(វីដេអូ)-កូន​យន្តហោះ​ទំនើប មាន​កង្ហារ​ចំនួន ១២ គ្រឿង ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ​ជា​លើកដំបូង

(សហរដ្ឋ​អាម៉េរិក)-ដោយ​អាច​ហោះ​ក្នុង​ល្បឿន ២៤០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រង្វង់​ប្រតិបត្តិការ​ជិត ១០០ គីឡូម៉ែត្រ និង​មិន​បញ្ចេញ​សំឡេង​ខ្លាំង កូន​យន្តហោះ Maker សមស្រប​សម្រាប់​ជើងហោះហើរ​ជុំវិញ​ទីក្រុង។

កូន​យន្តហោះ​គំរូ ដំណើរការ​ស្វ័យប្រវត្ត ដែលមាន​កៅអី ២ និង​មាន​ឈ្មោះថា Maker របស់ Archer Aviation ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី មាន​ទីស្នាក់ការ​នៅ សហរដ្ឋ​អាម៉េរិក បានទទួល​ជោគជ័យ​នៅក្នុង​ការហោះហើរ​សាកល្បង​នៅនឹងកន្លែង​ដំបូង​កាលពី​ថ្ងៃទី ១៦ ធ្នូ ២០២១។

Maker ត្រូវបាន​បំពាក់​កង្ហារ​ចំនួន ១២ គ្រឿង ដែលមាន​តួនាទី​ក្នុង​ការលើក​យន្តហោះ​ឡើង​ត្រង់​ទៅលើ ដែល​នេះ​ពិតជា​សម​ស្រាប​សម្រាប់​ទីតាំង​ចង្អៀត​ដូចជា​នៅក្នុង​ទីក្រុង​ជាដើម។ បន្ទាប់ពី​បាន​ហោះ​ឡើង​ត្រង់ កង្ហារ​ចំនួន ៦ គ្រឿងក្នុង​ចំណោម ១២ គ្រឿង​នេះ អាច​ផ្ដេកខ្លួន ៩០ អង្សា ដើម្បី​បំពេញ​មុខងារ​រុញច្រាន នាំ​យន្តហោះ​ទៅកាន់​គោលដៅ។ ខាងក្នុង​យន្តហោះ មាន​ភាព​ធំ​ទូលាយ ស្រួល​ដាក់​ជើង និង​អាច​មើលឃើញ​ក្នុង​រង្វង់ ២៧០ អង្សា នៅពេល​ហោះ​ពីលើ​ទីក្រុង។

Maker មាន​ទម្ងន់​ស្រាល ដោយសារតែ​ផលិត​អំពី​សរសៃ​កាបូន។ កូន​យន្តហោះ​នេះ ត្រូវបាន​បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន តាំងពី​ប្រព័ន្ធ​ថ្ម រហូតដល់​ប្រព័ន្ធគ្រប់គ្រង​កម្ដៅ។ល។

ដោយ​អាច​ហោះ​ក្នុង​ល្បឿន ២៤០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រង្វង់​ប្រតិបត្តិការ​ជិត ១០០ គីឡូម៉ែត្រ និង​មិន​បញ្ចេញ​សំឡេង​ខ្លាំង កូន​យន្តហោះ Maker សមស្រប​សម្រាប់​ជើង​ហោះ​រយៈ​ចម្ងាយ​ខ្លី​នៅក្នុង​ទីក្រុងធំ។ Maker ប្រើប្រាស់​អគ្គិសនី​ទាំងស្រុង ដូច្នេះ​វា​មិន​បញ្ចេញ​ឧស្ម័ន​ពុល។ វា​ក៏​ហោះហើរ​យ៉ាង​ស្រួល ដោយមាន​សំឡេង​រំខាន​ត្រឹមតែ ៤៥ dB ប៉ុណ្ណោះ។

«ជោគជ័យ​ក្នុងការ​ហោះហើរ​សាកល្បង​នៅនឹងកន្លែង​លើកដំបូង​នេះ យើង​បាន​បោះ​ទៅមុខ ១ ជំហាន និង​បញ្ជាក់ថា ក្រុមហ៊ុន Archer អាចធ្វើ​ការ​ក្នុង​ល្បឿន​លឿន​ដោយ​មិន​ប៉ះពាល់​ដល់​គុណភាព និង​សុវត្ថិភាព» Adam Goldstein ស្ថាបនិក​របស់​ក្រុមហ៊ុន Archer ថ្លែង​ដូច្នេះ និង​បន្ថែមថា «យើង​ត្រៀមខ្លួន​ដើម្បី​បន្តការងារ​ជាមួយនឹង​ល្បឿន​នេះ ដើម្បី​ផ្ដល់​សេវាកម្ម​ហោះហើរ​រួម​នៅ​ចុងឆ្នាំ ២០២៤»៕

Advertisement