ហេតុអ្វីមនុស្សមិនសូវខ្លាចការស្លាប់ដោយសារបញ្ហាធ្ងន់ៗជាច្រើនលើពិភពលោក ហើយបាក់ស្បាតខ្លាំងលើ Covid-19?

ជារៀងរាល់ឆ្នាំស្ថាប័ន CDC (Centers for Disease Control and Prevention) បញ្ជាក់ថានៅលើពិភពលោកមានមនុស្សស្លាប់ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ 1.35លាននាក់។ ហើយបើគិតជាថ្ងៃគឺមានមនុស្សប្រមាណ 3,700នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ចំនួននេះគឺលើសជំងឺកាចសាហាវមួយចំនួនដូចជាជំងឺអេដស៍ ឬជំងឺផ្សេងៗទៀតដែលបានវាយប្រហារពិភពលោក។

ងាកមកជំងឺមហារីកវិញ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា វាជាករណីចម្បងទី2 ដែលសម្លាប់មនុស្សរាល់ថ្ងៃ ដោយមនុស្សប្រហែល 1 ក្នុងចំណោម 6នាក់ដែលបានស្លាប់លើពិភពលោកគឺបាត់បង់ជីវិដោយសារមហារីក។ នៅឆ្នាំ 2018 មនុស្សប្រហែលជា 9.6លាននាក់បានស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោក។

អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ផងដែរថា មានមនុស្សស្លាប់ដោយសារតែសម្ពាធផ្លូវចិត្ត (depression) កើតឡើងប្រមាណជិត 800,000នាក់ជារៀងរាល់ឆ្នាំលើពិភពលោក។ បញ្ហាទាំងអស់នេះថ្វីត្បិតតែអាចដឹងពីមូលហេតុ និង​មានវិធីសាស្រ្តព្យាបាល តែគ្មានក្បួនច្បាប់ជាក់លាក់ណាដែលអាចព្យាបាលបានទាំងស្រុងនោះទេ។ ហើយវាក៏មិនរើសប្រទេសអភិវឌ្ឍជឿនលឿន ឬប្រទេសក្រីក្រនោះដែរ។

បើមើលពីទន្នន័យខាងលើយើងឃើញថាមានមនុស្សស្លាប់បាត់បង់ជីវិតច្រើនណាស់ ហើយចំនួននេះគឺលើសពីចំនួននាក់ស្លាប់ដោយសារ Covid-19 នាពេលបច្ចុប្បន្ននេះ។ តែហេតុអ្វីបានជាមនុស្សមិនសូវភ័យខ្លាចជាមួយនឹងបញ្ហាទាំងអស់នោះ តែបែរជាភ័យព្រួយខ្លាំងលើរឿង Covid-19 ទៅវិញ?

បើតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត គួច ម៉េងលី ដែលបានបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានបញ្ជាក់ថា មនុស្សព្រួយបារម្ភខ្លាំងលើបញ្ហា Covid-19 ដោយសារតែនេះជាជំងឺថ្មីដែលពិភពលោកទើបតែជួបប្រទះ ហេតុនេះហើយទើបមនុស្សម្នាទាំងអស់គ្នាចាប់អារម្មណ៍ខ្លាំង និងភ័យខ្លាច។ តែទោះជាយ៉ាងនេះក្តីប្រសិនបើយើងយល់ច្បាស់ពីវិធីបង្ការវាឱ្យបានត្រឹមត្រូវ យើងនៅតែអាចបន្តរស់នៅជាប្រក្រតី និង​អាចរំលត់អារម្មណ៍ព្រួយបារម្ភបានបន្តិចម្តងៗទៅតាមពេលវេលា និងកាលៈទេសៈដែលមនុស្សកំពុងប្រឆាំងការរីករាតត្បាតនៃជំងឺនេះ។

ឆ្លើយតបជាមួយនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាក៏បានលើកឡើងផងដែរថា មូលហេតុដែលធ្វើឱ្យប្រទេសមានប្រព័ន្ធសុខាភិបាល​រឹងមាំនានាលំបាកទប់ស្កាត់ការរីករាលដាល និងព្រួយបារម្ភពីមេរោគ Covid-19 គឺដោយសារតែជំងឺនេះជាជំងឺថ្មីសម្រាប់ពិភពលោក។ ហេតុនេះមិនថាប្រទេសតូច ឬប្រទេសធំនោះទេ គួរផ្តោតលើការទប់ស្កាត់មេរោគ covid-19 គឺវិធីសាស្រ្តក្នុងការគ្រប់គ្រងទៅវិញទេទើបជាមូលហេតុចម្បង។ លោកស្រីថាប្រសិនបើយើងមានវិធីសាស្រ្តគ្រប់គ្រងការរីករាលដាលបានល្អ ប្រជាជន​យកចិត្តទុកដាក់អនុវត្តវិធានការណែនាំច្បាស់លាស់របស់អាជ្ញាធរសុខាភិបាល នោះបញ្ហានៃការរីករាលដាលក៏នឹងអាចថមថយទៅតាមនោះដែរ។ ម្យ៉ាងវិញទៀតវាក៏អាស្រ័យលើដំណាក់កាលនៃការទប់ស្កាត់ផងដែរ។ ប្រទេសខ្លះទើបនឹងចាប់ផ្តើមទប់ស្កាត់ខ្លាំងនៅពេលដែលវាមាន​មានការរីករាលដាល់ធ្ងន់ធ្ងរទៅហើយ ទើបធ្វើឱ្យពួកគេជួបបញ្ហាធ្ងន់ ហេតុនេះប្រសិនបើយើងទប់ស្កាត់បានភ្លាមៗក្នុងដំណាក់កាលដែលវាមិនទាន់រីករាលដាលខ្លាំង នោះស្ថានភាពក៏អាចល្អប្រសើរទៅតាមនោះដែរ។

