គំនិត​ច្នៃប្រឌិត​ ភាគច្រើន​ជា​ស្នាដៃ​កើត​ចេញពី​រឿង​ដែល​មនុស្ស​ជុំវិញ​ខ្លួន​ជំទាស់​

ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ យុវជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗហើយដែល​អាចប​ង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ និង​បង្កើត​សមិទ្ធផល​ទាំង​ខាង​វិទ្យាសាស្ត្រ​ និង​សង្គម​បាន​យ៉ាង​ល្អ​តែ​ទន្ទឹម​នឹង​ចំណុច​វិជ្ជមាន​មួយ​នេះ​ យុវជន​ដែល​តស៊ូ​សម្រេចជោគជ័យ​លើ​របក​គំ​ហើញ​ថ្មី​ៗទាំងអស់​នោះ​ តែងតែមាន​ចំណុច​ត្អូញត្អែរ​មួយ​រួមគ្នា​ថា​ ខ្វះ​ការ​លើកទឹកចិត្ត​ និង​មិនសូវ​ទទួល​បានការ​គាំទ្រ​មុន​ពេល​ពួកគេ​សម្រេចជោគជ័យ​។

កញ្ញា​ ហេង​ សុវណ្ណ​មុ​នី​នុ​ត អ្នក​បច្ចេកវិទ្យា​វ័យក្មេង​កម្ពុជា​មួយ​រូប​ដែល​បាន​កាន់​ពានរង្វាន់​នវានុវត្តន៍​វិទ្យាសាស្ត្រ​ជាច្រើន​ពី​អន្តរជាតិ​ បាន​លើកឡើង​ថា​មុន​កញ្ញា​ទទួល​បាន​ជោគជ័យ​លើ​គម្រោង​ទាំងអស់​នេះ​ កញ្ញា​មិនសូវ​ទទួល​បាន​ ការ​លើកទឹកចិត្ត​ឱ្យ​ខិតខំ​លើ​ផ្នែក​បច្ចេកវិទ្យា​នេះ​ប៉ុន្មាន​ទេ​ ព្រោះ​កញ្ញា​ជា​មនុស្ស​ស្រី​ ហើយ​ការងារ​ផ្នែក​នេះ​ ភាគច្រើន​មនុស្ស​ប្រុស​ជា​អ្នកធ្វើ​។ ក្រៅពី​នេះ​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ខាងលើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ការស្វែងរក​គំនិត​បង្កើត​ថ្មី​មិនមែន​ជា​រឿង​លំបាក​ពេក​នោះ​ទេ​ ប្រសិនបើ​យើង​មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​ និង​មាន​ជំនឿ​ចិត្តរឹង​មាំ​ថា​ យើង​ពិតជា​ចង់​ធ្វើ​វា​ឱ្យ​បានសម្រេច​ប្រាកដ​មែន​។មិនថា​កាលៈទេសៈ​ណាក៏ដោយ​ ពេលខ្លះ​យើង​អាច​មើលឃើញ​ឱកាស​នៅក្នុង​ឧបសគ្គ​ប្រសិនបើ​យើង​មានគំនិត​វិជ្ជមាន​។ ជាក់ស្តែង​ប្រសិនបើ​យើង​គេ​ហាម​យើង​មិន​ឱ្យធ្វើ​អ្វី​ដែល​យើង​ស្រឡាញ់​ ហើយ​យើង​ក៏​ជឿ​តាម​អ្នកដទៃ​ បន្ទាប់មក​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួនឯង​ យើង​នៅតែ​មិន​អាច​ប្រើប្រាស់​ភាព​ច្នៃប្រឌិត​របស់​យើង​ដើម្បី​សម្រេចការ​ងារ​ដែល​យើង​ចង់បាន​នោះ​ជា​រៀង​រហូត​។ តែ​ប្រសិនបើ​យើង​មានចិត្ត​វិជ្ជមាន​ យើង​នឹង​មើលឃើញ​ថា​ អ្នកដទៃ​ដែល​ជំទាស់​ជាមួយ​យើង​នោះ​ គឺ​ដោយសារ​គាត់​មិនមែន​ជា​រូបយើង​ ហើយ​គាត់​មិន​យល់​ច្បាស់​ពី​បញ្ហា​ និង​ឱកាស​ដូច​យើង​នោះ​ទេ​ ហេតុនេះ​យើង​អាច​នឹង​ធ្វើ​ឱ្យ​គាត់​ឃើញ​ និង​បង្ហាញ​គាត់​ទៅវិញ​ថា​ យើង​អាច​ធ្វើ​បាន​។

