មនុស្ស​អាច​រុញច្រាន​ផែនដី​​គេច​ចេញ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ដើម្បី​រក្សា​ជីវិត ដោយ​ប្រើ​រ៉ុក្កែត​យក្ស​នៅ​ប៉ូល​ខាងត្បូង

នៅពេល​ព្រះអាទិត្យ​បញ្ចេញ​ថាមពល​ច្រើន​ហួស ការ​រុញ​ផែនដី​ឱ្យចេញ​ឆ្ងាយ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រុញច្រាន​ដ៏​មហិមា អាចជា​ជម្រើស​មួយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​គិតដល់។

ក្នុង​រយៈពេល​មួយ​ពាន់​លាន​ឆ្នាំ​ទៀត ព្រះអាទិត្យ​នឹង​បញ្ចេញ​កម្ដៅ​ខ្លាំង​ជាង​បច្ចុប្បន្ន នាំឱ្យ​បរិមាណ​នៃ​អុកស៊ីសែន​នៅលើ​ផែនដី​ត្រូវ​ថយចុះ​រហូតដល់​ថ្នាក់​មិនអាច​ទ្រទ្រង់​ជីវិត​ស្មុគស្មាញ​បន្តទៀត​បាន នេះ​បើតាម​អត្ថបទ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី Nature Geoscience។

អ្នកវិទ្យាសាស្ត្រ Ethan Siegel បានលើកឡើង​នូវ​ដំណោះស្រាយ​ដ៏​មហាអស្ចារ្យ​មួយ នោះ​គឺ​ការដំឡើង​ម៉ាស៊ីន​រ៉ុក្កែត​ខ្នាត​យក្ស​នៅ​តំបន់​ប៉ូល​ខាងត្បូង ដើម្បី​ផ្លាស់​ទី​គន្លង​គោចរ​របស់​ផែនដី។

ជាការ​ពិត បរិ​មាណនៃ អេ​ល្យូ​ម ក្នុង​ស្នូល​របស់​ព្រះអាទិត្យ ចេះតែ​កើនឡើង​ទៅតាម​ពេលវេលា ដែលនាំឱ្យ​វា​រួញ​ចូល​មកវិញ​ដោយសារតែ​កម្លាំង​ទំនាញ បណ្ដាលឱ្យ​ស្នូល​ខាងក្នុង​ព្រះអាទិត្យ​ឡើង​កម្ដៅ​កាន់តែខ្លាំង ធ្វើឱ្យ​ដំណើរ​នៃ​ប្រតិកម្ម​នុយ​ក្លេ​អែរ​កាន់តែ​លឿន​ជាង​មុន។ ប្រការនេះ​នឹង​នាំឱ្យ​បរិមាណ​ថាមពល​ដែល​ព្រះអាទិត្យ​បញ្ចេញ​មក​ក្រៅ ត្រូវ​កើនឡើង​ប្រហែល 10% ក្នុង​រយៈពេល​មួយ​ពាន់​លាន​ឆ្នាំ ខណៈដែល​ផែនដី​មានតែ​ខែល​ធម្មជាតិ​ប៉ុណ្ណោះ​សម្រាប់​ការពារ​ខ្លួន។ ដូច្នេះហើយ​បានជា អ្នកវិទ្យាសាស្ត្រ Ethan Siegel លើកឡើង​នូវ​វិធីសាស្ត្រ​នេះ។

លោក Ethan Siegel គណនា​ឃើញថា ផែនដី​ត្រូវ​ការផ្លាស់​ទី​ចេញ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ប្រមាណ 4.9% បន្ថែមទៀត ពី​គ​ម្លា​ត់​មធ្យម 149.6 លាន​គីឡូម៉ែត្រ ឡើងទៅ 164 លាន​គីឡូម៉ែត្រ ដើម្បី​រក្សា​បរិ​មាណនៃថា​ម​ពល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យ​ឱ្យនៅ​ដូច​បច្ចុប្បន្ន។

ម៉ាស៊ីន​ដែល​ប្រើប្រាស់​សម្រាប់​ការផ្លាស់​ទី​ផែនដី​នេះ នឹងត្រូវ​ការ​ថាមពល​ច្រើនជាង 500,000 ដង ធៀប​នឹង​ថាមពល​សរុប​ដែល​មនុស្សជាតិ​បង្កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពីរពាន់​លាន​ឆ្នាំ។ សាស្ត្រាចារ្យ Ethan Siegel ថ្លែងថា ប្រភព​ថាមពល​នេះ អាច​ត្រូវ​បានផ្ដល់​ដោយ​ប្រព័ន្ធ​ផ្ទាំង​សូ​ឡា​ដ៏​មហិមា។

ម៉ាស៊ីន​រុញច្រាន​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​ប៉ូល​ខាងត្បូង​របស់​ផែនដី។ វា​នឹងមិន​រាំងស្ទះ​ដល់​ទិសដៅ​បច្ចុប្បន្ន​របស់​ផែនដី ហើយ​ឆ្លងកាត់​រាប់លាន​ឆ្នាំ វា​អាច​នាំ​ផែនដី​ទៅកាន់​គន្លង​គោចរ​ធំ​ជាង និង​សុវត្ថិភាព​ជាង ធៀប​នឹង​ព្រះអាទិត្យ។

យន្តការ​នៃ​ការផ្លាស់​ទី​អាច​រួមមាន​ទាំង​ការបាញ់​ចេញ​នូវ​រលក​នៃ​គ្រាប់​ដែល​ផ្ទុក​អគ្គិសនី ដែល​អាច​រុញច្រាន​ផែនដី​ទៅមុខ​ដោយ​ប្រើ​គោលការណ៍​រូបវិទ្យា​ដូច​ទៅនឹង​ការបាញ់​បង្ហោះ​រ៉ុក្កែត​ចូលទៅក្នុង​ទី​អវកាស ប៉ុន្តែ​ទាមទារ​ឱ្យមាន​ថាមពល​ប្រហាក់ប្រហែល​នឹងការបាញ់​រ៉ុក្កែត​ឡើង​ទី​អវកាស​ចំនួន 300,000,000,000,000,000,000 ដង​ឯណោះ។

យោងតាម​សាស្ត្រាចារ្យ Siegel គន្លង​គោចរ​ថ្មី​នឹង​នាំ​ផែនដី​ចេញពី​ផ្លូវ​គោចរ​របស់​វត្ថុ​អវកាស​មួយចំនួន និង​ចូល​ទៅដល់​ផ្លូវ​ហោះហើរ​របស់​វត្ថុ​អវកាស​ដទៃ។ ប៉ុន្តែ យើង​អាច​សម្រេច​គោលដៅ​នៃ​ការកាត់បន្ថយ​បរិមាណ​វិទ្យុសកម្ម​ដែល​ជះ​ចេញពី​ព្រះអាទិត្យ​មកលើ​ផែនដី៕

Advertisement