ម៉ែឪ បណ្តោយ​កូន​ឱ្យ​លេង​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ជ្រុល បង្ហាញ​ពី​ភាព​អាត្មានិយម?

ជា​រៀងរាល់ថ្ងៃ មនុស្ស​គ្រប់គ្នា​ស្ទើរតែ 100% ទៅហើយ​ដែលមាន​ប្រើ​ឧបករណ៍​អេឡិចត្រូនិក ព្រោះ​ពួកយើង​កំពុង​រស់នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា។ ទាំង​មនុស្ស​ធំ ទាំង​កូនក្មេង និង​ទាំង​មនុស្ស​ចាស់ សុទ្ធ​តែមាន ទូរស័ព្ទ​ទំនើប (Smartphone) កាន់​នៅក្នុង​ដៃ ហើយ​ឧបករណ៍​នៃ​ហើយ​ជា​អ្នកធ្វើ​បដិវត្តន៍​របៀប​នៃ​ការរស់នៅ​របស់​មនុស្ស។ បណ្តាញ​បច្ចេកវិទ្យា​បានធ្វើការ​ផ្លាស់ប្តូរ​ពិភពលោក​ឱ្យក្លាយ​ជា​ពិភព​ដ៏​អស្ចារ្យ​មួយ​ប្រកបដោយ​ការរីកចម្រើន និង​ស្រស់បំព្រង តែ​វា​ក៏មាន​គុណវិបត្តិ​មិនតិច​ដែរ​ចំពោះ​មនុស្ស​ដែល​ប្រើប្រាស់​វា​មិន​ត្រឹមត្រូវ។

ភាពស្និទ្ធស្នាល​នៅក្នុង​គ្រួសារ​ដែល​ធ្លាប់​តែមាន​ចាប់ផ្តើម​ក្លាយជា​សោះអង្គើយ​ជាមួយគ្នា ការជជែក​ពិភាក្សា​ប្រកបដោយ​ភាពរស់រវើក និង​អ៊ូអរ បានក្លាយ​ទៅជា​វេលា​ដ៏​ស្ងាត់ជ្រងំ ព្រោះ​មនុស្ស​គ្រប់គ្នា​លែង​នៅក្នុង​ពិភព​នេះ​ទៀតហើយ។ ថ្វីត្បិតតែ​ខ្លួន​មនុស្ស​ស្ថិតនៅ​ជុំគ្នា​ក៏ដោយ ក៏​អារម្មណ៍ ខួរក្បាល និង​បេះដូង បាន​ចូលទៅក្នុង​ពិភពថ្មី​មួយទៀត គឺ​ពិភព​បច្ចេកវិទ្យា។ គូស្នេហ៍ និង​ប្តី​ប្រពន្ធ​ដែល​ធ្លាប់តែ​សាសង​ប្រកបដោយ​ភាព​ផ្អែមល្ហែម​បានក្លាយ​ទៅជា​មនុស្ស​ដែល​មិន​ជជែក​គ្នាច្រើន ហើយ​ចំណាយពេល​ច្រើន​បំផុត​ក្នុងការ​បង្ហោះ​រូប​អួតថា​ស្រឡាញ់គ្នា​ក្នុង​បណ្តាញ​សង្គម។ ហើយ​ពាក្យ​អរគុណ និង​ក្តី​ស្រឡាញ់​របស់​កូន​ចំពោះ​អាណា​ព្យ​បាល ក៏បាន​ប្រែក្លាយ​ពី​ការលើកសរសើរ ឬ​លើកទឹកចិត្ត​ដោយផ្ទាល់​ទៅជា​ការ​ចុច​ប៊ូ​តុង Like និង Love លើ​បណ្តាញ​សង្គម​ទៅវិញ។

