មនុស្សគួរបង្កើតការអភ័យទោសឱ្យច្រើន តែត្រូវចងចាំទុកដើម្បីដោះស្រាយបញ្ហាលើកក្រោយ

ក្នុងការ​រស់នៅ​របស់​មនុស្សម្នាក់ៗ បើទោះបីជា​យើង​ជា​មនុស្ស​ដែល​ប្រុងប្រយ័ត្ន ឬ​ចង់បាន​សេចក្តីសុខ​ប៉ុណ្ណា​ក៏ដោយ ក៏​ពេលខ្លះ​មាន​មនុស្ស​ជុំវិញខ្លួន​នៅតែ​អាចបង្កើត​កំហុស និង​ធ្វើឱ្យ​យើង​ទាស់ចិត្ត​ដែរ។ ហេតុនេះ​ប្រសិនបើ​យើង​គ្រប់គ្រង​ស្ថានភាព​ផ្លូវចិត្ត​មិនល្អ យើង​នឹង​អាច​ក្លាយ​មនុស្ស​មាន​បញ្ហា ឬ​បាត់បង់​សេចក្តីសុខ តែ​ប្រសិនបើ​យើង​ឆ្លើយតប​ល្អ​ជាមួយនឹង​ស្ថានភាព​ខាងក្រៅ​នេះ យើង​នឹង​អាច​រស់នៅក្នុង​ភាព​ស្ងប់​សុខ និង​រីកចម្រើន។

លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន Mengly J.Quoch Edication បាន​លើកឡើងថា លើ​ផែនដី​យើង​នេះ គ្មាន​នរណាម្នាក់​ត្រូវ​រហូត​នោះទេ ហើយក៏​គ្មាន​នរណាម្នាក់​ខុស​រហូត​នោះដែរ អ្វីដែល​សំខាន់ នៅពេល​ខ្លួន​ធ្វើ​ខុស តើ​ចេះ​ទទួលកំហុស​និង​កែខ្លួន​ឱ្យ​ល្អ​ឡើងវិញ​ឬ​អត់? ដូច្នេះ​នៅពេល​មាន​នរណា​ធ្វើ​ខុស​អ្វីមួយ​ចំពោះ​យើង យើង​ត្រូវតែ​ចេះ​លើកលែងទោស​ឱ្យគេ ហើយ​បំភ្លេចចោល​នូវ​អតីតកាល​ដ៏​ជូរជត់​ទាំងនោះ ប៉ុន្តែ​ត្រូវ​ចងចាំ​ទុកជា​បទពិសោធ ជា​មេរៀន​សម្រាប់​ជីវិត នោះ​ទើប​យើង​មិន​ប្រែ​បរាជ័យ​នៅ​ថ្ងៃក្រោយ។

លោក​ថា នៅពេល​បុគ្គលិក​ធ្វើ​ខុស​ម្ដង​ពីរដង លោក​មិនដែល​ចាប់ទោស​អូស​ដំណើរ​ពួកគាត់​នោះទេ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​គាត់​តែង​អភ័យទោស និង​មិនមាន​គំនិត​គុំកួន​នោះទេ ប៉ុន្ដែ គាត់​គ្រាន់តែ​ចាំ​ក្នុង​ចិ​ត្ដ​ថា មនុស្ស​នោះ​បើ​គាត់​មករក​ទៀត​ត្រូវ​ប្រយ័ត្ន​បន្ដិច ហើយ​មិនដែល​បោះបង់​ទេ មានន័យថា គ្រាន់តែ​ប្រយ័ត្ន​បន្ដិច និង​ពញ្ញាក់​អារម្មណ៍​ខ្លួនឯង​គ្រប់ពេល​ពី​បុគ្គល​នោះ។ ប៉ុន្ដែ​បើ​សួរ​លោក​ថា តើ​លោក​គុំកួន​គាត់​ទេ? ចម្លើយ​គឺថា​អត់​ទេ! គាត់​ឆ្លើយថា​គាត់​បែរជា​មាន​អារម្មណ៍​អាណិត​គាត់ និង​មាន​មេ​ត្ដា​ធម៌​ចំពោះ​បុគ្គល​នោះ​ទៅវិញ ព្រោះ​អាច​ថា​ដោយសារតែ​គាត់​មាន​ភាព​លោភលន់​និង​អាត្មានិយម ទើប​នាំឱ្យ​គាត់​ពូកែ​លេបសម្តី​ខ្លួនឯង ចូលចិត្ត​ការនិយាយ​បាតដៃ​ខ្នងដៃ មាន​ច​រិ​ក​ក្រឡេក​ក្រ​ឡុ​ច ឬ​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ រណេបរណប អែបអប និង​ពូកែ​រករឿង ឈ្នានីស​គេឯង​បែបនេះ។

