(វីដេអូ)-តាក់ស៊ី​ហោះ ប្រើ​ស្លាប​កង្ហារ​ចំនួន 18 ហោះ​ហើរ​​ដឹក​មនុស្ស​ដោយ​ជោគជ័យ នៅ អាមេរិក

តាក់ស៊ី​ហោះ​របស់ startup អាល្លឺម៉ង់ ឈ្មោះ Volocopter អាច​ហោះហើរ​ឡើងដល់​កម្ពស់ 50 ម៉ែត្រ និង​ហោះ​បាន​រយៈពេល 4 នាទី ក្នុង​ល្បឿន 29 គីឡូម៉ែត្រ ក្នុង 1 ម៉ោង។

Volocopter 2X ដែលជា​តាក់ស៊ី​ហោះ ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី របស់​ក្រុមហ៊ុន អាល្លឺម៉ង់ Volocopter បាន​ឈានដល់​របត់​ថ្មី នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​អាកាសចរណ៍ Oshkosh ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 27 កក្កដា។ នេះ​គឺជា​យានជំនិះ​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ និង​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​គេ ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​សាកល្បង​ហោះហើរ​ដឹក​មនុស្ស​នៅ​ទីសាធារណៈ នៅ សហរដ្ឋអាមេរិក។

តាក់ស៊ី​ហោះ​របស់​ក្រុមហ៊ុន Volocopter បាន​ហោះហើរ​សាកល្បង​ដោយ​មិនមាន​ដឹក​មនុស្ស ជាង 100 លើក​មកហើយ ក្នុងអំឡុង​ច្រើន​ឆ្នាំ​កន្លង។ ការហោះហើរ​ដែលមាន​ដឹក​មនុស្ស​ដំបូង ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស អាល្លឺម៉ង់ កាលពី​ឆ្នាំ 2016។ តាំងពី​នោះមក Volocopter បាន​ហោះហើរ​ដឹក​មនុស្ស និង​មិន​ដឹក​មនុស្ស​ជា​បន្តបន្ទាប់ នៅ សិង្ហ​បុរី អារ៉ាប់​រួម ព្រមទាំង​ធ្លាប់បាន​ហោះ​សំដែង​នៅលើ​ឆាក​នៃ​ពិធី​តាំងពិព័រណ៍​អេឡិចត្រូនិក CES នៅ Las Vegas កាលពី​ឆ្នាំ 2018 ផងដែរ។

Volocopter 2X បំពាក់​ប្រព័ន្ធ​ស្លាប ដែលមាន​កង្ហារ​ចំនួន 18 គ្រឿង។ កាលពី​ថ្ងៃទី 27 កក្កដា តាក់ស៊ី​នេះ បាន​ហោះហើរ​នៅឯ​ព្រលានយន្តហោះ​តំបន់ Wittman (Wittman Regional Airport)។

 

តាក់ស៊ី​ហោះ​របស់ startup អាល្លឺម៉ង់ Volocopter អាច​ហោះហើរ​ឡើងដល់​កម្ពស់ 50 ម៉ែត្រ និង​ហោះ​បាន​រយៈពេល 4 នាទី ក្នុង​ល្បឿន 29 គីឡូម៉ែត្រ/ម៉ោង។ កំណែ​មួយ​ផ្សេងទៀត​របស់ Volocopter 2X ត្រូវបាន​ដាក់តាំង​នៅលើ​ដី ដើម្បីឱ្យ​អ្នកចូលរួម អាច​ពិនិត្យមើល​បាន​ដោយ​គ្រប់​ជ្រុងជ្រោយ។

«តាក់ស៊ី​ហោះ ជិត​ត្រូវបាន​បង្ហាញខ្លួន ហើយ​យើង​កំពុង​ប្រឹងប្រែង​ដើម្បី​ធ្វើការ​ហោះហើរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី នៅឯ​ទីក្រុង​នានា​ក្នុង​ពិភពលោក ក្នុង​រយៈពេល ពី 2 ទៅ 3 ឆ្នាំ» CEO របស់ Volocopter លោក Florian Reuter បាន​ប្រាប់​ដូច្នេះ៕

ប្រភព៖ New Atlas
ប្រែ​សម្រួល៖ បុត្រា

Advertisement