ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កើនឡើង​ជាង 50%នៅ​កម្ពុជា

ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​រីកចម្រើន បច្ចុប្បន្ន​គេ​មើលឃើញថា ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង​ខ្លាំង​រហូតដល់​ប្រមាណ​ជាង 50% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក ឡាយ សុខ​ហេង ប្រធាន​ផ្នែក​នៃ​ខុទ្ទកាល័យ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា បើតាម​ការស្រាវជ្រាវរ​បស់​វិទ្យាស្ថាន Fin Trust នៃ​អង្គការ Fin scope បាន​បង្ហាញថា ការ ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​ប្រមាណ​ជាង 50% នៅ​កម្ពុជា ដែល​ក្នុងនោះ​មានដូចជា ការទូទាត់​ប្រាក់​តាមរយៈ​ការ​ស្គែ​ន​បា​រ៍កូត​ក្នុង​ទូរស័ព្ទដៃ ការបង់​វិក្កយបត្រ​ទឹក​ភ្លើង ឬ​សេវា

អុ​ី​ន​ធើ​ណិ​ត​តាមរយៈ​ទូរស័ព្ទដៃ ការប្រើ Visa Card ឬ Master Card សម្រាប់​ទិញ​ទំនិញ​តាម​អន​ឡាញ​ការទិញ​ទំនិញ​នៅតាម​ហាង ឬ​ផ្សារ​ទំនើប​នានា​ដោយ​ទូទាត់​ប្រាក់​តាមរយៈ App Pay go ឬ Pi payក្នុង​ទូរស័ព្ទដៃ ដែល​តម្រូវឱ្យ​ដាក់​ប្រាក់​ចូល​គណនី​របស់ខ្លួន​ជាមុន​តាមរយៈ​ម៉ាស៊ីន​ដាក់​ប្រាក់ ឬ​ហៅថា​ម៉ាស៊ីន Cash in ដែលមាន​នៅតាម Star Mart និង​ធនាគារ ABA គ្រប់​ទីកន្លែង។

លោក​បន្តថា អ្វីដែល​ធ្វើឱ្យ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​ខ្លាំង​នៅ​កម្ពុជា គឺ​ដោយសារតែ​ប្រព័ន្ធ​ទាំងនេះ​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដោយ​គ្រាន់តែ​អតិថិជន​បើក​គណនី​ប្រើប្រាស់​សាច់ប្រាក់​នៅក្នុង​ម៉ាស៊ីន​ទូទាត់​ប្រាក់​ណាមួយ ហើយ​យកប្រាក់​ទៅ​ដាក់​ដោយ​ខ្លួនឯង ឬ​ផ្ទេរ​ពី​គណនី​ធនាគារ​ចូលទៅ​ម៉ាស៊ីន គឺអាច​ដក​ចាយ​បាន​គ្រប់​ទីកន្លែង​ដែលមាន​ម៉ាស៊ីន

នេះ​ប្រើប្រាស់ ដូចជា​នៅតាម​ធនាគារ តាម​ផ្សារ​ទំនើប តាម Star Mart នានា​ដែលមាន​វត្តមាន​នៅតាម​ទីប្រជុំជន​ទូទាំង​រាជធានី​ភ្នំពេញ។

លោក ចាន់ សុ​វណ្ណៈ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អគ្គិសនី​សឡា បាន​លើកឡើងថា តាម​បទពិសោធ លោក​មិនសូវ​កាន់​ប្រាក់សុទ្ធ​ដាក់​តាម​ខ្លួន​នោះទេ ព្រោះថា ខ្លាច​ជួប​ហានិភ័យ​បាត់បង់​ដោយ​ប្រការ​ណាមួយ ឬ​ខ្លាច​មាន​អំពើចោរកម្ម​ឆក់​ប្លន់ផ្សេងៗ ដូច្នេះ​លោក​ដាក់​ប្រាក់​បញ្ចូល​ក្នុង​គណនី​របស់ខ្លួន​តា​មរយៈ​ធនាគារ ឬ​ម៉ាស៊ីន​ដាក់​ប្រាក់​ដើម្បី​ងាយស្រួល​សម្រាប់​ការចាយវាយ​ផ្ទាល់ខ្លួន​ផ្សេង។

