Ignite Phnom Penh ជា​វេទិកា​និយាយ​សាធារណៈ​ខ្លី តែមាន​ន័យ​ខ្លឹម​សម្រាប់​ជីវិត

មនុស្សម្នាក់ៗតែងមាន​គំនិត និង​គន្លឹះ​ជោគជ័យ​សម្រាប់​ជីវិតរៀងៗខ្លួន ដែល​ប្រភព​ចំណេះដឹង និង​ការគិត​ទាំងអស់នោះ​គឺជា​កូនសោ​ដ៏​សំខាន់​ដែល​អាចធ្វើឱ្យ​ជីវិត​មានការ​អភិវឌ្ឍ ឬ​មាន​ភាព​រីកចម្រើន​ទៅមុខ។

ដើម្បី​ផ្តល់ឱកាស​ឱ្យ​មនុស្ស​គ្រប់គ្នា​ដែលមាន​គន្លឹះ​ជីវិតល្អៗបាន​ចែករំលែក​នូវ​អ្វី​ដែលជា​កូនសោ​ជីវិត​របស់ខ្លួន​ទៅកាន់​មនុស្ស​ជាច្រើន​ទៀត​នៅ​កម្ពុជា Ignite Phnom Penh បានរៀបចំ​វេទិកា​និយាយ​សាធារណៈ​ជា​បន្តបន្ទាប់​នាពេល​កន្លងមក។

Ignite Talks គឺជា​កម្មវិធី​និយាយ​ជា​សាធារណៈ​មួយ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ2006 នៅ​ទីក្រុង​ស៊ា​ថ​ល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយ​លោក Brady Forrest និង លោក Bre Pettis។ នា​ឆ្នាំ2016 Ignite Talks ត្រូវបាន​នាំមក​កាន់​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះថា Ignite Phnom Penh ហើយ​បាន​ប្រារព្ធ​ធ្វើ​ចំនួន2លើក ដោយមាន​ចំនួន​វាគ្មិន​សរុប31នាក់ និង​អ្នកចូលរួម​សរុប​ចំនួន​ជាង 1,500នាក់។

ប្រធាន​គ្រប់គ្រង​កម្មវិធី Ignite Phnom Penh លោក ជា សុខ​ហ៊ី បាន​លើកឡើងថា គោលបំណង​ដែល​នាំ​កម្មវិធី​នេះ​មក​កម្ពុជា​គឺ​ចង់​ពង្រឹងសមត្ថភាព​នៃ​ការនិយាយ​ជា​សាធារណៈ​ដល់​ប្រជាជន​គ្រប់រូប និង​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស យុវជន និង​កូន​ខ្មែរ​ទាំងអស់​អាច​ឡើង​និយាយ​ពី​គំនិត​របស់ខ្លួន​ដែល​ចង់​ចែករំលែក​ទៅ​សាធារណជន​ទាំងឡាយ។ ប្រធានបទ​មានការ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ ការលើក​ទឹក​ចិ​ត្ដ ការចែករំលែក​ពី​ភាពជោគជ័យ ក្ដី​ស្រមៃ និង​គោលដៅ​របស់ខ្លួន។

លោក សុខ​ហ៊ី បាន​និយាយថា ៖ “ចំណុច​ពិសេស​របស់​កម្មវិធី Ignite Phnom Penh គឺ​វាគ្មិននីមួយៗត្រូវធ្វើ​បទ​បង្ហាញ​ក្នុង​រយៈពេល​ត្រឹមតែ 5នាទី និង​ស្លាយ (Slide) ចំនួន20។ ចំណុច​នេះ​គឺ​តម្រូវឱ្យ​វាគ្មិននីមួយៗមានការ​ត្រៀម​រៀបចំខ្លួន​យ៉ាង​ល្អ។ អាស្រ័យហេតុនេះ វាគ្មិន​ទទួលបាន​បទពិសោធថ្មីៗដែល​ជួយ​ឱ្យ​ពួកគាត់​អាច​គ្រប់គ្រង​ពេលវេលា​ក្នុងការ​ធ្វើ​បទ​បង្ហាញ​ឱ្យបាន​ល្អ។

សហ​ស្ថាបនិក​កម្មវិធី​និយាយ​សាធារណៈ​ដែល​ប្រកបដោយ​គុណ​តម្លៃ​មួយ​នេះ​បាន​លើកឡើងថា កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ចំនួន 15 រូប​មកពី​គ្រប់​ស្ថាប័ន ដោយមាន​វាគ្មិន​មួយចំនួន​ជា​អ្នក​ដែលមាន​បទពិសោធ​នៅក្នុង​សង្គម​ជាច្រើន​ឆ្នាំ និង​វាគ្មិន​មួយចំនួនទៀត​ជា​សិ​ស្សា និស្សិត​ដែល​មកពី​វិទ្យាល័យ និង​មហាវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

Advertisement