ចង់​ក្លាយខ្លួនជា​មនុស្ស​ខ្លាំង ធ្វើការ​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវមាន​ចំណុច​អ្វីខ្លះ?

នៅក្នុង​ជីវិត​ការរស់នៅ​ប្រចាំថ្ងៃ និង​ជីវិត​ការងារ​មនុស្សម្នាក់ៗ មិនមែន​ទទួលបាន​លទ្ធផលដូចៗគ្នា​នោះទេ បើទោះបីជា​ពួកគេ​ស្ថិតនៅក្នុង​គ្រួសារ​ជាមួយគ្នា ឬ​ក្នុង​ស្ថាប័ន​តែមួយ​ក៏ដោយ ព្រោះ​មនុស្ស​ខ្លះ​មាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់ ខណៈ​មនុស្ស​ផ្សេងទៀត​មាន​ប្រសិទ្ធភាព​ការងារ​ធម្មតា។ ជាទូទៅ មនុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់​តែងតែ​ជា​អ្នក​ដែលមាន​ភាពលេច​ធ្លោ និង​ជោគ-ជ័យ​ខ្លាំង​ជាង​អ្នក​ដែល​បណ្តែតបណ្តោយ​ឱ្យ​ជីវិត​ការងារ​ប្រែប្រួល​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក Christopher Lee ស្ថាបនិក​នៃ​អង្គការ HEDC អន្តរជាតិ និង​ជា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​មនុស្ស បាន​លើកឡើងថា​ការជំរុញ​ទឹកចិត្ត​គឺជា​រឿង​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នក​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។ លោក​បញ្ជាក់ថា រឿង​ល្អ​គ្រប់យ៉ាង​កើតឡើង​ពី​ក្តី​ស្រឡាញ់ ហើយ​រឿង​មិនល្អ​គ្រប់យ៉ាង​គឺ​កើតចេញពី​កង្វះ​ក្តី​ស្រឡាញ់ ហេតុនេះ​ការដែល​មនុស្ស​ណា​ម្នាក់​មាន​ក្តី​ស្រឡាញ់​ចំពោះ​ការងារ​របស់ខ្លួន និង​មានការ​ជំរុញ​ទឹក​ចិត្តបាន​ត្រឹមត្រូវ​នោះ​រូបគេ​អាច​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។

លោក Christopher Lee បាន​មានប្រសាសន៍ថា ៖ “មនុស្ស​ដែលមាន​កត្តា​ជំរុញ​ខ្លាំង គឺ​មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ មាន​ការតស៊ូ​ព្យាយាម និង​មាន​ចំណង់​ដ៏​លើសលប់។

អ្នកជំនាញ​អភិវឌ្ឍន៍​មនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា មនុស្ស​ដែល​គ្មាន​គោលដៅ​គាត់​អាចធ្វើ​ការងារ​រាល់ថ្ងៃ​ដើម្បី​តែ​ប្រាក់ខែ​របស់គាត់​នៅ​ចុងខែ ឬ​ព្រោះតែ​ការងារ​នោះ​ជា​អ្វីដែល​មេ​របស់គាត់​ដាក់ឱ្យ​តែប៉ុណ្ណោះ តែ​គាត់​មិនបាន​ដឹង​ពី​គោលបំណង​ពិតប្រាកដ និង​សារៈសំខាន់​នៃ​ការងារ​របស់គាត់​នោះទេ។

មនុស្ស​ដែលមាន​គោលដៅ​ច្បាស់លាស់ គាត់​ដឹង​យ៉ាងច្បាស់​ពី​កន្លែង​ដែល​គាត់​ត្រូវ​ទៅ និង​គុណ​តម្លៃ​នៃ​ការងារ​របស់គាត់​ចំពោះ​សង្គម​ឬ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ ដែល​ធ្វើឱ្យ​ពួកគាត់​បើក​ចិត្តបាន​ទូលាយ​ក្នុង​ការជំរុញ​ខ្លួនឯង​ឱ្យធ្វើ​ការងារ​ជាច្រើន​ដោយ​តម្លៃ​ខ្ពស់។ ក្រៅពីនេះ ការតស៊ូ​ព្យាយាម​ក៏​ជា​ចំណុច​មិនអាច​ខ្វះ​បាន​ផងដែរ​សម្រាប់​មនុស្ស ព្រោះថា​មនុស្ស​ដែល​មិន​ពូកែ​ក៏ដោយ ឱ្យ​តែមាន​សេចក្តី​តស៊ូ​ព្យាយាម​ខ្ពស់ គាត់​នឹង​អាច​ទទួលបាន​ជោគជ័យ ដូចគ្នា ឱ្យតែ​ការតស៊ូ​នោះ​ត្រូវបាន​ធ្វើឡើង​ជាប់​រហូត​ដោយ​មិន​បោះបង់។

