រិ​ន រ៉ាវុធ ៖ រាល់​ចំណុច​អភិវឌ្ឍន៍​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​ជំរុញ​ការខិតខំ​ប្រឹងប្រែង

នៅក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​យើងម្នាក់ៗ បញ្ហា​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា ហើយ​ការ​ប្រឈម​ជាមួយនឹង​បញ្ហា​ជា​កាតព្វកិច្ច​ដែល​មនុស្ស​ត្រូវធ្វើ ដើម្បី​ស្វែងរក​ឧត្តមភាព​សម្រាប់​ជីវិត​ខ្លួនឯង។ ការ​ជម្នះ​ឧបសគ្គ​ជីវិត​ត្រូវការ​ជា​ចាំបាច់​នូវ​កម្លាំងចិត្ត​ដើម្បី​ខិតខំ ហើយ​វា​ក៏ត្រូវ​ការ​ជា​ចាំបាច់​ផងដែរ​នូវ​ភាពរឹងមាំ​ដើម្បី​ទម្លុះ​របាំង​នានា​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បីឱ្យ​យើង​អាចឈាន​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល​ផ្សេងទៀត។

 

លោក រិ​ន រ៉ាវុធ ជា​អតីត​ឯកអគ្គរាជទូត​យុវជន​ស្ម័គ្រចិត្ត​របស់​អូស្ត្រាលី​បានលើកឡើង​ថា រាល់​ចំណុច​អភិវឌ្ឍន៍​នៅក្នុង​ជីវិត​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង។ មុននឹង​ក្លាយជា​មនុស្ស​ដែលមាន​តម្លៃ ហើយ​គ្រប់គ្នា​អាច​ទុកចិត្តបាន ដំណាក់កាល​ដំបូង​គឺ​ត្រូវ​ទុកចិត្ត​ខ្លួនឯង​ជាមុនសិន។

លោក រិ​ន រ៉ាវុធ និយាយថា៖ «បើ​យើង​រារែក​ជាមួយនឹង​ឧបសគ្គ ហើយ​គិតតែ​ស្តាប់​ពាក្យ​គេ​និយាយ​មិនល្អ ហើយ​ជឿថា​ខ្លួនឯង​មិនល្អ​រហូត​បាក់​ទឹកចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង គឺ​ប្រៀបបាន​ទៅនឹង​យើង​ជិះ​កង់​ដោយ​ប្រើ​ជើង​ខំ​ធាក់ តែ​ដៃ​ចាប់​ហ្វ្រាំង​ជាប់។ ក្នុង​កាលៈទេសៈ​នេះ ទោះ​យើង​នឹង​មិនអាច​ទទួលបាន​នូវ​ការអភិវឌ្ឍ​បាន​នោះទេ»។

លោក រ៉ាវុធ បាន​បន្ថែមទៀតថា និស្សិត​ដែល​រស់​នៅតាម​បណ្តា​ខេត្ត ដូចជា​រូបលោក​ជាដើម​តែងតែ​ធ្លាប់​ឮ​ពាក្យ​ថា​ការងារសំខាន់ៗកូន​អ្នកស្រែ​មិនអាច​ដណ្តើម​ឈ្នះ​គេ​អ្នកមាន​លុយ​នោះទេ ឬ​ទាល់​តែមាន​ខ្សែ​ទើប​អាចធ្វើ​ការងារល្អៗបានជា​ដើម។ មាន​អ្នកខ្លះ​បានឮ​ពាក្យធ្ងន់ៗជាង​នេះ​ដែល​ពេលខ្លះ​ធ្វើឱ្យ​យើង​អស់សង្ឃឹម ហើយ​ពេលខ្លះ​ធ្វើឱ្យ​យើង​បាក់​ទឹកចិត្ត​ពេល​កំពុង​រៀន​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា តែ​ទោះជា​យ៉ាងនេះ​ក្តី គ្មាន​អ្នក​ណាយ​ល់ពី​យើង​ខ្លាំង​ជាង​យើង​ខ្លួនឯង​នោះទេ។ យើងទាំងអស់គ្នា​គួរ​ទុកចិត្ត​លើ​ខ្លួនឯង ហើយ​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព នោះ​យើង​នឹង​អាច​ទទួលបាន​ឱកាស​ការងារ​ល្អជា​ក់​ជាមិនខាន ព្រោះថា​មិន​ថា​ស្ថាប័ន​ណា​នោះទេ គេ​សុទ្ធតែ​ត្រូវការ​អ្នកមាន​សមត្ថភាព​ដើម្បី​ធ្វើការ ព្រោះ​បើ​គ្មាន​មនុស្ស​មាន​សមត្ថភាព​ទេនោះ​ដំណើរការ​ទាំងមូល​នឹងមិន​អាច​ដំណើរការបាន​នោះទេ ហេតុនេះ​ជម្រើស​ល្អ​បំផុត​សម្រាប់​យុវជន​កម្ពុជា​គឺ​ធ្វើ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​ជំនាញ ដែលមាន​ចំណេះដឹង​ពិតប្រាកដ ដូចជា​ពាក្យ​ខ្មែរ​តែង​និយាយថា «ចេះ​ប្រាកដ ប្រាក់​រត់តាម​ហៅ»៕

Advertisement