ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។

យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។

ក្រុម​ហ៊ុន​ Zip2

ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។

ក្រុម​ហ៊ុន PayPal

ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 លោក Elon Musk ក៏​បាន​ចំណាយ​ 12 លាន​ដុល្លារ​ដើម្បី​បង្កើត​ក្រុម​ហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​អនឡាញ X.com។ ឆ្នាំ 2000 លោក​ក៏​យល់​ព្រម​ច្របាច់​បញ្ចូល​គ្នា​រវាង​ X.com និង​គូ​ប្រជែង Confinity ហើយ​ប្ដូរ​ឈ្មោះ​ទៅ​ជា PayPal។ ប៉ុន្តែ​ ក្រោយ​មក លោក​ក៏​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​កៅអី​ប្រធាន​។

PayPal ត្រូវ​បាន​ eBay ទិញ​ក្នុង​តម្លៃ 1.5 ពាន់​លាន​ដុល្លារ​កាល​ពិ​ឆ្នាំ 2002។​ លោក Elon Musk គឺជា​ភាគហ៊ុនិក​ធំជាង​គេ​ និង​ទទួលបានពី 160 ទៅ 180 លាន​ដុល្លារ​។ លោក​ក៏​ប្រើ​ប្រាស់​ប្រាក់​នេះ​វិនិយោគ​ទៅ​លើ SpaceX និង Tesla ដែល​ក្រុម​ហ៊ុន​នាំ​ឱ្យ​លោក​ក្លាយ​ជា​មហា​សេដ្ឋី​។

SpaceX

SpaceX គឺជា​ក្រុម​ហ៊ុន​អវកាស​ដែល​លោក Musk និង Tom Mueller បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2002​។ គោលដៅ​របស់​ពួក​គេ​គឺ​ការ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​មនុស្ស​ និ​ងទំនិញ​ឡើងទៅ​កាន់​ទីអវកាស​។ បច្ចុប្បន្ន SpaceX ត្រូវ​បាន​កំណត់​តម្លៃ​ឡើង​ដល់​ប្រហែល 150 ពាន់​លាន​ដុល្លារ​។

ក្រុម​ហ៊ុន Tesla

Tesla ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ឆ្នាំ 2003​។ បច្ចុប្បន្ន Tesla គឺជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើពិភពលោក។

SolarCity

ឆ្នាំ 2006 ដោយ​យោង​ទៅ​តាម​គំនិត​របស់​លោក Musk បងប្អូន​ជីដូន​មួយ​របស់​លោក​ គឺ Peter និង Lyndon Rive បាន​បង្កើត SolarCity ដែល​ផលិត​ផ្ទាំង​សូឡា​។ ក្រោយ​មក លោក​ Musk ក៏​ធ្វើ​ជា​ប្រធាន និង​ជា​ភាគហ៊ុនិក​ធំជាង​គេ​ក្នុង​ក្រុម​ហ៊ុន​នេះ​។

ឆ្នាំ 2016 Tesla ទិញយក​ SolarCity ក្នុង​តម្លៃ 2.6 ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​សកម្ម​ភាព​របស់​ Tesla Energy ក្នុងវិស័យ​រក្សា​ថាមពល​ព្រះ​អាទិត្យ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ស្ថានីយ​បញ្ចូល​អគ្គិសនី​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​រថយន្ត​អគ្គិសនី​។

OpenAI

ឆ្នាំ 2015 លោក Musk ចូល​រួម​បង្កើតក្រុម​ហ៊ុន​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ OpenAI ដែល​សិក្សា​ស្រាវ​ជ្រាវ​អំពី​បញ្ញា​សិប្បនិម្មិត។ ប៉ុន្តែ លោក Musk បាន​ចាកចេញ​ពី​ក្រុម​ហ៊ុន​នេះ​កាល​ពី​ឆ្នាំ 2018។

ឆ្នាំ 2019 OpenAI ទទួល​បាន​ប្រាក់​វិនិយោគ​មួយ​ពាន់​លាន​ដុល្លារ​ពី Microsoft។ បច្ចុប្បន្ន​ OpenAI បាន​ងាក​ទៅ​ស្វែង​រក​ប្រាក់កម្រៃ​ដោយ​មាន​ផលិត​ផល​សំខាន់​គឺ ChatGPT។

Neuralink

នេះគឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រសាទ​ដែល​លោក Musk បង្កើត​ឡើង​កាល​ពី​ឆ្នាំ 2016​។ គោលដៅ​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ដែល​ទាក់​ទង​នឹង​ខួរក្បាល និង​តភ្ជាប់​ខួរ​ក្បាល​មនុស្ស​ជាមួយ​នឹង​កុំព្យូទ័រ​តាម​រយៈ​ឧបករណ៍​តូច​ដែល​ភ្ជាប់​ក្នុង​ក្បាល​មនុស្ស​។

The Boring Company

ឆ្នាំ 2017 លោក Musk បង្កើត​ក្រុម​ហ៊ុននេះដើម្បី​ជួយ​ផ្លាស់​ប្ដូរ​បណ្ដាញ​គមនាគមន៍​នៅ​សហរដ្ឋ​អាម៉េរិក​។ ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រថយន្ត​ល្បឿន​លឿន​បើកបរ​ដោយ​ស្វ័យ​ប្រវត្ត​។

ក្រុម​ហ៊ុន X

X ដើម​ឡើយ​គឺជា​បណ្ដាញសង្គម​ Twitter ប៉ុន្តែ​ត្រូវ​លោក Musk ទិញ​កាល​ពី​ខែ​តុលា 2022 ក្នុង​តម្លៃ​ 44 ពាន់​លាន​ដុល្លារ​។ ខែ​កក្កដា 2023 លោក​ក៏​បាន​ប្ដូរ​ឈ្មោះ និង​ឡូហ្គោ​ Twitter ទៅ​ជា X។

ក្រុម​ហ៊ុន xAI

ខែ​កក្កដា 2023 xAI ត្រូវ​បាន​លោក Musk បង្កើត​ឡើង​ដើម្បី​ស្វែង​យល់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះ​ស្រាយ​ដើម្បី​ជំនួស​ ChatGPT៕

Advertisement