មហាសេដ្ឋី Jack Ma ក្លាយជា​សាស្ត្រាចារ្យ​កិត្តិយស​នៅ​ហុងកុង

មហាសេដ្ឋី Jack Ma ត្រូវបាន HKU ផ្ដល់ជូនឋានៈជាបណ្ឌិតកិត្តិយសឆ្នាំ 2018

លោក Jack Ma ទទួលបាន​កិត្តិនាម​ជា​សាស្ត្រាចារ្យ​កិត្តិយស​នៅ​សាកលវិទ្យាល័យ​ហុងកុង ដែលនេះ​ក៏​នឹង​​ជួយ​ឱ្យ​លោក​​អាច​បន្ត​ក្ដី​ស្រលាញ់​ចំពោះ​វិស័យ​អប់រំ។

«យើង​មាន​សេចក្ដីសោមនស្ស​​​ដែល​បញ្ជាក់ថា លោក Jack Ma បានផ្ដល់​កិត្តិយស​ទទួលយក​ការអញ្ជើញ​ឱ្យធ្វើជា​សាស្ត្រាចារ្យ​កិត្តិយស ដោយ​ជឿថា បទពិសោធន៍​រួម​នឹង​គំនិត​ជំនួញ​របស់លោក​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព» SCMP កាលពី​ថ្ងៃទី 21 មេសា ដកស្រង់​សេចក្ដីប្រកាស​របស់​មូលនិធិ Jack Ma ឱ្យដឹង​ដូច្នេះ។

តំណាង​របស់​មហាសេដ្ឋី​ចិន Jack Ma និយាយថា ក្រោយ​មួយរយៈ​ពេលដែល​បាន​ផ្អាក​ការងារ​ក្នុង​វិស័យ​អប់រំ លោក Ma មានបំណង​ត្រលប់​មករក​ជីវភាព​ដែលមាន​ការជួបជុំ​គ្រូបង្រៀន និង​និស្សិត ទន្ទឹមនឹង​ការផ្ដោត​លើ​កិច្ចការ​ស្រាវជ្រាវ​ស្ដីពី​នវានុវត្តន៍​វិស័យ​អប់រំ និង​ជំនួញ។

ប្រកាស​នៅលើ​គេហទំព័រ​របស់​មហាវិទ្យាល័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​សាកលវិទ្យាល័យ​ហុងកុង (HKU) បានឱ្យដឹងថា លោក Jack Ma កាលពី​ថ្ងៃទី 01 មេសា ត្រូវបាន​អញ្ជើញ​ឱ្យធ្វើជា​សាស្ត្រាចារ្យ​កិត្តិយស​របស់​មហា​​វិទ្យាល័យ​នេះ​ក្នុង​រយៈពេល​បី​ឆ្នាំ រហូតដល់​ខែមីនា 2026។

លោក Ma ត្រូវបាន​គេ​ជឿថា នឹង​ផ្ដោតលើ​ការសិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​ហិរញ្ញវត្ថុ កសិកម្ម និង​នវានុវត្តន៍​ផ្នែក​ជំនួញ​ជាមួយ​គ្រូបង្រៀន​នៅ HKU ប៉ុន្តែ​មិនទាន់មាន​គម្រោង​ចូលទៅ​បង្រៀន ឬ​ថ្លែងការណ៍​ជា​សាធារណៈ។

មហាសេដ្ឋី Jack Ma កាលពី​ឆ្នាំ 2019 បានប្រកាស​ចូលនិវត្តន៍ និង​ដកខ្លួន​ចេញពី​កៅអី​ប្រធាន Alibaba នៅក្នុង​វ័យ 55 ឆ្នាំ

មុនពេល​ចាប់ផ្ដើម​អាជីព​ជំនួញ លោក Jack Ma គឺជា​គ្រូបង្រៀន​ផ្នែក​អក្សរសាស្ត្រ​​អង់គ្លេស​នៅ​មហា​វិទ្យា​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន។ លោក​ធ្លាប់ជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ​ចិនដីគោក។ លោក Ma គឺជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​ខ្នាត​យក្ស​ Alibaba និង Ant Group។

ក៏ប៉ុន្តែ ក្រុមមន្ត្រី​នៅ​ប្រទេស​ចិន កាលពី​ពីរ​ឆ្នាំមុន​បាន​ផ្អាក​ការធ្វើ IPO តម្លៃ 37 ពាន់​លាន​ដុល្លារ​របស់ Ant Group។ ចំណែក​សាជីវកម្ម Alibaba ក៏ត្រូវ​បាន​ពិន័យ 2.8 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ព្រោះតែ​​រំលោភ​លើ​ច្បាប់​ប្រឆាំង​សិទ្ធិផ្ដាច់មុខ។

មហាសេដ្ឋី Jack Ma កាលពី​ឆ្នាំ 2019 បានប្រកាស​ចូលនិវត្តន៍ និង​ដកខ្លួន​ចេញពី​កៅអី​ប្រធាន Alibaba នៅក្នុង​វ័យ 55 ឆ្នាំ ដើម្បី​អាច​ចំណាយពេល​ច្រើន​ទៅលើ​កិច្ចការ​មនុស្សធម៌ និង​ស្វែងយល់​អំពី​វិស័យ​កសិកម្ម។ លោក Ma បាន​ចាក​ចេញពី​ចិនដីគោក​កាលពី​ចុងឆ្នាំ 2021 និង​បាន​ទៅកាន់​ប្រទេស​ជាច្រើន​លើ​ពិភពលោក៕

Advertisement