ហេតុអ្វី​ក្មេង​ត្រូវ​អាន​សៀវភៅ​សម្រាប់​កុមារ?

ក្មេងៗជា​អនាគត​ធនធានមនុស្ស​យ៉ាងសំខាន់​របស់​សង្គម ហើយ​នៅពេលដែល​ក្មេង​តូច​ត្រូវបាន​អភិវឌ្ឍ​បានល្អ ពួកគេ​នឹង​អាច​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​លើ​គ្រប់ផ្នែក ឬ​អាច​ក្លាយជា​សម្រេច​ក្តី​ស្រមៃ​ឪពុកម្តាយ​បាន​យ៉ាង​ល្អ​បំផុត។

ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្មេង ការអាន ជា​គន្លឹះ​សំខាន់​មួយ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ពួកគេ ព្រោះថា​នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ចេះ​អាន ឬ​ចូលចិត្ត​អាន ពួកគេ​នឹង​អាច​ទទួលបាន​នូវ​ប្រយោជន៍​ជាច្រើន​ពី​តម្លៃ​អប់រំ​នៃ​មេរៀន​នោះ។

កញ្ញា ហ៊ីង ស្រីរ័ត្ន អ្នកនិពន្ធ​សៀវភៅ​កុមារ​សម្រាប់​គ្រឹះស្ថានបោះពុម្ពផ្សាយ​មួយចំនួន​នៅ​កម្ពុជា បាន ប្រាប់ថា កុមារ​មានគំនិត​ប្លែក​ខុសពី មនុស្ស​ធំ ហើយ​ពេលខ្លះ​ការដោះស្រាយ​បញ្ហា​បែប​កុមារ​អាចធ្វើឱ្យ​មនុស្ស​ធំ​មានការ​ភ្ញាក់ផ្អើល។ ការ​តែង​និពន្ធ​សៀវភៅ​រឿង​សម្រាប់​កុមារ​គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​បញ្ហា​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនិពន្ធ តែ​ពេលខ្លះ​អ្នកនិពន្ធ​មិនអាច​ឆ្លើយ​បានល្អ​បំផុត​នោះទេ​សម្រាប់​ការ​បញ្ចប់រឿង​របស់ខ្លួន។ ហេតុនេះ​អ្នកនិពន្ធ​ត្រូវ​ចូលទៅ​ជិត​កុមារ​បំផុត​ដើម្បី​ធ្វើការ​សាកសួរ ហើយ​ដកស្រង់​យកគំនិត​ដែល​ប្លែក ឬ​ល្អ​បំផុត​ដែល​ខ្លួន​នឹកស្មាន​មិន​ដល់​ដើម្បី​អប់រំ​ដល់​កុមារ​ជាច្រើន​ផ្សេងទៀត​ដែល​បាន​អាន។

កញ្ញា ស្រីរ័ត្ន បាន​និយាយថា៖ “នៅពេលដែល​កុមារ​រីករាយ​ជាមួយនឹង​ការ អាន និង​ចេះ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​បានល្អ ពួកគេ​នឹង​យក​សកម្មភាព​ទាំងអស់នេះ​ទៅ​អនុវត្ត​ក្នុងការ​រស់នៅ​របស់គេ ដែល​ធ្វើឱ្យ​ពួកគេ​ចេះ​ដោះស្រាយ​បញ្ហា​បានល្អ​បំផុត ឬ​ដកស្រង់​គំនិត​ទាំងអស់នេះ​ជា​មូលដ្ឋាន​ដើម្បី​បង្កើត​ដំណោះស្រាយថ្មីៗប្រកបដោយ​ភាព​ឆ្លាត​វៃ ដែល​គ្រប់គ្នា នឹកស្មាន​មិន​ដល់»។

បើតាម​អ្នកនិពន្ធ​វ័យក្មេង​ខាងលើ ការ បណ្តុះ គំនិត​ច្នៃប្រឌិត និង​ភាព​វៃឆ្លាត​របស់ កុមារ​កម្ពុជា ជាការ​កសាង​គ្រឹះ​មួយ​យ៉ាងរឹងមាំ​សម្រាប់​អនាគត​របស់​យុវជន​នៅក្នុង​សង្គម។

ស្រដៀង​គ្នា​នេះដែរ លោក ឈូ ជី​និ​ត អ្នកនិពន្ធ​សៀវភៅ​កុមារ​បាន​លើកឡើងថា សៀវភៅ​អប់រំ​សម្រាប់​កុមារ​មានគុណ​តម្លៃ​ខ្ពស់​ដើម្បី​បណ្តុះ​ផ្នត់គំនិត និង​ចរិតលក្ខណៈ​ឱ្យ​កុមារ​ចេះ​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​ទង្វើ​ទាំងឡាយណា​ដែល​គួរ​ធ្វើ និង​ទង្វើ​ទាំងឡាយណា​ដែល​មិនគួរ​ធ្វើ។ ជាធម្មតាកុមារៗដែល​ចូលចិត្ត​អាន​សៀវភៅ គឺជា​កុមារ​ក្លាហាន និង​មាន​ភាព​វៃឆ្លាត​ជាង​កុមារ​ដែល​មិន​ចូលចិត្ត​អាន។ គំនិត​របស់​កុមារ​ដែល​ធ្លាប់បាន​អាន​មាន​លក្ខណៈ​ទូលំទូលាយ និង​មាន​ទម្លាប់​ល្អ​ជាង​កុមារ​ដែល​មិន​ចូលចិត្ត​អាន​សៀវភៅ៕

Advertisement