Foxconn ខកចិត្ត​នឹង​ប្រាក់ចំណូល​

ក្រុមហ៊ុន​ដំឡើង​ទូរស័ព្ទ iPhone ឱ្យ​ក្រុមហ៊ុន Apple មានការ​ខកចិត្ត​នឹង​របាយការណ៍​ប្រាក់ចំណូល​របស់ខ្លួន​នៅ​ត្រីមាស​ចុងក្រោយ​នេះ ប្រៀបធៀប​នឹង​អ្វីដែល​ក្រុម​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ព្យាករ​ទុក​កាលពី​ត្រីមាស​ទី1 នៃ​ឆ្នាំ 2017 ។

ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​ទទួលបាន​រយៈពេល 3 ខែ​ចុងក្រោយ គិត​ត្រឹម​ខែមិថុនា​មា​នន​ត្រឹមតែ 589 លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់ចុះ 25% ខណៈដែល អ្នកជំនាញ​បាន​រំពឹងទុក​ដល់​ទៅ 781.5 លាន​ដុល្លារ។ ការធ្លាក់ចុះ​នេះ ដោយហេតុ​មានការ​ប្រែប្រួល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុងពេល​បច្ចុប្បន្ន ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ​មួយចំនួន​ចាប់ផ្ដើម​បង្កើត​រោងចក្រ​ដោយ​ខ្លួនឯង លែង​ត្រូវ​ការជួល​រោងចក្រ​គេ​ក្នុង​ដំឡើង​បន្តទៀត ដែលជា​ហេតុនាំឱ្យ Foxconn ជា​រោងចក្រ​ទទួល​ដំឡើង និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់​មិនសូវ​មមាញឹក​ដូច​មុន ទើប​ធ្វើឱ្យ​ប្រាក់ចំណូល​ធ្លាក់ចុះ។

គិត​មកដល់ពេលនេះ Foxconn ត្រូវបាន​ទទួលស្គាល់ថា ជា​អ្នកផ្គត់ផ្គង់​គ្រឿងបន្លាស់​សម្រាប់​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក និង​ជា​ក្រុមហ៊ុន​ទទួល​ដំឡើង​ទូរស័ព្ទ​ឱ្យ Apple ជិត 10 ឆ្នាំ​មកនេះ។ តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយបាន​បន្ថែមទៀតថា Foxconn អាច​នឹង​គ្រោង​កាត់បន្ថយ​ចំណាយ​តាមរយៈ​ការប្រើប្រាស់ Robots ស្វ័យប្រវត្តិ​ជំនួស​កម្លាំង​មនុស្ស​វិញ សម្រាប់ធ្វើ​ការងារ​នៅក្នុង​ការផលិត​នេះ៕

Advertisement