង្កេត​នានា​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ។ មន្ត្រី​ចិន និយាយថា បន្ទាប់ពី​សាងសង់​រួចរាល់ ស្ថានីយ​អវកាស​នេះ​នឹង​បើក​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយនឹង​ភាគី​អន្តរជាតិ។

បណ្ឌិត Yang Yuguang សាស្ត្រាចារ្យ​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន បានឱ្យដឹងថា៖ «ស្ថានីយ​អវកាស​នេះ​មិន​ត្រឹមតែ​ជា​បន្ទប់ពិសោធន៍​ជាតិ​របស់​ប្រទេស​ចិន នៅលើ​គន្លង​គោចរ​នោះទេ ប៉ុន្តែ ក៏​ជា​ថ្នាល​សំខាន់​សម្រាប់​កិច្ច​សហប្រតិបត្តិ​អន្តរជាតិ​ផងដែរ»។

លោក​បណ្ឌិត​បន្តថា៖ «កិច្ចសហប្រតិបត្តិការ​អន្តរជាតិ មាន ៤ កម្រិត។ ដំបូង​គឺ​ការពិសោធ​រួម​ដែល​កំពុង​ត្រូវបាន​ធ្វើឡើង។ ក្រៅពីនេះ យើង​នៅមាន​ភ្ញៀវ​ទាំងឡាយ​មកពី​បណ្ដា​ប្រទេស ក្នុងនោះ​មាន​ប្រទេសមួយ​ចំនួន​នៅ អឺរ៉ុប ដូចជា អវកាស​ចរ​ជនជាតិ​អ៊ីតាលី Samantha Cristoforetti និង​អ្នក​អវកាស​មួយចំនួនទៀត​ដែល​កំពុង​ត្រូវបាន​បណ្ដុះបណ្ដាល​នៅ​ប្រទេស ចិន»។

«កម្រិត​ទី ៣ គឺ​ការទទួល​យានអវកាស​មកពី​ប្រទេស​ដទៃ ដូចជា​យាន​ដឹក​មនុស្ស និង​យាន​ដឹកទំនិញ​ជាដើម។ ចំណែក​កម្រិត​ខ្ពស់បំផុត​គឺ​កិច្ចសហប្រតិបត្តិការ​ដែល​យោងទៅលើ​ម៉ូឌុល មានន័យថា ម៉ូឌុល​ពី​ប្រទេស​ដទៃ អាច​ហោះ​មក​ភ្ជាប់ និង​ក្លាយជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ជា​រៀងរហូត​របស់​ស្ថានីយ​អវកាស» លោក​បណ្ឌិត Yang Yuguang ថ្លែង​ដូច្នេះ៕

Advertisement