Mercedes-Benz វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​លើ​ការផលិត​ឡាន​អគ្គិសនី

ទស្សនាវដ្ដី Automobilwoche រាយការណ៍​ថា ក្រុមហ៊ុន Mersedes-Benz នឹង​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ធ្វើ​ទំនើបកម្ម​បណ្ដា​រោងចក្រ​របស់​ពួកគេ​នៅ​ប្រទេស​ចិន អាល្លឺម៉ង់ និង​ហុង​គ្រី​នាពេលខាងមុខ ក្នុង​បំណង​ត្រៀមខ្លួន​ដើម្បី​​ផ្លាស់ប្ដូរ​ទៅរក​រថយន្ត​អគ្គិសនី និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន។

សហភាព​អឺរ៉ុប​បានកំណត់​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ពាក់កណ្ដាល​សម្រាប់​រថយន្ត​ដឹក​ភ្ញៀវ​ត្រឹម​ចុង​ទសវត្សរ៍​នេះ និង​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ស្ដីពី​កាលបរិច្ឆេទ​ចុងក្រោយ​គឺ​នៅ​ឆ្នាំ 2035 ដើម្បី​បញ្ចប់​ការលក់​រថយន្ត​ដើរ​ដោយ​ឥន្ធនៈផូស៊ីល។

ក្រុមហ៊ុន Mercedes បានឱ្យដឹងថា ពួកគេ​នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ចាប់ពី​ចុង​ទសវត្សរ៍​នេះ នៅពេល​លក្ខខណ្ឌ​ទីផ្សារ​អនុញ្ញាត។ ប្រធាន​ផ្នែក​ផលិត Joerg Burzer របស់ Mercedes បាន​និយាយថា «យើង​កំពុង​វិនិយោគ​ប្រាក់​ឡើងដល់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​រោងចក្រនីមួយៗក្នុងពេល​ខាងមុខ»។ លោក​បន្តថា ខ្ទង់​ប្រាក់​វិនិយោគ​នេះ​នឹង​ប្រើប្រាស់​នៅក្នុង​បណ្ដា​រោងចក្រ​នៅ​រដ្ឋធានី​របស់​ប្រទេស​ចិន ទីក្រុង Rastatt របស់​អាល្លឺម៉ង់ និង Kecskemet របស់​ហុង​គ្រី។

Automobilwoche ក៏បាន​រាយការណ៍​ថា Mercedes ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ពង្រីក​រោងចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋ​អាម៉េរិក ជាទី​ដែល​ក្រុមហ៊ុន​នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​គោលនយោបាយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ទៅតាម​ច្បាប់​កាត់បន្ថយ​អតិផរណា​ដែល​បង្កើតឡើង​កាលពី​ឆ្នាំមុន៕

Advertisement