បើមិនព្រមអានកុំបន្ទោសរឿងគ្រប់យ៉ាង ថាធ្វើឱ្យខ្លួនឯងក្រ

គ្រប់អ្នកអានមិនអាចក្លាយជាអ្នកដឹកនាំ ឬបុគ្គលជោគជ័យនោះទេ តែ​គ្រប់បុគ្គលដែលមានដំណើរជីវិតល្អប្រសើរ ឬអ្នកដឹកនាំសុទ្ធតែជាអ្នកអាន។ គ្មានមនុស្សណាម្នាក់​អាចចៀសផុតពីការអានបាននោះទេ ព្រោះ​មនុស្សកើតមក​ត្រូវឆ្លងកាត់ការសិក្សារៀនសូត្រ ទោះក្នុងសាលាក្តី ក្រៅសាលាក្តី ការអាន​ជារឿងចាំបាច់​មួយដើម្បីទទួលយកចំណេះដឹង និងបទពិសោធជីវិតពីមនុស្សដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនដើម្បីទទួលបានឧត្តមភាព។

បទពិសោធជីវិត និងមេរៀនប្រកបដោយគុណតម្លៃជាច្រើនរបស់មនុស្ស​តែងតែត្រូវបានគេចងក្រងទុក​សម្រាប់​ធ្វើជា​ក្បួនច្បាប់សម្រាប់ការពិចារណា ឬសម្រាប់ទុកជាទុននៃគំនិតសម្រាប់មនុស្សជំនាន់ក្រោយ។ ហេតុនេះ ការអានអាចធ្វើឱ្យមនុស្សទទួលបាននូវ​មេរៀនជាច្រើនដែលគ្មានបង្រៀននៅក្នុងសាលា ហើយក៏ទទួលបាននូវ​ផ្នត់គំនិតរាប់មិនអស់ដើម្បីយកទៅអភិវឌ្ឍ​រាល់សកម្មភាព និងការគិតរបស់ខ្លួន​ដើម្បីក្លាយជាមនុស្សប្រកបដោយសក្តានុពលម្នាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia បានលើកឡើងថា មនុស្សដែលស្ថិតក្នុងភាពក្រីក្រភាគច្រើនបន្ទោសសង្គម បន្ទោសព្រេងវាសនា តែមិនព្រម​សិក្សាពីបុគ្គលជោគជ័យដែលគេធ្វើ។ បុគ្គលជោគជ័យ​តែងតែស្វែងរកគំនិតជាមុន ហើយខិតខំប្រឹងប្រែង​ពុះពារគ្រប់ឧបសគ្គ​ដើម្បីឱ្យគំនិតរបស់គេបានសម្រេច។

លោក គីម ដារ៉ា បាននិយាយថា៖ «មុននឹងបន្ទោសចំណុចក្រៅខ្លួននានា សូមគិតខ្លួនឯងទៅវិញមើលថា ខ្លួនអ្នកបានធ្វើអ្វីខ្លះហើយ? បើសូម្បីតែសៀវភៅមួយក្បាលមិនហ៊ានចំណាយលុយទិញ មិនទាំងចំណាយពេលអាន យើងនឹងមិនអាចប្រមូលផ្តុំគំនិតដើម្បីអភិវឌ្ឍខ្លួនឯងបាននោះទេ»។

លោកដារ៉ា បានបញ្ជាក់ថា ភាពជោគជ័យគឺចាប់ផ្តើមចេញពីខ្លួនឯង សូមឈប់បន្ទោសសង្គម ឈប់បន្ទោសវាសនា ហើយចាប់ផ្តើមពង្រឹងសមត្ថភាពរបស់ខ្លួនឯងតាមរយៈការអានពីឥលូវនេះដើម្បីបង្កើនសមត្ថភាពពីខាងក្នុងដើម្បីទទួលបានជោគជ័យក្នុងជីវិត។

បើតាម​លោក ដារ៉ា ការទទួលយកគំនិតពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិត ព្រោះថាការបន្តរៀនពីបទពិសោធល្អៗពីក្នុងសៀវភៅ​អាចជាពន្លឺយ៉ាងត្រចះត្រចង់ដើម្បីធ្វើឱ្យ​មនុស្សគ្រប់គ្នាអាចរកផ្លូវល្អសម្រាប់ខ្លួនឯងបាន ហើយ​ភាពជោគជ័យក្នុងជីវិតគឺកើតឡើងពីខ្លួនឯង។ គ្មានមជ្ឈដ្ឋានខាងក្រៅណាអាច​ជួយយើងបានទេប្រសិនបើយើងមិនព្យាយាមជួយខ្លួនឯងតាមរយៈការចាប់ផ្តើមខិតខំយ៉ាងអស់លទ្ធភាពដើម្បី​ទទួលយកគំនិត​ និងវីធីសាស្ត្រ​ល្អៗដាក់ក្នុងគំនិត៕

Advertisement