ងាក​មក​បញ្ហា​នៅ​កម្ពុជា​យើង​វិញ យើង​ឃើញថា ចរន្ត​ទាំងអស់នេះ​បាន​ជ្រៀតចូល​ទៅក្នុង​របៀបរបប​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរច្រើនឡើង។ នៅ​ស្ទើរតែ​គ្រប់​ផ្ទះ​គឺ​សុទ្ធ​តែមាន​ឧបករណ៍​អេឡិចត្រូនិក ហើយក្មេងៗកាន់តែច្រើនឡើងៗកំពុង​រស់នៅ​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​ច្រើនជាង​នៅ​ជាមួយ​អាណាព្យាបាល។ ថ្វីត្បិតតែ​នៅក្នុង​គ្រួសារ​មួយ​គេ​ឃើញ​មាន​ឪពុកម្តាយ​កំពុង​ស្ថិតនៅ​ជុំគ្នា​ក៏ដោយ ក៏​យើង​សុទ្ធតែ​បានឃើញ​ថាកូនៗមិនសូវ​ទំនាក់ទំនង​ច្រើន​ជាមួយនឹង​ម៉ែឪ​នោះទេ តែ​អ្វីដែល​គេ​រវល់​ច្រើន​បំផុត​នោះ​គឺ​ឧបករណ៍​សំខាន់បំផុត​សម្រាប់​ជីវិត​ដែល​ពួកគេ​កាន់​នៅក្នុង​ដៃ​នោះ​ទៅវិញ​ទេ។ សកម្មភាព​ទាំងអស់នេះ​បាន​បង្កបញ្ហា​ជាច្រើន​នាពេល​បច្ចុប្បន្ននេះ ហើយ​វា​ក៏​ធ្វើឱ្យ​ឪពុកម្តាយ​ជាច្រើន​មានការ​ព្រួយបារម្ភ ខណៈពេល​ខ្លះ​កូន​របស់គាត់​បានក្លាយ​ទៅជា​អ្នកញៀន​ឧបករណ៍​អេឡិចត្រូនិក​ទៅហើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាណាព្យាបាល​មួយចំនួន​បានលើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​សុទ្ធតែ​បារម្ភ​ពីកូនៗដែល​នៅ​ជិត​ឧបករណ៍​អេឡិចត្រូនិក​ដូចគ្នា តែ​មកពី​គាត់​រវល់​ពេក​ទើប​ចេះតែ​បណ្តោយ​ឱ្យគេ​នៅ​ជាមួយនឹង​របស់​ទាំងអស់​នោះ​ដើម្បី​កុំឱ្យ​រពឹស​ពេក។ អ្នកខ្លះ​លើកឡើងថា ឧបករណ៍​ទាំងអស់នោះ​ល្អ​ណាស់ ព្រោះ​វា​អាចធ្វើឱ្យ​កូន​របស់គាត់​សប្បាយចិត្ត ហើយ​គាត់​ក៏​សល់​ពេល​ច្រើន​សម្រាប់​ខ្លួនឯង។ អ្នក​ខ្លះទៀត​លើកឡើងថា​បណ្តោយឱ្យ​កូន​លេង​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​កុំឱ្យ​ពិបាក​លួង ហើយ​មិនសូវ​បារម្ភ​ព្រោះ​ពួកគេ​នឹង​នៅ​មួយកន្លែង​បើ​បាន​កាន់​ទូរស័ព្ទ ឬ​Ipad នោះ។ ហើយ​មាន​អ្នក​ខ្លះទៀត​លើកឡើងថា​ការ​បណ្តោយឱ្យ​លេង​ស្មា​ត​ហ្វូ​ន​គឺ​ស្រួល​ចិត្ត​ខ្លាំងណាស់ មិនចាំបាច់​បារម្ភ​ពី​ភាព​រពឹស​របស់កូនៗទៀត​នោះទេ ឱ្យតែបាន​លេង​គឺ​ដឹង​តែ​ស្ងាត់​ស្រួល។

អាណាព្យាបាល​ជាច្រើន​ហាក់​មើលរំលង​ចំណុច​នេះ ព្រោះ​អ្នក​ទាំងអស់គ្នា​ប្រហែលជា​មិន​នឹកស្មាន​ដល់​ទេ​ថា​ការសុំ​យករួចខ្លួន​មួយពេល​របស់​អ្នកជា​ម៉ែឪ​ទាំងអស់នេះ ជា​ពេលដែល​កូន​កំពុង​រងគ្រោះ។

