ByteDance បញ្ចេញ App ផ្សារ​អន​ឡាញ ជួយ​ដល់​អ្នក​លក់រាយ​លើ​បណ្ដាញ​សង្គម TikTok

ByteDance បានចេញ​កម្មវិធី​សម្រាប់​អ្នកលក់​ទំនិញ​នៅលើ TikTok ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ហាង​ឌីជីថល​របស់​ពួកគេ ដែល​នេះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​ចាប់យក​ឱកាស និង​ទីផ្សារ​ដ៏​ធំ​សម្បើម​ដែល​ខ្លួន​កំពុង​មានប្រៀប​ជាង​គូប្រជែង។

សារព័ត៌មាន SCMP បានឱ្យដឹងថា កម្មវិធី (App) ដែល​ត្រូវបាន​ក្រុម TikTok នៅ សិង្ហ​បុរី អភិវឌ្ឍ បានបង្ហាញ​ខ្លួន​កាលពី​សប្ដាហ៍​មុន ក្នុង​គ្រា​ដែល​ស្ថាបនិក​របស់ ByteDance លោក Zhang Yiming បាន​ទៅកាន់​ទីនោះ។

ByteDance ថ្មីៗនេះ បាន​ពង្រីក​ក្រុមការងារ​របស់ខ្លួន​នៅ សិង្ហ​បុរី ដើម្បី​ជួយ​ដល់​ការពង្រីក​ខ្លួន​ជាស​កល​របស់​ក្រុមហ៊ុន​នេះ។

កាលពី​ខែកុម្ភៈ ពួកគេ​បាន​ឧទ្ទេសនាម Seller University ដែលជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មួយ ជួយ​ដល់​អ្នកជំនួញ លក់ទំនិញ​នៅលើ TikTok។ កាលពី​រដូវក្ដៅ ក្រុមហ៊ុន​នេះ​ក៏បាន​ដំណើរការ​សាកល្បង​មុខងារ TikTok Shopping នៅ សហរដ្ឋ​អាម៉េរិក អង់គ្លេស និង កាណាដា ដែល​បាន​សហការ​ជាមួយ Shopify។

យោងតាម​សារព័ត៌មាន​ចិន បច្ចុប្បន្ន កម្មវិធី TikTok Seller កំពុង​ត្រូវបាន​ប្រើប្រាស់​ភាគច្រើន​ដោយ​អ្នកជំនួញ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រៅពី​ប្រទេស​ចិន បច្ចុប្បន្ន TikTok បានចាប់ផ្ដើម​សាកល្បង​ដំណើរការ​មុខងារ​លក់រាយ​អន​ឡាញ​នៅ ឥណ្ឌូនេស៊ី និង អង់គ្លេស កាលពីដើមឆ្នាំ។

តាម​ការ​ព្យាករ​ឆ្នាំ 2021 របស់ Adobe Digital Economy Index វិស័យ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក មានតម្លៃ 4.2 ពាន់​លាន​ដុល្លារ៕

Advertisement