ជាមួយគ្នានេះដែរ លោក ជា សេរី​វ​ឌ្ឍ ជា​អតីត​ប្រធាន​ក្រុមហ៊ុន Blend Solutions Co, ltd ដែល​សព្វថ្ងៃ​លោក​ជា​ប្រធាន​ផ្នែក Business Process Automation នៃ​ក្រុមហ៊ុន Microsoft ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ថា អ្វីដែល​ធ្វើឱ្យ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មានការ​កើនឡើង​ឆាប់រហ័ស​គឺ​ដោយសារ​ប្រជាជន​ភាគច្រើន(7,1លាន​នាក់)អាច​ប្រើប្រាស់​ប្រព័ន្ធ​អុ​ី​ន​ធើ​ណែ​ត​តាម​ទូរស័ព្ទដៃ​បាន ហើយ​ពួកគាត់​មាន​ជំនឿ​ខ្លាំង​លើ​ប្រព័ន្ធ​នេះ ព្រោះ​ពួកគាត់​អាច​ឃើញ​របាយការណ៍ភ្លាមៗ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ផ្តល់​ភាពងាយស្រួល ពោលគឺ​អតិថិជន​មិនចាំបាច់​កាន់​ប្រាក់​ច្រើន​ទៅតាម​ខ្លួន​នាំឱ្យ​លំបាក​គ្រប់គ្រង​ប្រាក់រៀលតូចៗ ឬ​ភ័យខ្លាច​បាត់បង់​នោះទេ ដោយសារ​ប្រព័ន្ធ ​Payment តាម​អេឡិចត្រូនិក​នេះ​ត្រូវគេ​បង្កើតឡើង​ដោយ​គិតគូរ​តាំងពី​ប្រាក់​តិចតួច​ចាប់តាំងពី​មួយ​កាក់​មួយ​សេន​ឡើងទៅ ដោយ​មិន​លម្អៀង ឬ​បាត់បង់​ឡើយ មិន​ថា​ប្រាក់​នោះ​មាន​ចំនួន​តិច​ប៉ុនណា​ក៏ដោយ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​ទុកចិត្ត​ខ្ពស់។

យ៉ាងណាក៏ដោយ លោក​ជឿជាក់ថា ប្រព័ន្ធ Payment តាមរយៈ​ម៉ាស៊ីន Cash In នេះ​មិន​ប៉ះពាល់​ទៅដល់​ការប្រើ Visa Card ឬ Master Card របស់​ធនាគារ​នោះឡើយ ដោយសារ​ប្រព័ន្ធ​ទាំងពីរ​នេះ​មាន​ដែន​វិសាលភាពផ្សេងៗ ដូចជា​ម៉ាស៊ីន Pay Go ឬ Pi Pay ភាគច្រើន​ត្រូវគេ​ប្រើ​នៅក្នុង​ហាង ឬ​ផ្សារ​ទំនើប​តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់ Master Card ឬ Visa Card អាច​ប្រើប្រាស់​ដក​សាច់ប្រាក់​បាន​គ្រប់​ទីកន្លែង​តាម​ម៉ាស៊ីន ATM ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​រួមគ្នា​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី។

យ៉ាងណាក៏ដោយ​លោក ជា សេរី​វ​ឌ្ឍ បាន​បញ្ជាក់ដែរថា បើតាម​បទពិសោធ​របស់​ក្រុមហ៊ុន Alipay Wallet នៅ​ប្រទេស​ចិន​វិញ ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ទំនើប​មួយ​នេះ​បាន​វាយប្រហារ​ប្រព័ន្ធ​ធនាគារ​ស្ទើរតែ​រលំ​ទៅហើយ។ លោក​បញ្ជាក់​ដូច្នេះ​ថា “ការវាយប្រហារ​នេះ គឺ​ដោយសារតែ​ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល ដោយ​វា​អនុញ្ញាតឱ្យ​អតិថិជន ទិញ-លក់បាន​ស្ទើរ​គ្រប់​ហាង​ទាំងអស់ សឹងតែ​មិនបាច់​កាន់​លុយ​សុទ្ធ មិន​ត្រឹមតែ​ប៉ុណ្ណោះ Alipay Wallet នេះ​ផ្តល់​ការប្រាក់​ដល់​អតិថិជន​ក្នុង​កម្រិត​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ធនាគារ​ផងដែរ។ ករណីនេះ​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ព្រោះថា បើសិនជា​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ពិចារណា​ផ្លាស់ប្តូរ​ទៅជា​ប្រព័ន្ធ​អេឡិចត្រូនិក (Electronic Banking)ទេ ហើយ​នៅតែ​រក្សា​ទម្រង់​ដើម​សម្រាប់តែ​ផ្តល់​កម្ចី ឬ​ដាក់​ប្រាក់​បញ្ញើ​នោះ វា​អាច​នឹង​ដើរ​មិនទាន់​សម័យកាល​បច្ចេក​វិទ្យា​នេះឡើយ។

លោក​បានផ្តល់​អនុសាសន៍​ថា ទោះយ៉ាងណា​ការ​ប្រែក្លាយ​ខ្លួន​ទៅជា Electronic Banking ក៏​មិនមែន​ងាយស្រួល​នោះដែរ បើសិនជា​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​មាន​ភាពទន់ខ្សោយ គឺ​គេ​អាច Hack បាន ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​ចរន្ត​សាច់ប្រាក់​របស់​ធនាគារ​ទាំងមូល៕

Advertisement