ធ្លាយ​ព័ត៌មាន «នាវាមុជទឹក​សហរដ្ឋ​អាមេរិក ប្រទះឃើញ UFO ហោះហើរ និង​មុជទឹក​ក្រោម​ទឹកសមុទ្រ ក្នុង​ល្បឿន​មហា​លឿន

រូបភាព​ឧទាហរណ៍

អ្នកយកព័ត៌មាន​មួយរូប​របស់​ទស្សនាវដ្ដី Washington Examiner ទើបតែ​បាន​បង្ហើប​ឱ្យដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន​ប្រទះឃើញ​វត្ថុ​ចម្លែក​មួយចំនួន​ដែល​ផ្លាស់​ទី​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ខាងក្រោម​ផ្ទៃ​ទឹកសមុទ្រ សង្ស័យថា​ជា យានអវកាស​របស់​ម​នុស្ស​ពិភព​ផ្កាយ។

យោងតាម​សារព័ត៌មាន Sputnik អ្នក​កែ​សែត​ឈ្មោះ Tom Rogan ដែល​ធ្វើ​ការឱ្យ​ទស្សនាវដ្ដី Washington Examiner បាន​ចែករំលែក​ឱ្យដឹងពី​ហេតុការណ៍​ខាងលើ ជាមួយនឹង​ពិធីករ Tucker Carlson របស់​ទូរទស្សន៍ Fox News ក្នុងពេល​កំពុង​ជជែក​គ្នា​អំពី​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha កាលពី​ខែកក្កដា ឆ្នាំ2019។ វីដេអូ​ខ្លី​មួយ​នេះ បង្ហាញ​ពី​វត្ថុ​ចម្លែក​មួយ​ដែលមាន​រូបរាង​តូច និង​សណ្ឋាន​មូល ហោះ​ក្បែរ​ផ្ទៃ​ទឹកសមុទ្រ រួច​ក៏​មុជ​ចូលក្នុង​ទឹក។

អ្នកសារព័ត៌មាន Rogan និយាយថា ក្រៅពី​វីដេអូ​បង្ហាញ​ពី​វត្ថុ​ហោះ និង​មុជទឹក​ដ៏​ចម្លែក ដែល​ត្រូវបាន​គេ​សង្ស័យថា​មកពី​ពិភព​ខាងក្រៅ នាវាមុជទឹក​វាយប្រហា​រ និង​នាវាមុជទឹក​នុយ​ក្លេ​អែរ របស់​សហរដ្ឋអាមេរិក ក៏​ចាប់បាន​រលកសញ្ញា​រប​ស់​វត្ថុ​ចម្លែក​មួយចំនួន ដែល​ផ្លាស់​ទី​ក្នុង​ល្បឿន​រាប់រយ knot (1 knot ប្រហែល​នឹង 1.85 គីឡូម៉ែត្រ/ម៉ោង) ក្រោម​ទឹកសមុទ្រ​ផងដែរ។

Rogan ថ្លែងថា លោក​ទទួលបាន​ព័ត៌មាន​នេះ ពី​ប្រភព​មួយចំនួន​ដ៏​គួរ​ជាទី​ទុកចិត្ត និង​បាន​អះអាងថា កងទ័ពជើងទឹក​រប​ស់ សហរដ្ឋអាមេរិក ក៏មាន​ទិន្នន័យ​ទាក់ទិន​នឹង​ហេតុការណ៍​នេះដែរ។

ទូរទស្សន៍ RT របស់​រុស្ស៊ី បានឱ្យដឹងថា នៅក្នុង​អំឡុង​ពេលដែល​វីដេអូ​ខាងលើ​ត្រូវបាន​ថត​កាលពី​ខែកក្កដា ឆ្នាំ​2019 មាន​នាវាចម្បាំង​សហរដ្ឋអាមេរិក ចំនួន 3គ្រឿង រួមមាន USS Kidd, USS Rafael Peralta និង USS John Finn ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​តំបន់ San Diego ត្រូវបាន​យាន​ហោះហើរ​ចម្លែក​ចំនួន 6​គ្រឿង ហោះ​មក​ក្បែរ ក្នុង​ល្បឿន 64គម/ម៉ោង អស់​រយៈពេល​ជាច្រើន​ថ្ងៃ។ យាន​ចម្លែក​ទាំងនេះ ត្រូវបាន​គេ​ជឿថា មាន​សមត្ថភាព​អស្ចារ្យ​ជាង​យន្តហោះ​គ្មាន​មនុស្ស​បើក របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ទៅទៀត៕

ប្រភព៖ Fox News, Sputnik
ប្រែ​សម្រួល៖ បុត្រា

Advertisement