សហគ្រិន​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា នៅពេល​លោក​មិន​ខឹង មិន​គុំកួន បុគ្គលិក​ខ្លួន​មួយចំនួន​បាន​សួរ​លោក​ថា “តើ​មាន​មូលហេតុ​អ្វីដែល​ធ្វើឱ្យ​លោក​ក្លាយទៅជា​មនុស្ស​មិនចេះ​គុំកួន មិនចេះ​ចាប់ទោស​អូស​ដំណើរ​បែបនេះ?” លោក​តប​ទៅ​គាត់​ថា “ដោយសារ​លោក​ធ្លាប់​ឆ្លងកាត់​ភាពលំបាក​ច្រើនដង លោក​ធ្លាប់​ត្រូវគេ​ធ្វើបាប ម្យ៉ាង​លោក​នឹកឃើញ​កាលពី​ក្មេង លោក​គឺជា​ក្មេង​ដ៏​កាច​ម្នាក់។ លោក​តែង​ឈ្លោះ​គ្នា និង​វាយ​គ្នា និយាយ​រួម​ថ្ងៃ​ណា​ក៏​វាយ​គ្នា​ដាច់​មុខ​អស់​ដែរ ហើយ​វា​គួរឱ្យ​អស់សំណើច​ណាស់ កាលពី​ក្មេង​គេ​ហៅ​លោ​កថា​មាត់​គូទ​មាន់ និង​អា​មេខ្យល់​ពូកែ​សន្សំរឿង ធ្វើឱ្យ​គាត់​គ្មាន​អារម្មណ៍​សុខ​ស្ងប់​នោះទេ។ លុះដល់​ពេល​ធំ​ឡើង លោក​មាន​អារម្មណ៍​ថា មិន​ចង់​កាច​ដូច​ពី​ក្មេង​ទៀត​ទេ។ ដូច្នេះ​បច្ចុប្បន្ននេះ រឿង​ឈ្លោះ​គ្នា រឿង​គុំកួន​គ្នា និង​រឿង​ធ្វើបាប​គេ គឺ​លោក​មិន​ចូលចិត្ត​ធ្វើ​នោះទេ។ ដូច្នេះហើយ​ទើប​ឧកញ៉ា​រូបនេះ​មិន​ចូលចិត្ត រឿង​មេខ្យល់​ចាក់​ចូ​ច​សន្សំរឿង​បែបនេះ។ លោក​ថា វា​ពិត​ជាមាន​វិប្បដិសារី​ណាស់​ចំពោះ​ឥរិយាបថ​កាលនោះ។

ដូច្នេះ គាត់​ជឿជាក់​យ៉ាង​មុតមាំ​ថា បើ​មនុស្ស​គ្រប់រូប​សុទ្ធតែ​គ្មាន​ចិត្ត​គុំកួន​គ្នា សុទ្ធតែ​ចេះ​អភ័យទោស​ឱ្យ​គ្នា នោះ​សង្គម​កម្ពុជា​យើង​ប្រាកដជា​ពោរពេញ​ទៅដោយ​សុខសន្តិភាព​មិនខានឡើយ៕

Advertisement