ហេតុអ្វី​យុវជន​គួរ​បង្កើត​អាជីវកម្ម​ថ្មី (Start Up)?

នៅ​កម្ពុជា​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រប់​ស្ថាប័ន​ទាំង​ផ្នែក​អប់រំ ពាណិជ្ជកម្ម និង​ស្ថាប័ន​ដទៃទៀត ហាក់​កំពុង​យកចិត្តទុកដាក់ និង​ជំរុញ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព​ដើម្បី​ជួយ​យុវជន​ឱ្យ​បង្កើត​អាជីវកម្ម​ថ្មី (Start Up) ដើម្បី​ចូលរួមចំណែក​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ប្រកបដោយ​ភាពស្វាហាប់។

រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា បច្ចុប្បន្ននេះ ក្រសួង​អប់រំ​បាន​ព្យាយាម​ពង្រីក​ការបណ្តុះបណ្តាល​ពី​ជំនាញ​សហគ្រិនភាព​ដល់​យុវជន​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គាត់​ចេះ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ចេះ​លក់ និង​ចេះ​បង្កើត​ទំនាក់ទំនង​ជាដើម។ ការដែល​យើង​ធ្វើបែបនេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព និង​បង្កើន​ចំនួន​សហគ្រិន​នៅក្នុង​ប្រទេស​របស់​យើង​ឱ្យ​កាន់​តែមាន​ចំនួន​ច្រើនឡើង។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «នៅពេលដែល​យើង​មាន​សហគ្រិន​ច្រើន ពួកគេ​នឹង​អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​នៅក្នុង​ស្រុក ហើយក៏​ជា​កម្លាំង​មួយ​ដែល​អាច​ប្រកួតប្រជែង​ទៅ​អន្តរជាតិ​ផងដែរ»។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ស្ថាបនិក​សហគ្រាស​សង្គម ផ្ទះ​តាម​ក្តី​ប្រាថ្នា លោក ហាវ គង់​ងី បាន​ថ្លែងថា ការបង្កើត​អាជីវកម្ម​ថ្មី​អាច​ផ្តល់ឱកាស​ឱ្យ​យើង​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​អាជីវកម្ម​របស់​យើង។

នៅពេលដែល​យើង​បាន​បង្កើត​អាជីវកម្ម​ថ្មី យើង​អាច​ច្នៃ​ផលិតផល និង​គោលបំណង​នៃ​សេវាកម្ម​របស់​យើង​ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​សង្គម និង​អាចជួយ​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ត្រូវការ​ការងារ។

លោក ហាវ គង់​ងី បាន​និយាយថា៖ «ខ្ញុំ​ចាប់ផ្តើម​អាជីវកម្ម ដោយសារ​ខ្ញុំ​មើលឃើញ​ពី​ចំណុច​ខ្វះខាត​របស់​សង្គម។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ប្រជាជនមាន​ការកើនឡើង ហើយ​ផ្ទះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ពួកគេ ហេតុនេះ​ការបង្កើត​អាជីវកម្ម​ផ្ទះ​តាម​ក្តី​ប្រាថ្នា​នេះ គឺ​ដើម្បី​សង់ផ្ទះ​ក្នុងតម្លៃ​សមរម្យ និង​ជួយ​ដល់​អ្នក​ដែលមាន​ចំណូល​ទាប​ឱ្យ​សម្រេច​ក្តី​ប្រាថ្នា​របស់ខ្លួន​ដោយមាន​ផ្ទះ​សមរម្យ​មួយ»។

យុវជន​គួរ​ស្វែងរក​បញ្ហា​នានា​ដែលជា​ចំណុច​ខ្វះខាត ឬ​ជា​តម្រូវការ​របស់​មនុស្ស​ដើម្បី​បង្កើត​អាជីវកម្ម​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ៕

Advertisement