យុវជនគួររៀបខ្ទង់ចំណាយបែបណាដើម្បីអភិវឌ្ឍជីវិតបានល្អ?

ព្រោះវ័យនេះ ជាវ័យនៃការចាប់ផ្តើមនៃដំណើរជីវិតបែបឯករាជ្យ។ ប្រសិនបើយុវវ័យមានទម្លាប់ល្អក្នុងការចាយវាយ នោះជីវិតរបស់ពួកគេនឹងអាចអភិវឌ្ឍបានយ៉ាងប្រសើរទៅថ្ងៃអនាគតការគ្រប់គ្រងហិរញ្ញវត្ថុ ឬមានទម្លាប់ល្អក្នុងការចាយវាយ ជារឿងដ៏សំខាន់សម្រាប់យុវវ័យ ហើយជីវភាពក៏មានលក្ខណៈល្អប្រសើរផងដែរ តែប្រសិនបើពួកគេគ្រប់គ្រងថវិកាមិនល្អ ពួកគេត្រូវរស់នៅក្នុងជីវិតក្រីក្រយូរអង្វែង ឬត្រូវធ្លាក់ក្នុងសភាពដុនដាបពេញមួយជីវិតក៏អាចថាបានដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានលើកឡើងថា យុវវ័យគួរចេះគិតគូរឱ្យបានល្អិតល្អន់ពីការគ្រប់គ្រងហិរញ្ញវត្ថុ ព្រោះបច្ចុប្បន្ននេះប្រជាជនមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពសម្ភារនិយម និងចូលចិត្តចាយលុយច្រើនជាងសន្សំលុយ។ ហេតុនេះដើម្បីឱ្យជីវិតអភិវឌ្ឍបានល្អយុវជនគួរចាយលុយឱ្យបានត្រូវខ្ទង់ដោយក្នុងនោះលោកបែងចែករបៀបចាយជា 4ចំណុចគឺ ទី1 ការវិនិយោគលើការកសាងសមត្ថភាព។

ការកសាងសមត្ថភាពជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះគ្រប់គ្នាត្រូវតែរៀន មិនអាចចៀសផុតបានទេ បើទោះបីជាមិនរៀននៅក្នុងសាលា ក៏ត្រូវរៀនពីការរស់នៅជាក់ស្តែងដែរទើបអាចអភិវឌ្ឍជីវិតបានល្អ។

ហេតុនេះ ការចំណាយក្នុងការវិនិយោគលើការអប់រំ ដូចជាការទៅរៀនបន្ត ឬរៀនបន្ថែមនូវជំនាញនានាដើម្បីក្លាយជាពលរដ្ឋល្អ ឬជាបុគ្គលដែលមានសមត្ថភាពខ្ពស់ ជារឿងល្អបំផុតសម្រាប់យុវវ័យ។ ក្រៅពីនេះ កាលណាយើងមានចំណេះដឹងខ្ពស់ យើងអាចនឹងមានគំនិតច្រើនក្នុងការស្វែងរកចំណូល ក៏ដូចជាចេះវិនិយោគប្រសើរជាងមុនផងដែរ។

លោក ង៉ែត ជូ បាននិយាយថា៖ «ជម្រើសសំខាន់ទី2 ដែលយុវជនគួរចាយនោះ គឺវិនិយោគដើម្បីបង្កើតប្រាក់ ដូចជាវិនិយោគលើផ្សាហ៊ុន (Stocks) វិនិយោគលើអចលនទ្រព្យ និងវិនិយោគដោយចូលហ៊ុនបង្កើតអាជីវកម្មជាដើម»។

លោកថា ការវិនិយោគរបៀបនេះជាការវិនិយោគដ៏ប្រសើរ បន្ទាប់ពីការវិនិយោគលើការកសាងសមត្ថភាពផ្ទាល់ខ្លួន។ ការវិនិយោគបន្ថែមនេះអាចនឹងជួយឱ្យយើងមានសមត្ថភាពក្នុងការវិភាគ ក៏ដូចជាការគិតពិចារណារឿងលុយកាក់ និងរឿងផ្សេងៗទៀត។ បន្ថែមពីលើនេះ វាក៏ជួយឱ្យយើងមានការសម្រេចចិត្តល្អប្រសើរជាងមុនដែរ ព្រោះកាលណាយើងដាក់លុយកាក់វិនិយោគ យើងត្រូវការប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន។

លើសពីនេះទៅទៀតការចាយវាយដើម្បីវិនិយោគបន្តិចម្តងៗនឹងធ្វើឱ្យយើងមានបទពិសោធក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាស្គាល់កាន់តែច្បាស់នូវច្រកសំខាន់ៗដែលធ្វើឱ្យចំណូលរបស់យើងកើនឡើងជាលំដាប់។

បន្ថែមពីលើជម្រើសខាងលើ ចំណុចទី3 ដែលយុវជនគួរចំណាយនោះគឺ ទិញផ្ទះបង់រំលស់ ឬសន្សំប្រាក់នៅធនាគារ។ លោកថា ការទិញផ្ទះបង់រំលស់ និងសន្សំប្រាក់នៅធនាគារ ជាជម្រើសល្អព្រោះប្រសិនបើយើងទិញផ្ទះបង់រំលស់ យើងនឹងនៅសល់ទ្រព្យ ហើយវាក៏ធ្វើឱ្យយើងមានវិន័យល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដែរ។

ការទិញផ្ទះ ត្រូវការចំណូលដែលមានស្ថិរភាពល្អ ទើបអាចធានានិរន្តរភាពក្នុងការបង់ប្រចាំខែបាន ហេតុនេះប្រសិនបើគ្រប់គ្រងមិនបានល្អទេនោះ យើងនឹងមានហានិភ័យ ហេតុនេះវាទាមទារឱ្យមានទម្លាប់ល្អ និងចាំបាច់តែម្តងត្រូវតែមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុប្រចាំខែឱ្យបានច្បាស់លាស់។ ជម្រើសនេះល្អ តែមិនល្អខ្លាំង ដូចជាការចាយវាយលើជម្រើសទី1 និងជម្រើសទី2 ខាងលើទេ។ ម្យ៉ាងវិញទៀតផលចំណេញពីផ្ទះឡើង
ថ្លៃ ឬការប្រាក់ធនាគារ គឺមានអត្រាទាប។

ចំណែកឯជម្រើសទី4 គឺកាត់បន្ថយការចំណាយលើភាពហ៊ឺហាតាមបែបយុវវ័យភ្លេចខ្លួន។ យុវវ័យគួរបង្កើនភាពចាស់ទុំ ឬកុំធ្វើខ្លួនដូចជាអ្នកនៅលីវជាច្រើនទៀតដែលចូលចិត្តទិញសម្ភារទំនើបៗ ចូលក្លិបកម្សាន្ត ឬចូលខារ៉ាអូខេជាដើម ព្រោះទង្វើទាំងអស់នេះ ជាជម្រើសអាក្រក់បំផុតដែលយុវជនខ្មែរមួយភាគធំចូលចិត្តប្រព្រឹត្ត។ សកម្មភាពនេះនឹងធ្វើឱ្យយើងខាតបង់ទាំងទ្រព្យធន ខាតបង់ទាំងពេលវេលា និងបាត់បង់ឱកាសកសាងសមត្ថភាពទៀតផង៕

Advertisement