កញ្ញា​ ហេង​ សុវណ្ណ​មុ​នី​នុ​ត បាន​និយាយ​ថា​៖ “ពេលខ្លះ​ខ្ញុំ​ធ្លាប់​មិនសូវ​សប្បាយចិត្ត​ដែរ​នៅពេល​ដែលគេ​ជំទាស់​លើ​គំ​និ​តថ្មី​ៗទាំងអស់​នោះ​ តែ​ក្រោយមក​ខ្ញុំ​ប្តូរ​ផ្នត់គំនិត​ថា​ គ្មានអ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ប្រសិនបើ​យើង​ស្រឡាញ់​វា​ពិតប្រាកដ​”។

កញ្ញា​ សុវណ្ណ​មុ​នី​នុ​ត បាន​បន្ថែម​ទៀត​ថា​ នៅពេល​ដែល​យើង​ចង់​ច្នៃប្រឌិត​របស់​ថ្មី​ លុះត្រាតែ​យើង​មានគំនិត​ខុសពី​គេ​ ហេតុនេះ​នៅពេល​គេ​មិន​យល់ស្រប​ វា​គ្មាន​ហេតុផល​អី​ដែល​យើង​ត្រូវ​បាក់ទឹកចិត្ត​នោះ​ទេ​ តែ​យើង​អាច​ប្រើប្រាស់​ឧបសគ្គ​ទាំងអស់​នោះ​មក​ដាស់​ស្មារតី​ឱ្យ​យើង​កាន់តែ​មានចិត្ត​រឹងមាំ​ហើយ​ ដាច់ខាត​ត្រូវតែ​ប្រឹងប្រែង​តស៊ូ​គ្រប់​កាលៈទេសៈ​ កុំ​បោះបង់​។

អ្នកច្នៃប្រឌិត​មួយ​រូប​ទៀត​ដែល​បាន​បង្កើត​កម្មវិធី​បច្ចេកវិទ្យា​សម្រួល​ដល់​ការ​ធ្វើដំណើរ​ លោក​ ហុង​ សេង​ថៃ​ បាន​លើកឡើង​ថា​ គំនិត​របស់​លោក​ដើមឡើយ​គ្មាន​អ្នកណា​គាំទ្រ​ទេ​ ហើយក៏​គ្មាន​អ្នកណា​ជឿ​ថា​ វា​អាច​ធ្វើ​ទៅ​បាន​ដែរ​ តែ​អ្វី​ដែល​លោក​មើលឃើញ​គឺ​បញ្ហា​មិនមែន​ស្ថិតនៅ​លើ​មាត់​អ្នកដទៃ​នោះ​ទេ​ តែ​ជា​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ឱ្យ​បាន​។ លោក​និយាយ​ថា​ កុំ​ខ្វល់ខ្វាយ​ ឬយកគំនិត​អវិជ្ជមាន​របស់​អ្នកដទៃ​មក​ដាក់​ក្នុងចិត្ត​ច្រើនពេក​ ប្រសិនបើ​យើង​ពិតជា​ចង់​បង្កើត​ផលិតផល​ថ្មី​ដែលគេ​មិនធ្លាប់​ធ្វើ​ពីមុន​មក​ ហើយក៏​កុំ​គិតថា​គំនិត​ទាំងអស់​នោះ​ត្រូវ​តែ​ធំៗ​ ទើប​អាច​ធ្វើ​បាន​នោះ​។ ពេលខ្លះ​គំ​និ​តតូច​ៗដែលគេ​មិន​ចាប់អារម្មណ៍​ក៏អាច​ក្លាយជា​ចំណុច​ល្អ​ផង​ដែរ​សម្រាប់​យើង​ជ្រើសរើស​យក​មក​ច្នៃ​ ហើយ​ក្រោយពេល​យើង​ច្នៃ​វា​បានសម្រេច​ នោះ​វា​នឹង​ក្លាយជា​រឿង​ធំ​ ដែល​មនុស្សជា​ច្រើន​ពេលនោះ​នឹង​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ចំពោះ​យើង​មិនខាន​។