បើមើលលើការបកស្រាយខាងលើ យើងនឹងឃើញថា​ដោយសារតែបញ្ហា Covid-19 ជារឿងថ្មី និងមិនទាន់រកឃើញវិធីសាស្រ្តព្យាបាលច្បាស់លាស់ទើបមនុស្សគ្រប់គ្នាព្រួយបារម្ភជាងរឿងកាចសាហាវនានា ដែលកំពុងសម្លាប់មនុស្សលើពិភពលោកជារៀងរាល់ថ្ងៃនេះ។ ហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជំងឺមហារីក និងបញ្ហាផ្លូវចិត្តជាដើម​ជាបញ្ហាចាស់ដែលមនុស្សសាំជាមួយនឹងវារហូតដល់លែងបារម្ភទៅហើយទើបមនុស្សមិនសូវចាប់អារម្មណ៍។

សំណួរសួរថា នៅថ្ងៃអនាគត តើអារម្មណ៍ភ័យខ្លាច​របស់មនុស្សចំពោះបញ្ហា Covid-19 អាចនឹងសាបរលាបដូចបញ្ហាទាំងឡាយខាងលើដែរឬទេ?

ចម្លើយគ្មានអ្នកណាស្មានបាននោះទេ តែបើមើលពីចរន្តនៃបញ្ហាទាំងអស់នោះយើងនឹងឃើញថា ករណីអាចនៅតែមានបើទោះបីជាស្ថានភាពជាក់ស្តែងមិនប្រាកដថាកើតឡើងក៏ដោយ។ ជាក់ស្តែងបើយើងមើលពីដើមហេតុ​នៃបញ្ហាទាំងអស់នោះវិញ យើងនឹងឃើញថាមនុស្សខ្លាច Covid-19 ដោយសារវាមិនទាន់មានវិធីព្យាបាលច្បាស់លាស់ មិនទាន់មានវ៉ាក់សាំងការពារ និង​ជារឿងថ្មី។ ចុះបើវាក្លាយជារឿងចាស់ទៅវិញនៅថ្ងៃណាមួយ?

បើមើលពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ យើងនឹងឃើញថា វាក៏អាចរាប់ថាជាមេរោគ​ដែលគ្មានថ្នាំព្យាបាលជាដែរ ព្រោះលើពិភពលោកប្រទេសទាំងអស់ខំប្រឹងប្រែងអប់រំផង ដាក់កាមេរ៉ាសុវត្ថិភាពតាមផ្លូវផង បង្កើតច្បាប់ផង តែវានៅតែកើត និងសម្លាប់មនុស្សរាប់លាននាក់រាល់ឆ្នាំ។ ហេតុនេះមកដល់ពេលនេះ គ្មានក្បួនច្បាប់ ឬអ្នកប្រាជ្ញណា​ធានាថាមានរូបមន្តព្យាបាលបញ្ហាសង្គមនេះជាសះស្បើយ 100% នោះទេ។ ចុះហេតុអ្វីបានជាមនុស្សបច្ចុប្បន្នមិនសូវខ្លាចវា? ចម្លើយ គឺដោយសារតែវាជារឿងចាស់ដែលដល់ដំណាក់កាលមនុស្សលែងខ្លាចវាហើយ។

ហេតុនេះទោះក្នុងភាគរយតិចក៏ដោយ យើងឃើញថាបន្តិចម្តងៗមនុស្សលើពិភពលោកនឹងចាប់ផ្តើមរំសាយចិត្តចំពោះភាពភ័យខ្លាចជំងឺ Covid-19 ហើយដំណើរការសេដ្ឋកិច្ច និងការភាពប្រក្រតីនៅលើពិភពលោកអាចនឹងចាប់ផ្តើមកើតឡើងវិញ។ ឆ្លងតាមមេរៀននេះ មនុស្សអាចនឹងបង្កើតទម្លាប់អនាម័យឱ្យបានច្រើនជាងមុន ការពារសុខភាពច្រើនជាងមុន ហើយយល់ដឹង និងចូលរួមបង្ការមេរោគនេះកាន់តែល្អឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាលែងក្លាយជាបញ្ហាគម្រាមកំហែងសម្រាប់ពិភពលោកទាំងមូល៕

Advertisement