ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។

ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។

ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។

បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។

ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។

វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ NGC 7727 ដែល​ធំ​ជាង 150 លាន​ដង​ធៀប​នឹង​​ម៉ាស​ព្រះអាទិត្យ។

ចំណែក​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី Andromeda អាចមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 140 លាន​ដង។ កាឡាក់ស៊ី Cygnus A មាន​ប្រហោង​ខ្មៅ​ដែល​ធំ​ជាង 2.5 ពាន់​លាន​ដង​ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

ពេលនេះ​យើង​នឹង​ហោះ​ឆ្លងកាត់​ពពក​ផ្កាយដុះកន្ទុយ​ដែល​ព័ទ្ធជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (Oort cloud)។ ប្រហោង​ខ្មៅ M87 ដែល​ធ្ងន់​ជាង​ម៉ាស​ព្រះអាទិត្យ 5.4 ពាន់​លាន​ដង​គឺជា​ប្រហោង​ខ្មៅ​ដំបូង​គេ​ដែល​ត្រូវបាន​ថត​ដោយផ្ទាល់។

ប្រហោង​ខ្មៅ TON 618 ស្ថិតក្នុង​កាឡាក់ស៊ី​មួយ​ដែល​នៅ​ឆ្ងាយ​សែន​​​ឆ្ងាយ រហូតដល់​ពន្លឺ​របស់​វា​ត្រូវការ​ពេល 10 ពាន់​លាន​ឆ្នាំ​ទើប​មកដល់​ផែនដី។ ដោយមាន​ម៉ាស​ធំ​ជាង 66 ពាន់​លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ TON 618 គឺជា​ប្រហោង​ខ្មៅ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ​នៅក្នុង​ចក្រវាល​ដែល​អ្នកវិទ្យាសាស្ត្រ​​អាច​សង្កេតឃើញ។

Advertisement