លោក​ ហុង​ សេង​ថៃ​ បាន​និយាយ​ថា​៖ “យុវជន​កម្ពុជា​សូម​ចាប់ផ្តើម​មាន​សេចក្តី​ក្លាហាន​ក្នុង​ការបង្កើត​គំ​និ​តថ្មី​ៗឡើង​ បើ​ទោះ​ពី​ជា​មានការ​ជំទាស់​ ឬមិន​ទទួល​បានការ​គាំទ្រ​ក៏ដោយ​ ព្រោះ​ស្ថានភាព​ជាក់ស្តែង​នៅពេល​យើង​អនុវត្ត​វា​ យើង​នឹង​ដឹង​ថា​វា​ល្អ​ប្រសើរ​ជាង​ការ​បារម្ភ​របស់​យើង​ទៅទៀត​”។

លោក​ សេង​ថៃ​ បាន​លើកឡើង​ផង​ដែរ​ថា​ យើង​ម្នា​ក់ៗ​អាច​ចាប់ផ្តើម​បង្កើត​គំនិត​ច្នៃប្រឌិត​ ឬផលិតផល​ថ្មី​បាន​គ្រប់ពេលវេលា​ ព្រោះ​ឱ្យ​តែ​មានគំនិត​ថ្មី​គឺ​វា​ស្មើនឹង​ការ​ចាប់ផ្តើម​ដើររក​ច្រកចេញ​មួយ​ទៅកាន់​គោលដៅ​ដែល​យើង​ចង់ទៅ​នោះ​។ ជាក់ស្តែង​ប្រសិនបើ​យើង​ធ្វើ​ យើង​អាច​នឹង​ធ្វើខុស​ ឬធ្វើ​ត្រូវ​ តែ​ប្រសិនបើ​យើង​មិនធ្វើវិញ​នោះ​ យើង​នឹង​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទាំងអស់​។ ការ​ចាប់ផ្តើម​គំនិត​បង្កើត​ថ្មី​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ភ្ញាក់ផ្អើល​ ហើយ​មាន​មោទនភាព​នៅ​ទី​ចុងបញ្ចប់​ ហេតុនេះ​កុំ​បារម្ភ​ពេក​ ព្រោះ​នៅពេល​ដែល​យើង​ដើរទៅ​ជួប​ឧបសគ្គ​ យើង​នឹង​ព្យាយាម​ស្វែងរក​ច្រកចេញ​ដោយឯកឯង​ ហើយ​បន្តិច​ម្តង​ៗយើង​នឹង​កាន់តែ​ច្បាស់​ឡើង​ៗ ហើយ​ក្រោយពេល​បញ្ចប់​សកម្មភាព​ទាំងអស់​នោះ​ បើសិន​យើង​ងាក​មក​មើល​ក្រោយ​វិញ​ យើង​នឹង​មើលឃើញ​ថា​ យើង​បាន​ធ្វើ​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​ជាច្រើន​ ដែល​សូម្បីតែ​ពេលខ្លះ​ក៏​យើង​សឹងតែ​មិន​ជឿ​ថា​ យើង​អាច​ធ្វើ​វា​បាន​ផង​ពីមុន​មក​ ហើយ​ប្រសិនបើ​យើង​បោះបង់​វា​ចោល​តាមអ្វី​ដែល​អ្នកដទៃ​រិះគន់​វិញ​នោះ​ យើង​នឹង​មិន​អាច​មាន​ថ្ងៃនេះ​ឡើយ​៕

Advertisement