គេហទំព័រ​ដ៏​ល្បី​មួយ​របស់​អង់គ្លេស Telegraph បានចេញ​អត្ថបទ​មួយ​ដែល​បានដាក់​ចំណងជើង​ថា ស្មា​ត​ហ្វូ​ន​កំពុង​ធ្វើឱ្យ​កូន​ឈឺចាប់ តែ​អ្នក​ដែល​ត្រូវ​បន្ទោស​គឺ​អាណាព្យាបាល​មិនល្អ (Smartphone are hurting children- but the real culprit is bad parenting)។ ក្នុងនោះ​បានបញ្ជាក់​ពី​កំហុស​ជាច្រើន​របស់​អាណាព្យាបាល​លើ​ពិភពលោក​ដែល​បណ្តោយឱ្យ​កូន​លេង​ស្មា​ត​ហ្វូ​ន ដោយ​មិនបាន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់ខ្លួន ដែល​វា​អាចធ្វើឱ្យ​អាណាព្យាបាល​នឹង​ស្តាយក្រោយ​ទៅវិញ។

អ្នក​រាល់គ្នា​សាក​គិត​ទៅ​មើលថា បើ​យើង​បណ្តោយឱ្យ​កូន​លេង​ស្មា​ត​ហ្វូ​ន​គឺ​ដើម្បី​សល់​ពេល​រកស៊ី ដើម្បី​សល់​ពេលធ្វើ​ការងារផ្សេងៗ និង​ដើម្បី​សល់​ពេលវេលា​សម្រាប់​ខ្លួនឯង ហើយ​ភ្លេច​គិតពី​ផលប៉ះពាល់​ដែល​កើតមាន​ចំពោះ​គាត់ តើ​យើង​ចំណេញ ឬ​ខាត។ អ្នក​រាល់គ្នា​អាច​សប្បាយចិត្ត​ប្រសិនបើ​កូន​មិនសូវ​រករឿង សប្បាយចិត្ត​នៅពេលដែល​សល់​លុយ​សម្រាប់​ពួកគេ តែ​ការ​សប្បាយចិត្ត​នោះ​នឹងត្រូវ​បំផ្លាញ​វិញ​ដោយ​កូន​របស់​អ្នក​ទាំងអស់គ្នា​ក្លាយជា​មនុស្ស​ដែល​ហិង្សា ជា​មនុស្ស​ដែល​ឯកា ជា​មនុស្ស​ដែល​ឆេវឆាវ ជា​មនុស្ស​ដែល​សោះអង្គើយ​ជាមួយ​ឪពុកម្តាយ និង​ជាម​នុស្ស​ដែល​ខុសប្លែក​ពី​ការគិត​របស់​យើងទាំងអស់គ្នា។

ការលេង​ស្មា​ត​ហ្វូ​ន​ត្រូវបាន​គេហទំព័រ Education World គេ​រកឃើញថា​ធ្វើឱ្យ​ក្មេង​ឆ្លាត​ជាង​មុន តែ​ការ​បណ្តោយ​កូន​ឱ្យ​លេង​ច្រើន​ជ្រុល នឹងធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែលមាន​អារម្មណ៍មិនល្អ ខួរក្បាល​មាន​បញ្ហា ឆាប់​ខឹង ក្លាយជា​មនុស្ស​អសកម្ម និង​មិនសូវ​ស្និទ្ធស្នាល​ជាមួយនឹង​អាណាព្យាបាល។ ហេតុនេះ​ឪពុកម្តាយ​គួរ​គ្រប់គ្រង​កូន​ឱ្យបាន​ក្នុងការ​ប្រើប្រាស់​បណ្តាញ​អេឡិចត្រូនិក ដោយ​បង្កើន​ភាពស្និទ្ធស្នាល រួមទាំង​ផ្តល់​ឱ្យនូវ​ក្តី​ស្រឡាញ់​ដល់​កូន​ឱ្យបាន​ច្រើន​ដើម្បី​កុំឱ្យ​ស្តាយក្រោយ៕

Advertisement