ខំរៀនគំហុកពេក មិនមែនជាវិធីសាស្រ្តល្អសម្រាប់​អ្នកត្រៀមប្រឡងបាក់ឌុបទេ

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងបាក់ឌុបនឹងចូលមកដល់ សិស្សទាំងអស់នៅទូទាំងប្រទេសដែលត្រៀមខ្លួនប្រឡងកំពុង​មមាញឺកក្នុងការសម្រុក​អានសៀវភៅ ឬមើលមេរៀន​បើទោះបីជាការមើលបែបនេះពិបាកចងចាំល្អក៏ដោយ។

ដើម្បីជួយសម្រួល​ដល់ការត្រៀមប្រឡងបាក់ឌុបដែលសល់រយៈពេលខ្លីបំផុតនេះ សិស្សពូកែមួយចំនួន​បានរួមគ្នាចែករំលែកបទពិសោធជីវិតរបស់ខ្លួនដើម្បី​ជួយជាវិធីសាស្ត្រជំរុញឱ្យ​សិស្សនៅកម្ពុជា​អាចប្រឡងបានល្អ។

លោក ចេង បូរិទ្ធ អតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាបានលើកឡើងថា ចំពោះស្ថានភាពកៀកថ្ងៃប្រឡងខ្លាំង​ ឬសល់តែ 2 ឬ 3 ថ្ងៃមុនពេលប្រឡងយើងគួរ​កំណត់​កាលវិភាគ​រំឭកមេរៀនឱ្យបានច្បាស់ដើម្បីបញ្ជាក់ប្រាប់ខ្លួនឯងថា កុំបារម្ភ ហើយកុំភ័យ ព្រោះមេរៀន​នឹងត្រូវរំឭកទាំងអស់តាមលំដាប់លំដោយ។ បន្ទាប់មក​ចាប់ផ្តើម​សង្ខេបមេរៀនដោយការគូស Mind Maps (គំនូសសង្ខេប​ខ្លីៗ) ព្រោះនៅពេលដែលយើងបានឃើញគំនូស​តភ្ជាប់ហេតុផលនៃមេរៀន​ជាប់ៗគ្នា​គឺ​ធ្វើឱ្យខួរក្បាលឆាប់យល់ និងចំណេញពេលវេលាច្រើន។ បន្ទាប់ពីបង្កើត Mind Maps ហើយ​យើងអាចធ្វើលំហាត់ប្រាណងាយៗដែលមិនប៉ះពាល់ដល់សុខភាពដូចជាការហែលទឹក ជិះកង់ ឬសមាធិដើម្បីឱ្យអារម្មណ៍ស្ងប់ល្អ និងសម្រាកឱ្យបានល្អដើម្បីយកថាមពលប្រឡងនៅថ្ងៃប្រឡងជាក់ស្តែង។

ស្រដៀងគ្នានេះដែរ អតីតសិស្សពូកែនិទ្ទេស B+ លោក នាង កុសល បាន​ប្រាប់ថា ការប្រឡងបាក់ឌុបជារឿងសំខាន់ ហេតុនេះវិធីសាស្ត្រដែលអាចធ្វើទៅបានគឺ សិស្សគួរ​ប្រជុំគ្នា​ដើម្បី​ជជែកពីចំណុចដែលមិនទាន់ច្បាស់លាស់នៅក្នុងមេរៀននីមួយៗ។ ការជជែកគ្នានេះ អាចធ្វើឱ្យសិស្ស​​ងាយចងចាំផងដែរ ក្នុងករណីដែល​ពេលវេលាកៀកខ្លាំង ព្រោះថា​គាត់អាច​អាន មើល ស្តាប់ និងពិភាក្សាក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត បន្ទាប់ពីជជែកពិភាក្សា ហើយយល់ពីចំណុចសំខាន់ៗហើយ ពួកគេគួរ​សរសេរទុកជាសេចក្តីសង្ខេបដាក់ក្នុងក្រដាសព្រាងដើម្បីគ្រប់គ្រងមេរៀនឱ្យបានល្អ ហើយក៏ដើម្បីបង្កើនទំនុកចិត្តខ្លួនឯងដែរថា យើងអាចគ្រប់គ្រងស្ថានការណ៍បានមុនពេលប្រឡង៕

Advertisement