​ចិន អភិវឌ្ឍ​រថភ្លើង​អណ្ដែត (Maglev Levitation) អាច ​«ហោះ» ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង

រូប​ភាព​និយាយ​អំពី​រថភ្លើង​អណ្ដែត​ក្នុង​បំពង់​

ក្រុម​អ្នកជំនាញ​ចិន អភិវឌ្ឍ​ប្រព័ន្ធ​សាកល្បង​មួយ​ដែល​អាច​បង្កើនល្បឿន​រប​ស់​រថភ្លើង​នៅក្នុង​ផ្លូវ​បំពង់ ​ឡើងដល់ 1,000 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​រថភ្លើង​ប្រភេទ​អណ្ដែត (Magnetic levitation transport ឬហៅ​ថា maglev) នាបច្ចុប្បន្ន។

ក្រុម​វិស្វករ​ចិន ដែល​ធ្វើការ​នៅក្នុង​គម្រោង​នៅ​ភាគ​កណ្ដាល​ប្រទេស បានឱ្យដឹងថា ពួកគេ​បាន​ឆ្ពោះទៅរក​ការសាងសង់​ប្រព័ន្ធ​ចរាចរណ៍​ប្រភេទ​អណ្ដែត (maglev) នៅក្នុង​បំពង់​ដែលមាន​ការ​កកិត​កម្រិត​ទាប និង​មាន​ល្បឿន​លឿន តាមរយៈ​ការ​បូកផ្សំ​រវាង​បច្ចេកវិទ្យា​ផ្លូវដែក និង​អវកាស​ចរណ៍ នេះ​បើ​តាំ SCMP ចេញផ្សាយ​កាលពី​ថ្ងៃទី 24 តុលា។

ក្រុម​វិស្វករ​មកពី​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​អវកាស​ចរណ៍​ចិន (CASIC) សង្ឃឹមថា ពួកគេ​អាច​ដំណើរការ​រថភ្លើង​អណ្ដែត​នៅក្នុង​បំពង់​ដែលមាន​បរិយាកាស​ស្ដើង​បំផុត ដែល​នេះ​មានន័យថា រថភ្លើង​នឹង «ហោះ​លើ​ផ្ទៃដី» ក្នុង​ល្បឿន​ស្មើនឹង​យន្តហោះ។ បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ពីរធំៗនៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក រួម​មានការ​កកិតរ​វាង​កង់​រថភ្លើង​ជាមួយនឹង​ផ្លូវដែក និង​កម្លាំង​កកិត​រវាង​ខ្យល់​ជាមួយនឹង​រថភ្លើង។

ផ្លូវ​រថភ្លើង​អណ្ដែត​ក្នុង​បំពង់​ប្រវែង 2 គីឡូម៉ែត្រ​នៅ​ទីក្រុង Datong ក្នុង​ខេត្ត Shanxi ប្រទេស​ចិន យក​លំនាំ​តាម​គម្រោង Hyperloop របស់​មហាសេដ្ឋី​អាម៉េរិក អ៊ី​ឡុ​ន ម៉ាស។ CASIC ឱ្យដឹងថា ខ្លួន​កំពុង​កាន់កាប់​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ផ្លូវ​រថភ្លើង​អណ្ដែត​នៅ Shanxi នេះ។

ក្រុម​ហ៊ុន CASIC កំពុង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​អណ្ដែត​ក្នុង​បំពង់ ​នៅ​ទីក្រុង Datong ក្នុង​ខេត្ត Shanxi ប្រទេស​ចិន

Zhao Ming ប្រធាន​ផ្នែក​បច្ចេកវិទ្យា maglev នៅ CASIC និយាយថា រថភ្លើង​អណ្ដែត​ថ្មី​នឹងមាន​សុវត្ថិភាព និង​ស្ថិរភាព​ដូច​យន្តហោះ។ យោងតាម​លោក Zhao Ming គម្លាត​រវាង​ទីក្រុងធំៗនៅ ប្រទេស​ចិន ឡើងដល់​ជាង 965 គីឡូម៉ែត្រ ដូច្នេះ​គេ​ត្រូវការ​មធ្យោបាយ​ដែល​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង។

ក៏ប៉ុន្តែ Lu Fang ដែលជា​វិស្វករ​នៅ​សាកលវិទ្យាល័យ​ចរាចរណ៍​ប៉េកាំង ឱ្យដឹងថា គម្រោង​ខាងលើ​មាន​ហានិភ័យ​ច្រើន​ទាក់ទិន​នឹង​បច្ចេកវិទ្យា មានដូចជា រថភ្លើង​អាច​ឃ្លាត​ចេញពី​ផ្លូវដែក ឬ​ដាច់​ហ្វ្រាំង​ជាដើម។ ក្រៅពីនេះ ការចំណាយ​ខ្ពស់​ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​រថភ្លើង​អណ្ដែត​ក្នុង​បំពង់​ល្បឿន​លឿន​នេះ ​ក៏​ជា​ឧបសគ្គ​មួយ​ផងដែរ៕

Advertisement