អ្នក​អប់រំ​ផ្តល់​ដំបូន្មាន​ដើម្បី​គេច​ពី​ការបង្ខំ​ឱ្យ​រៀន​ជំនាញ​ដែល​មិន​ពេញចិត្ត

ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ជា​ជំហាន​ថ្មី​មួយ​ដែល​សិស្ស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់ ហើយ​ក្នុងនោះ​ការជ្រើសរើស​ជំនាញ​សិក្សា​ជា​ក្តីបារម្ភ​មួយ​ដែល​សិស្ស​ទាំងអស់​ពិបាក​សម្រេចចិត្ត។ មានគ្រួសារ​ខ្លះ​អាណាព្យាបាល​ដើរតួនាទី​ជា​អ្នក​តម្រង់ទិស​សិក្សា តែ​គ្រួសារ​ខ្លះ​ឪពុកម្តាយ​បាន​កំណត់ដោយ​អត្តនោម័តិ​ពី​ជំនាញ​ដែល​គាត់​ស្រឡាញ់​ខ្លួនឯង​ដើម្បីឱ្យ​កូន​របស់គាត់​ចាប់​ជា​អាជីព​សម្រាប់​ជីវិត។

បញ្ហា​នៃ​ការបង្ខំ​កូន​ឱ្យ​ជ្រើសរើស​ជំនាញ​សិក្សា​នេះ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការសិក្សា​របស់​កូន ឬ​អាច​បង្កើតជា​សម្ពាធ​ធំ​មួយ​សម្រាប់​ជីវិត​របស់​ពួកគេ ព្រោះថា​នៅពេលដែល​គេ​មិនបាន​សិក្សា​នូវ​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ គេ​នឹង​មិនអាច​ទទួលបាន​ផល​ល្អ​ក្នុងការ​សិក្សា​នោះទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គីម ដា​រ៉ា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia បាន​លើកឡើងថា ការដែល​អាណាព្យាបាល​បង្ខំ​ឱ្យ​រៀន​នូវ​អ្វីដែល​យើង​មិន​ស្រឡាញ់ វា​ធ្វើឱ្យ​យើង​បាត់បង់​កត្តា​ជំរុញ ហើយ​នៅពេលដែល​យើង​គ្មាន​កត្តា​ជំរុញ​វិជ្ជមាន យើង​នឹង​មិនអាច​ទទួលបាន​ល​ទ្ធ​ផល​ល្អ​ក្នុងការ​សិក្សា​នោះទេ។ លោក​បានបញ្ជាក់​ផងដែរ​ថា ដើម្បី​ដោះខ្លួន​ចេញពី​ការបង្ខំ​របស់​អាណាព្យាបាល លោក​បាន​បង្កើន​ភាពរឹងមាំ​ខ្លួនឯង តាមរយៈ​ការពន្យល់ និង​ឧស្សាហ៍​ប្រាប់​ពី​គុណ​តម្លៃ នៃ​អាជីព​ដែល​គាត់​ស្រឡាញ់​ទៅ​ឪពុកម្តាយ ដើម្បីឱ្យ​ម្តាយ​ឪពុក​បាន​យល់ និង​ដឹងថា​គាត់​អាចមាន​ជីវិត​បែបណា​នៅ​ថ្ងៃ​អនាគត។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «ឪពុកម្តាយ​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​នៅ​ថ្ងៃ​អនាគត តែ​ពេលខ្លះ​គាត់​ស្តាប់​យោបល់​ពី​មនុស្ស​ជុំវិញខ្លួន ឬ​មិនទាន់​ស្គាល់​ពី​អាជីព​ដែល​យើង​ចង់​រៀន ហេតុនេះ​ប្រសិនបើ​យើង​គ្មាន​ជំហរ​ច្បាស់លាស់ គាត់​នឹង​ទាញ​យើង​ឱ្យ​សិក្សា​នូវ​ជំនាញ​អ្វីដែល​គាត់​ខ្លួនឯង​ចូលចិត្ត»។

បង្ហាញ​ពី​ចំណុច​នេះដែរ លោក​សាស្ត្រាចារ្យ ស៊ិន បញ្ញា​វុ​ឌ្ឍី សាស្ត្រាចារ្យ​សេដ្ឋកិច្ច និង​ជា​សហ​អ្នកនិពន្ធ​សៀវភៅ​ស្តីពី​ការជ្រើសរើស​ជំនាញ​សិក្សា ធ្លាប់បាន​បង្ហាញថា អាណាព្យាបាល​ដែល​បង្ខំ​កូន​ឱ្យ​សិក្សា​នូវ​ជំនាញ​ដែល​កូន​មិន​ពេញចិត្ត​ជាច្រើន តែងតែ​មិនសូវ​ស្គាល់​ពីអ្វី​ដែល​កូន​នឹងធ្វើ ហើយ​គាត់​ស្គាល់​ជំនាញ​តិច និង​សង្ឃឹមថា​កូន​របស់គាត់​អាច​ក្លាយជា​មនុស្ស​ដូចជា​អ្នក​ដែល​គាត់​បានឃើញ​នៅ​ជុំវិញខ្លួន​គាត់។ ការដែល​កូន​ព្យាយាម​បង្ហាញ​នូវ​ចំណុច​វិជ្ជមាន ឬ​ហ៊ាន​និយាយ​ដោយត្រង់ៗ ទៅកាន់​អាណាព្យាបាល គាត់​នឹង​អាច​បើក​ចិត្ត​ទទួលយក​គំនិត​របស់កូនៗ ព្រោះថា​ប្រសិនបើកូនៗមាន​ភាពច្បាស់លាស់ អាណាព្យាបាល​អាច​នឹង​ទុកចិត្ត ឬ​មិនមាន​ភាព​រារែក​នោះទេ ក្នុងការ​ផ្គត់ផ្គង់​ឱ្យ​រៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ។

លោក សាស្ត្រាចារ្យ ស៊ិន បញ្ញា​វុ​ឌ្ឍី បាន​មានប្រសាសន៍ថា៖ «ដើម្បីឱ្យ​អាណាព្យាបាល​យល់​ពីអ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ព្យាយាម​សម្រប​ជាមួយនឹង​គាត់​ជាមុនសិន ដើម្បី​ចូល​ឱ្យ​កៀក​ជាមួយ​គាត់ ហើយ​ចាប់ផ្តើម​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ពិតប្រាកដ និង​បង្ហាញ​ពី​ចំណុច​ដែល​មិនអាច​ទៅរួច រួមទាំង​ផលវិបាក​មួយចំនួន​ដែល​កើតចេញពី​ជម្រើស​របស់​អាណាព្យាបាល​មកលើ​ពួកយើង។ នៅពេលដែល​ធ្វើបែបនេះ​បាន អាណាព្យាបាល​ប្រាកដជា​អាច​បើក​ចិត្ត​ទទួលយក​នូវ​អ្វីដែល​កូន​ស្រឡាញ់ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ​អភិវឌ្ឍ​ខ្លួនឯង​បានល្អ»៕

Advertisement