លោក Christopher Lee បាន​ថ្លែង​ផងដែរ​ថា សិស្ស​មួយចំនួន​ដែល​ពូកែ​មិន​ប្រាកដថា​ជោគជ័យ​នោះទេ វា​អាស្រ័យ​លើ​ការព្យាយាម​ខ្លាំង​កម្រិតណា​ព្រោះថា​មនុស្ស​ដែលមាន​ការតាំង​ចិត្ត និង​តស៊ូ​ព្យាយាម​ខ្ពស់​ជា​មនុស្ស​ដែល​មិន​ងាយ​បោះបង់​នោះទេ ហើយ​ជាទូទៅ​មនុស្ស​ដែល​មិន​បោះបង់ និង​មិន​ព្រម​ចុះចាញ់​ការបរាជ័យ និង​បន្ត​អភិវឌ្ឍ​ជានិច្ច​នោះ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់។ គេ​នៅតែ​ខំ​ម្តង​ហើយ​ម្តងទៀត និង​អាច​តស៊ូ​ជាមួយ​ស្ថាន​ភាពលំបាក​ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ​រកឃើញ​នូវ​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​សម្រេច​ជោគជ័យ​លើ​ការងារ​របស់​ពួកគេ។ ម្យ៉ាងវិញទៀត ការមានចំណង់​ដ៏​លើសលប់​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ផងដែរ ក្នុងការ​ជំរុញ​មនុស្ស​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​របស់​ខ្លួន។

នៅពេលដែល​មនុស្ស​ណា​ម្នាក់​បានដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការងារ​របស់ខ្លួន ហើយ​មានបំណង​ច្បាស់លាស់​ក្នុង​ការធ្វើការងារ គេ​បាន​ស្រមៃ​យ៉ាងច្បាស់​ពី​ភាពជោគជ័យ​ដែល​គេ​ចង់ឃើញ ដែល​រូបភាព​ទាំងអស់នេះ​នឹង​រុញច្រាន​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ថាមពល​ខ្លាំង​ក្នុងការ​អនុវត្ត​ការងារលំបាកៗបាន​យ៉ាង​ល្អ។

លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ Asia Leading Academy បាន​លើកឡើងថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ បុគ្គលិកម្នាក់ៗត្រូវ​ចេះ​គោរព​អ្នកដទៃ ក្នុង​ការធ្វើការងារ​ជា​ក្រុម ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ទទួលយក​គំនិត​អ្នកដទៃ​ឱ្យបាន​ច្រើន​ប្រសិនបើ​គំនិត​នោះ​នាំ​ឆ្ពោះទៅរក​ភាព​រីកចម្រើន។ ម្យ៉ាងវិញទៀត ការសម្របសម្រួល​បានល្អ​ក្នុង​ការធ្វើការងារ​ជា​ក្រុម​ក៏​ជា​កត្តា​ជំរុញ​មួយ​ដែល​ធ្វើឱ្យ​យើង​ធ្វើ​ការងារ​បានល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ព្រោះ​ការធ្វើការងារ​ជា​ក្រុម​អាចធ្វើឱ្យ​យើង​ជម្នះ​ឧបសគ្គ​បានល្អ​ជាង​ការដែល​យើង​ធ្វើ​ការងារ​ម្នាក់ឯង។

នៅពេលដែល​អ្នកណាម្នាក់​មាន​ទំនាក់ទំនង​ល្អ និង​មានចិត្ត​ទូលាយ​ក្នុង​ការជួយ​ការងារ​ជា​ក្រុម​គាត់​ក៏​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ផងដែរ នៅពេលដែល​គាត់​ជួប​បញ្ហា​ប្រឈម​ដែល​លំបាក​ដោះស្រាយ។

លោក គង់ វិ​ចិ​ត្រា បាន​និយាយថា ៖ “រាល់​ការធ្វើការងារ​អ្វី​ក៏ដោយ សូម​គិតថា យើង​ធ្វើ​ការងារ​ដើម្បី​ខ្លួនឯង មិនមែន​ធ្វើ​ឱ្យតែ​រួចពីដៃ​នោះទេ ហើយ​ធ្វើឱ្យបាន​ល្អឥតខ្ចោះ​ដើម្បីឱ្យ​ទទួលបាន​លទ្ធផល​ល្អ​បំផុត ព្រោះ​ការងារ​ល្អ និង​មិនល្អ វា​អាច​ជះឥទ្ធិពល​មកលើ​ស្ថាប័ន​របស់​យើង និង​មកលើ​ខ្លួន​យើង​ផ្ទាល់​ផងដែរ។

លោក គង់ វិ​ចិ​ត្រា បានលើកឡើង​ផងដែរ​ថា បុគ្គល​ដែលមាន​គំនិត​វែងឆ្ងាយ និង​ធ្វើ​ការងារ​ដើម្បី​គោលដៅ​រួម​ដោយ​បើក​ចិត្ត​ទូលាយ សម្រាប់ធ្វើ​ការងារ​ជាមួយ​មនុស្ស​គ្រប់គ្នា និង​ចេះ​សម្រប​ខ្លួន​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៃ​ស្ថាប័ន​គឺជា​បុគ្គល​ម្នាក់​ដែល​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍ និង​ការលើកទឹកចិត្ត។ កត្តា​ទាំងអស់​នេះហើយ ដែល​ធ្វើឱ្យ​ពួកគេ​មានទឹក​ចិត្តខ្លាំង​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ខ្លួនឯង​ឱ្យក្លាយ​ជាម​នុស្ស​ដែលមាន​ថាមពល​ខ្លាំង​ក្នុង​ការធ្វើការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕

Advertisement