រថយន្ត​អគ្គិសនី PHEV Peugeot 408 2023 ជិត​បង្ហាញខ្លួន​នៅ​ប្រទេស​ថៃ

បន្ទាប់ពី​សង្ហ​បុរី ប្រទេស​ថៃ​នឹង​ក្លាយជា​ទីផ្សារ​ទី​ពីរ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ទទួលយក​រថយន្ត​ហាយ​ប្រី​ដ SUV កូនកាត់ Coupe តម្លៃ​ទាប Peugeot 408 2023។

រថយន្ត Peugeot 408 2023 ដែល​គ្រោង​នឹង​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ថៃ​នេះ​នឹង​ជា​ប្រភេទ​កូនកាត់​អគ្គិសនី-សាំង PHEV ដែល​សន្សំសំចៃ​សាំង​បាន​ច្រើន។ បច្ចុប្បន្ន Peugeot 408 2023 មាន​កំណែ PHEV ចំនួន​ពីរ​ផ្សេងគ្នា​គឺ Peugeot 408 Hybrid 180 e-EAT8 2023 និង Peugeot 408 Hybrid 225 e-EAT8 2023។

រថយន្ត Peugeot 408 Hybrid 180 e-EAT8 2023 មាន​ម៉ាស៊ីន​សាំង 1.6 លីត្រ 4 ស៊ីឡាំង កម្លាំង 150 សេះ។ម៉ាស៊ីន​នេះ​ភ្ជាប់​ជាមួយនឹង​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 110 សេះ រួម​នឹង​បណ្ដុំ​ថ្ម​លី​ចូ​ម (lithium-ion) 12.4 គីឡូវ៉ាត់ម៉ោង។ ជា​សរុប រថយន្ត Peugeot 408 Hybrid 180 e-EAT8 2023 មាន​កម្លាំង 180 សេះ។

ចំណែក​រថយន្ត Peugeot 408 Hybrid 225 e-EAT8 2023 វិញ គឺ​វា​ប្រើប្រាស់​ម៉ាស៊ីន​សាំង​ដូច​កំណែ​ទីមួយ តែមាន​កម្លាំង 180 សេះ ហើយ​បើ​បូក​នឹង​ម៉ូ​ទ័​រ​អគ្គិសនី​ទៀត នោះ​វា​មាន​កម្លាំង​សរុប​ឡើងដល់ 225 សេះ។

រថយន្ត​កូនកាត់​សាំង-អគ្គិសនី ប្រភេទ SUV-Coupe ទាំងពីរ​ខាងលើនេះ​សុទ្ធតែ​អាច​ប្រើ​ឆ្នាំង​បញ្ចូល​ថាមពល AC 7.4 គីឡូ​វ៉ាត អនុញ្ញាតឱ្យ​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ប្រើពេល​តែ 1 ម៉ោង និង 55 នាទី​ប៉ុណ្ណោះ៕

Advertisement