អ្នកស្នងមរតកពីប្រធាន Samsung ត្រូវបង់ពន្ធឯកត្តជន ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង

លោក Lee Kun-hee ប្រធាន​ក្រុមហ៊ុន Samsung ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី25 ខែតុលា ក្នុង​វ័យ 78ឆ្នាំ បាន​បន្សល់ទុក​នូវ​ភាគហ៊ុន និង​ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ។ នៅ​ថ្ងៃទី22 ខែធ្នូ តម្លៃ​ហ៊ុន​ជាក់ស្ដែង ដែល​លោក Lee បាន​បន្សល់ទុក ត្រូវបាន​គេ​គិតគូរ​រួចហើយ ឃើញថា មានតម្លៃ 19.9ពាន់​លាន​ដុល្លារ។

គិត​ចាប់ពី​ថ្ងៃទី24 ខែសីហា ដល់​ខែធ្នូ តម្លៃ​ហ៊ុន​នោះ ត្រូវបាន​គិតគូរ ផ្អែកលើ​តម្លៃ​ជា​មធ្យម នៃ​ភាគហ៊ុន​ក្នុង​រយៈពេល 4ខែ​ចុងក្រោយ។ សារព័ត៌មាន​ក្នុងស្រុក​កូរ៉េ The Korea Herald បាន​ចុះផ្សាយ​ឱ្យដឹងថា អ្នក​ស្នង​មរតក​លោក Lee នឹង​ទទួលបាន​មរតក​ភាគហ៊ុន​ដែលមាន​តម្លៃ​សរុប ១៧ពាន់​លាន​ដុល្លារ។ បើតាម​ច្បាប់​ពន្ធ​កូរ៉េខាងត្បូង បានកំណត់​ពន្ធ​ខ្ពស់បំផុត​ដល់ 50% លើ​មរតក​ភាគហ៊ុន​ដែលមាន​តម្លៃ​លើសពី 2.7លាន​ដុល្លារ។ បន្ថែម​ពីនេះ​អ្នកកាន់កាប់​ភាគហ៊ុន​ច្រើនជាងគេ ក៏ត្រូវ​បង់ពន្ធ​មរតក 20% ផងដែរ។

សរុប​ជារួម​ទៅ ពន្ធ​មរតក​ចំពោះ​ភាគហ៊ុន​ទាំងអស់​ដែល​លោក Lee បាន​បន្សល់ទុក គឺមាន​រហូតដល់ 9ពាន់​លាន​ដុល្លារ​ឯណោះ ដែល​នេះ គឺជា​ការយកពន្ធ​ឯកត្តជន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងត្បូង។

អ្នក​ស្នង​មរតក​របស់លោក Lee អាចមាន​សិទ្ធិ​ជ្រើសរើស​បង់ពន្ធ​មរតក ក្នុងអំឡុងពេល 5ឆ្នាំ​បន្ទាប់ ដោយ​មិនចាំបាច់​បង់​ម្ដង​ទាំងអស់​នោះទេ៕

Advertisement