លក្ខណសម្បត្តិបែបណាទើបរាប់ថាជាយុវជនដែលមានភាពចាស់ទុំ?

ក្លាយជាមនុស្សដែលមានភាពចាស់ទុំគឺជាឥរិយាបថមួយដែលយុវជនគ្រប់រូបចង់ធ្វើ តែពេលខ្លះការគ្រប់គ្រងខ្លួនឯងពីស្ថានភាពមួយ ដែលពោរពេញទៅដោយការប្រែប្រួលទាំងចិត្តគំនិត រាងកាយ និងបរិស្ថានជុំវិញខ្លួន ជារឿងពិបាកមួយសម្រាប់ពួកគេ។

វិធីសាស្រ្តដើម្បីក្លាយជាមនុស្សចាស់ទុំ មិនពិបាកពេកនោះទេគ្រាន់តែមនុស្សមួយចំនួនមិនបានដឹងតែប៉ុណ្ណោះ។

ខាងក្រោមនេះជាលក្ខណៈមួយចំនួនដែលសម្គាល់ថា យុវជនរូបនោះជាមនុស្សចាស់ទុំ៖
១. មានគំនិតស៊ីជម្រៅ និងមិនឆេវឆាវ
នៅពេលដែលមនុស្សណាម្នាក់ បានឆ្លងកាត់ការអប់រំ រួមទាំងបទពិសោធជីវិតច្រើនគេនឹងក្លាយជាមនុស្សម្នាក់ដែលមានការគិតស៊ីជម្រៅ មិនមែនធ្វើអ្វីមួយតាមការនឹកឃើញ ឬឆាប់ខឹង និងឆាប់ជឿតាមការអូសទាញណាមួយនោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែលពួកគេមានភាពចាស់ទុំ គេក៏នឹងអាចបង្កើតគំនិតថ្មីៗ រួមទាំងមានភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហានានាប្រកបដោយហេតុផល រួមទាំងគំនិតដែលមនុស្សចាស់មួយចំនួនមិនអាចធ្វើបានថែមទៀតផង។

២. មានស្មារតីរឹងប៉ឹង និងមានឯករាជ្យភាព
យុវជនភាគច្រើនចង់បានឯករាជ្យភាព តែអាណាព្យាបាលព្យាយាមមិនផ្តល់ឱកាសដល់ពួកគេ។ កត្តាមួយចំនួនដែលអាណាព្យាបាលមិនសូវផ្តល់ភាពឯករាជ្យឱ្យពួកគេគឺ មកពីម្តាយឪពុកមើលឃើញពីភាពឡេះឡោះ និងភាពទន់ជ្រាយនៅក្នុងគំនិត ដែលកូនៗស្តែងចេញមកតាមរយៈការនិយាយស្តី និងសកម្មភាព។ ហេតុនេះមនុស្សដែលមានភាពចាស់ទុំ ភាគច្រើនជាអ្នកដែលស្ងប់ស្ងាត់ រីករាយ និងមានការគិតផ្ទាល់ខ្លួនបានយ៉ាងច្បាស់លាស់។ នៅពេលដែលយុវជនណាម្នាក់មានគោលជំហរច្បាស់លាស់នៅក្នុងការគិត ពួកគេនឹងអាចក្លាយជាអ្នកដែលអាណាព្យាបាលទុកចិត្ត ហើយបង្កើតបាននូវចន្លោះឯករាជ្យភាពសម្រាប់ខ្លួនឯងប្រកបដោយភាពរឹងមាំ។

៣. មានឆន្ទៈក្នុងការកំណត់លើវាសនាខ្លួនឯង
អាណាព្យាបាលតែងតែខ្វល់ខ្វាយច្រើនពីការកំណត់លើវាសនារបស់កូនៗ តែគាត់ប្រហែលជាមិនពិបាកសម្រេចចិត្តពេកទេ នៅពេលដែលកូនៗរបស់គាត់ជាមនុស្សដែលមានឆន្ទៈខ្ពស់ក្នុងការសម្រេចគោលដៅជីវិតរបស់គេ។ មនុស្សដែលមានភាពចាស់ទុំ ភាគច្រើនជាអ្នកដែលហ៊ានបង្ហាញពីគោលដៅជីវិត និងបំណងប្រាថ្នារបស់ខ្លួនដល់អាណាព្យាបាល ព្រមទាំងមានវិធីធ្វើវាឱ្យជោគជ័យថែមទៀតផង៕

Advertisement